រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវរកឃើញទីតាំងសិប្បកម្មដែកដំឡើងដងសន្ទូចសម្រាប់បំពាក់តាមរថយន្តស្ទូចទូកុងតឺន័រនិងសម្ភារធ្ងន់ៗគ្រប់ប្រភេទ ដែលពុំមានច្បាប់អនុញ្ញាត រួមទាំងទីតាំងសិប្បកម្មកែច្នៃគ្រឿងជ័រមួយកន្លែងផង ដែលគ្មានច្បាប់អនុញ្ញាតដូចគ្នាដែរ ។ សិប្បកម្មអត់ច្បាប់ទាំង២កន្លែងនោះ មានទីតាំងស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌខុះបិទផ្អាកអាជីវកម្ម កាលពីវេលាម៉ោង៩ន ិង១០នាទីថ្ងៃទី១១ ឧសភា នេះ ។

អាជ្ញាធរបានឲ្យដឹងថា សិប្បកម្មដែលត្រូវបានកម្លាំងចុះបិទទ្វារឈប់ឲ្យដំណើរការបណ្ដោះអាសន្នទាំង២កន្លែង ទី១-គឺជាសិប្បកម្មដែកដំឡងដងសន្ទូច ដែលមានយីហោ«នូវធារី»និងម្ចាស់ឈ្មោះ នូវ ធារី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ206k ផ្លូវ62R ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សិប្បកម្មនេះ មិនមែនផលិតដងសន្ទូចសម្រាប់ស្ទូចត្រីនោះទេ គឺដំឡងដងសន្ទូចសម្រាប់បំពាក់តាមរថយន្តស្ទូចទូកុងតឺន័រនិងសម្ភារៈធ្ងន់ៗផ្សេងៗនៅតាមក្រុមហ៊ុនដឹកជញ្ជូន ផែស្ងួត ឬការដ្ឋានសំណង់ជាដើម។ មិនតែបុណ្ណោះ ធ្វើអាជីវកម្មនេះគ្មានច្បាប់អនុញ្ញត្រឹមត្រូវឡើយ ។ កម្លាំងបានធ្វើការដកហូតយកសម្ភារមួយចំនួនដូចជាប៉ុស្តិ៍ផ្សា ម៉ាសុីនកាត់ដែក ជាដើមយកទៅរក្សាទុកបណ្ដោះអាសន្ន នៅសាលាខណ្ឌពោធិ៍សែនជ័យ។

ដោយឡែក សិប្បកម្មមួយទៀតដែលត្រូវបានរកឃើញថាអត់ច្បាប់អនុញ្ញាតដែរនោះ គឺជាសិប្បកម្មកែច្នៃជ័រ មានម្ចាស់ឈ្មោះវង សាយ ភេទប្រុស ទីតាំងស្ថិតនៅក្នុងភូមិទួសសាម៉ សង្កាត់កំបូល ជិតសិប្បកម្មដែកដំឡើងដងសន្ទូចនោះដែរ ។

ប្រភពដដែលបន្តថា នៅមុនពេលឈានដល់ការចុះបិទផ្អាកអាជីវកម្មសិប្បកម្មទាំង២ កម្លាំងបានធ្វើការស្រាវជ្រាវជាយូរមកហើយ។







ចែករំលែកព័តមាននេះ