ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​កុមារ​តូច​កំពុង​កើនឡើង​ខណៈ​ស្ត្រី​សម័យ​ថ្មី​ចង់​ឃើញ​កូន មាន​សមត្ថភាព ពេល​ធំ​ដឹងក្តី ទោះ​ក្លាយជា​បន្ទុក​ធ្ងន់​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា វិស័យ​អប់រំ​ទទួល​បានការ​វិនិយោគ​ពី​វិស័យ​ឯកជន​ជា​ច្រើន​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​គ្រប់​កម្រិត​នៅ​ក្នុង​ប្រទេស ពិសេស​ក្រុងភ្នំពេញ បាន​និង​កំពុង​ទាក់ទាញ​ទឹកចិត្ត​មាតាបិតា​សម័យ​ថ្មី ឱ្យ​វិនិយោគ​លើ​កុមារ​តូច​របស់​ខ្លួន​អស់ប្រាក់​រាប់រយ​ដុល្លារ ឬ​ដល់​ពាន់​ដុល្លារ​ក្នុង​ដំណាក់កាល​នីមួយ​ៗ ទោះបី​ដឹង​ថា​ការ​វិនិយោគ​មួយ​នេះ​ធ្វើ​ឱ្យ​បន្ទុក​ចំណាយ​ប្រចាំ​គ្រួសារ​ត្រូវ​កើនឡើង​ក្តី​។ ការ​វិនិយោគ​លើ​កុមារ​តូច​របស់​ស្ត្រី​សម័យ​ថ្មី​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា វិស័យ​អប់រំ​ទទួល​បានការ​វិនិយោគ​ពី​វិស័យ​ឯកជន​ជា​ច្រើន​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​គ្រប់​កម្រិត​នៅ​ក្នុង​ប្រទេស ពិសេស​ក្រុងភ្នំពេញ បាន​និង​កំពុង​ទាក់ទាញ​ទឹកចិត្ត​មាតាបិតា​សម័យ​ថ្មី ឱ្យ​វិនិយោគ​លើ​កុមារ​តូច​របស់​ខ្លួន​អស់ប្រាក់​រាប់រយ​ដុល្លារ ឬ​ដល់​ពាន់​ដុល្លារ​ក្នុង​ដំណាក់កាល​នីមួយ​ៗ ទោះបី​ដឹង​ថា​ការ​វិនិយោគ​មួយ​នេះ​ធ្វើ​ឱ្យ​បន្ទុក​ចំណាយ​ប្រចាំ​គ្រួសារ​ត្រូវ​កើនឡើង​ក្តី​។

ការ​វិនិយោគ​លើ​កុមារ​តូច​របស់​ស្ត្រី​សម័យ​ថ្មី​នេះ ក្នុង​ហេតុផល​គឺ​ចង់​ឃើញ ឬ​ចង់បាន​ពេល​កូន​ធំ​ដឹងក្តី​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការ​ប្រកបការងារ​និង​ការ​រស់នៅ​ក្នុង​សង្គម ស្ត្រី​សម័យ​ថ្មី​ក៏​មានការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​ស្ថាប័ន​អប់រំ ខុស​ប្លែក​ពី​ផ្នត់គំនិត​ឪពុក​ម្តាយ​ពី​ពេល​មុន​ៗ ទាល់តែ​កុមារ​គ្រប់​អាយុ​ត្រូវ​ចូល​រៀន​ទើប​បញ្ជូន​ទៅ​សាលា​ហើយ​ការ​ជំរុញ​ទឹកចិត្ត​មាន​លក្ខណៈ​ធម្មតា​។

អ្នក​ម្តាយ​សម័យ​ដែល​ទើប​មានកូន​ជា​លើក​ដំបូង​និង​ជា​ស្ត្រី​មេផ្ទះ​ផង​នោះ អ្នកស្រី ម៉េ​ង គាង បានឱ្យ​ដឹង​ថា «​ម្តាយ​គ្រប់​រូប​គឺ​ចង់ឱ្យ​កូន​ឆ្លាត​វៃ​, ចង់ឱ្យ​កូន​រៀន​បាន​គ្រប់គ្រាន់ ចង់ឱ្យ​កូន​បាន​រៀន​នៅ​តាម​សាលា​ល្អ ហើយ​អ្វី​ដែល​យើង​ទទួល​បាន​ត្រលប់​មក​វិញ ក៏​វា​ល្អ​ទៅ​តាម​នោះ​ដែរ ក្រៅពី​ចំណេះដឹង​ក្នុង​នោះ​សុជីវធម៌​ក៏​ល្អ​ដែរ​»​។ អ្នកស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្នុង​មួយ​ខែ​ៗ​គ្រាន់តែ​ចំណាយ​ទៅ​លើ​ការ​ស្លៀកពាក់​និង​ហូប​ចុក​ប្រចាំខែ​ចំណាយ​មួយ​ខែ​ៗ​មិន​ទាន់​យក​ទៅ​ចូល​រៀន​នេះ​អស់ប្រាក់​ពី ៣០០​ទៅ​៤០០​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​សម្រាប់​ការ​ចំណាយ​លើ​ការ​សិក្សា​ក្នុង​រយៈពេល​២០​ស​ប្តា​ហ៍​អស់ប្រាក់​ជាង​៥០០​ដុល្លារ​អា​មេ​រិ​ក គិត​ទៅ​តាម​កម្រិត​ជាក់ស្តែង​។

ទន្ទឹម​និង​ការ​បង់ថ្លៃ​សិក្សា​កុមារ​តូច​រៀន ស៊ឹង​តែ​ថ្លៃ​ជាង​មនុស្ស​ពេញវ័យ​រៀន​នៅ​តាម​វិទ្យាស្ថាន ឬ​សកល​វិទ្យាល័យ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ ស្ត្រី​សម័យ​ថ្មី​គ្រប់​រូប​មុន​នឹង​សម្រេចចិត្ត​យក​កូន​តូច​ទៅ​ចូល​រៀន​តាម​សាលា​ឯកជន​នេះ គឺ​មានការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​អំពី​ប្រវត្តិ​សាលា​នីមួយ​ៗ​។

អ្នកស្រី ង៉ួ​ន សុចិ​ត្រា បានឱ្យ​ដឹង​ថា «​មុន​នឹង​ខ្ញុំ​សម្រេចចិត្ត​នាំ​កូន​ទៅ​ចូល​រៀន​នៅ​សាលា​ណាមួយ​នោះ យើង​បាន​ស្រាវជ្រាវ​ថា​សាលា​នោះ​គាត់​ចាប់ផ្តើម​បើក​មាន​រយៈពេល​យូរ​ឆ្នាំ​ហើយ​ឬ​នៅ​, មានកូន​សិស្ស​ចូល​មក​រៀន​ច្រើន​ឬ​តិច​។ លើស​ពី​នេះ​នៅ​ពេល​សិស្ស​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នោះ​មានគុណ​ភាព​បែប​ណា​ដែរ​»​។ អ្នកស្រី​បាន​បន្ត​ទៀត​ថា ការ​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​នាំ​កូន​មក​ចូល​រៀន​នៅ​សាលា​ឯកជន ចំណាយ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់ ២​ពាន់​ដុល្លារ​សម្រាប់​កូន​ពីរ​នាក់ មិន​ព្រមយក​កូន​ទៅ​ចូល​រៀន​នៅ​សាលា​រដ្ឋ ដោយសារ​នៅ​តាម​សាលា​រដ្ឋការ​គ្រប់គ្រង​មាន​លក្ខណៈ​ទូលំទូលាយ តែ​ដោយឡែក​នៅ​តាម​សាលា​ឯកជន​គេ​មានការ​គ្រប់គ្រង​ដិត​ដល់ ផ្តល់​ភាព​កក់ក្តៅ​ដល់​ឪពុក​ម្តាយ​។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ជា​ស្ថា​និក​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន​អន្តរទ្វីប​អា​មេ​រិ​កាំ​ង បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ ខែ ឧសភា​នេះ​ថា កត្តា​មួយ​ដែល​មាតា​បី​តា​សម័យ​ថ្មី​ជ្រើសរើស​សាលា​ឯកជន មិនមែន​ដោយសារ​តែ​សាលា​មានគុណ​ភាព​មាន​តម្លៃ​ខ្ពស់​នោះ​ទេ គឺ​តម្លៃ​អាស្រ័យ​ទៅ​លើ​ទីផ្សារ​និង​ការ​ប្រែប្រួល​អតិផរណា​។ ការណ៍​នេះ​មាន​ន័យ​ថា​ឪពុក​ម្តាយ​នាំ​កូន​របស់​ខ្លួន​មក​រៀន​បាន​ក្នុង​តម្លៃ​សមរម្យ​ដែល​អាច​ឱ្យ​ពួក​គាត់​ទទួលយក​បាន ។ លោក​ឧកញ៉ា​បន្ត​ថា «​បច្ចុប្បន្ន​នេះ​បើ​តាម​ខ្ញុំ​ឃើញ សាលា​រដ្ឋ​និង​សាលា​ឯកជន​ដើរ​ទន្ទឹម​គ្នា ។ បើ​អត់​មាន​សាលា​ឯកជន​ចូលរួម​អាច​ធ្វើ​ឱ្យ​ខ្វះ​សាលារៀន ព្រោះ​សាលា​រដ្ឋ​កំពុង​មានការ​អភិវឌ្ឍ​ឬ​សាងសង់​សាលា​។ ខណៈ​ដែល​កំណើន​របស់​ពលរដ្ឋ​មានការ​កើនឡើង​ច្រើន​ក្នុង​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ដូចនេះ​មិន​ថា​ចូល​រៀន​នៅ​សាលា​ឯកជន​ឬ​សាលា​រដ្ឋ​នោះ​ទេ គឺ​មានគុណ​ភាព​ដូច​គ្នា ការ​បង្រៀន​ដូច​គ្នា​»​។ បើ​តាម​លោក​ឧកញ៉ា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​ទៅ​ក្នុង​វិស័យ​អប់រំ​មានការ​លូតលាស់​ខ្លាំង ប៉ុន្តែ​ទន្ទឹម​នឹង​ការ​លូតលាស់​នេះ​ក៏​មាន​សាលា​មួយ​ចំនួន​បាន​ក្ស័យ​ធុន​ដោយសារ​កត្តាសេដ្ឋកិច្ច​និង​កត្តា​សំខាន់​ផ្សេង​ទៀត​។

លោក​ឧកញ៉ា​លើក​ឡើង​ថា «​បើ​វិស័យ​ឯកជន​ឬ​បុគ្គល​រៀបចំ​សាលា​មិន​ពេញ​លក្ខណៈ​ជា​សាលារៀន​មាន​ស្តង់ដារ មាន​របៀប មាន​វិន័យ​ត្រឹមត្រូវ ផ្តល់​ចំណេះដឹង​ឱ្យ​កូន​គេ​បាន​យ៉ាង​ពិតប្រាកដ​នោះ​ឪពុក​ម្តាយ​នឹង​បន្ត​បញ្ជូន​កូន​គាត់​មក​រៀន​។ សាលា​ដែល​កំពុង​ដំណើរការ​មក​ដល់​សព្វ​ថ្ងៃនេះ​បាន​រួមចំណែក​ផ្តល់​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព​» ។ លោក​ឧកញ៉ា បន្ត​ថា នៅ​ប្រទេស​ណា​ក៏​ដូច​គ្នា​ដែរ ដើម្បី​ឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ​ជឿនលឿន​ទាល់តែ​ក្រសួង​អប់រំ​យកចិត្តទុកដាក់​ខ្លាំង​។ ដូច​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​អប់រំ​មានការ​គាំទ្រ​និង​ជំរុញ​ខ្លាំង ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការ​អប់រំ​នៅ​ស្រុក​ខ្មែរ​ឆាប់​ទាន់​សម័យកាល​ស្ថិត​នៅ​ក្នុង
តំបន់​។

យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក ឌី ខាំ​បូ​លី ធ្លាប់​មាន​ប្រសាសន៍​ថា «​មក​ដល់​ឆ្នាំ​២០១៨ គ្រឹះស្ថាន​អប់រំ​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជាង​១,៣​ម៉ឺន​សាលា ក្នុង​នោះ​សាលា​បឋម​សិក្សា​មាន​ប្រមាណ​៨​ពាន់​សាលា​, អនុ​វិទ្យាល័យ​១,៣​ពាន់​សាលា​និង​វិទ្យាល័យ​មាន​ជាង​៥០០​សាលា​។​គ្រឹះស្ថាន​អប់រំ​វិស័យ​ឯកជន​មាន​ប្រមាណ​១.២២០​សាលា​នៅ​គ្រប់​កម្រិតសិក្សា​» ។លោក​លើក​ឡើង​ថា «​នា​ពេល​កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន​នេះ ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​ឯកជន​ច្រើន ឬ​រដ្ឋ​ច្រើន វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ប្រទេស​យើង​គោរព​តាម​ទីផ្សារសេរី​។ អ្នក​ណា​ធ្វើ​បាន​ល្អ អ្នក​នោះ​ទទួល​បាន​ផល​។ តែ​បច្ចុប្បន្ន​សាលា​រដ្ឋ​យើង​ក៏​មានការ​រីក​ចម្រើន​មិន​អន់​ជាង​សាលា​ឯកជន​ប៉ុន្មាន​នោះ​ទេ ហើយ​នៅ​ថ្ងៃ​អនាគត​ក្រសួង​បង្កើន​គុណភាព ប្រសិទ្ធិ​ភាព និង​ការ​គ្រប់គ្រង​ក៏​ដូច​ការ​បង្រៀន និង​ការ​រៀន​។ ជាក់​ស្តែ​នៅ​សាលា​ជំនាន់​ថ្មី​ដែល​បង្កើត​ឡើង​ចំនួន​១១​សាលា​នៅ​ទូ​ទាំង​ប្រទេស គឺ​មាន​មាតាបិតា​យក​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ច្រើន សឹងតែ​រក​បន្ទប់​ឱ្យ​រៀន​គ្មាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ