ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ដាច់ក្បាលចេញពីស្មាស្តែងៗធ្លាក់ចូលគុម្ពោតព្រៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃបុកជាមួយម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា ដែលបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចរោងម៉ាស៊ីនកិនស្រូវតាណងប្រហែល៥០ម៉ែត្រ ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក សួន នីប៉ូ នាយផ្នែកចរាចណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សួន សុខនី ភេទប្រុស រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១R-២៨៦០ ។ ចំណែករថយន្តកែច្នៃ ពណ៌ខៀវ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
លោកបន្តថា ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះចរាចរណ៍ដ៏គួឲ្យរន្ធត់ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តកែច្នៃបើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ហើយស្របពេលមេឃកំពុងភ្លៀងក៏បុកជាមួយម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូដាច់ក្បាលធ្លាក់ចូលគុម្ពោតព្រៃស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកែច្នៃបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តកែច្នៃនៅកន្លែងកើតហេតុ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំពោះម៉ូតូនិងរថយន្តកែច្នៃត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបានខេត្ត ដើម្បីស្វែងរកអ្នកបើកបររថយន្តកែច្នៃឱ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ