ព្រះសង្ឃ និង​ពលរដ្ឋ​៣​គ្រួសារ​អំពាវនាវ​សុំ​អាជ្ញាធរ​ការពារ​ផ្នូរ​ដូនតា និង​ទី​បូជាសព​នៅ​ក្រុង​បា​វិត


ខេត្តស្វាយរៀង ៖​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​៣​គ្រួសារ អំពាវនាវ​រក​យុត្តិធម៌ និង​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ការពារ​ទីកន្លែង​បូជា​បញ្ចុះសព និង​ឃឿ​ន​តម្កល់​ធាតុ​ដូនតា ដែល​កំពុង​រង​ការ​ចាក់​ដី និង​ឈូស​ឆាយ​រំលោភ​យក​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ ដោយ​អយុត្តិធម៌​ពី​ក្រុម​គ្រួសារ​មួយ​ដោយ​សំអាង​ថា គេ​មាន​ប័ណ្ណកម្មសិទ្ធិ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​ផ្លូវលំ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ទួល​បូរាណ​ទី​បូជា និង​បញ្ចុះសព​ពី​សង្គម មក​មាន​ទំហំ​ទទឹង​១៤​ម៉ែត្រ បណ្តោយ​៦០​ម៉ែត្រ​ដែល​មាន​ផ្នូរ និង​ឃឿ​ន​តម្កល់​ធាតុ​ដូនតា និង​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ។

ករណី​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រង​គ្រោះ​អំពាវនាវ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៩ ឧសភា ២០១៩ នៅ​ភូមិ​ថ្នល់ទទឹង​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​អ្នកស្រី ញាណ​សឿ​ន អាយុ​៦១​ឆ្នាំ តំណាង​គ្រួសារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ដី​ទំនាស់​នេះ​គឺជា​ដី​ទួល​បុរាណ​សម្រាប់​បូជា និង​បញ្ចុះសព ហើយ​ដូនតា​គាត់​បាន​សាងសង់​ឃឿ​ន​តម្កល់​ធាតុ​តាំងពី​បុរាណ​មករ​ហូត​បច្ចុប្បន្ន​ពី​ដើម​ឡើយ គឺ​ផ្ទៃដី​ទទឹង​១៤​ម៉ែត្រ បណ្តោយ​៦០​ម៉ែត្រ ដែល​មាន​ផ្លូវ​រទេស បណ្តោយ​ទួល​ពី​ត្បូង​ទៅ​ជើង ហើយ​ខាងកើត​ទួល​មាន​ដីស្រែ​អំពក​១ ចាស់ទុំ​បាន​ដាំ​ដើម​ត្នោត ដើមឈើ​ព័ទ្ធ​ជុំវិញ​ស្រែ និង​ទួល​ជា​ដី​កេ​រ្ត៍​ពី​ដូនតា និង​សង់​អណ្តូងទឹក​១​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់ លុះ​ឆ្នាំ​១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា អ្នកស្រី និង​ក្រុម​គ្រួសារ​បងប្អូន​បាន​មក​រស់នៅ​ជិត​ទួល​បុរាណ​នេះ ដែល​ជា​ដី​កេ​រ្ត៍​ពី​ដូនតា ហើយ​បាន​គ្រប់គ្រង​ថែរក្សា​និង​ដាំ​ដើម​ស្វាយ​ជាង​១០​ដើម នៅ​លើ​ទួល​នេះ​ថែរក្សា​អណ្តូងទឹក​បុរាណ​ប្រើប្រាស់​បន្ត​ពុំ​មាន​ទំនាស់​ទេ ។

ចំណែក​ដីស្រែ​អំពក​១​ប៉ែក​ខាងកើត​ទួល​លោក​មេ​ភូមិ​បាន​ដក​យក​ទៅ​ចែក​ឲ្យ​ឈ្មោះ​ភោ​ក សំ​អឿ​ន និង​ប្រពន្ធ​ឈ្មោះ​ស្រី​ផា ធ្វើស្រែ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដល់​ឆ្នាំ​១៩៩០​គាត់​បាន​ធ្វើ​របង​ការពារ​ដំណាំ​លើ​ទួល​នេះ និង​ផ្នូរ​ឃឿ​ន​ត​ម្ត​ល់​ធាតុ​ដល់​ឆ្នាំ​១៩៩១ ក៏​បាន​ជួសជុល​ឃឿ​ន​តម្កល់​ធាតុ​ដូនតា​ឲ្យ​បាន​ស្អាត ពុំ​មាន​ទំនាស់​ឡើយ ។ រហូត​ដល់​ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្នល់ទទឹង​បាន​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ (​ផ្លូវ​រទេស​អភិវឌ្ឍន៍​ជា​ផ្លូវលំ​) មន្ត្រី​សុរិយោដី​មិន​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ទេ ដោយ​ទុកជា​ចំណី​ផ្លូវ ហើយ​ដី​សល់​ពី​ចំណី​ផ្លូវ​តិចតួច​មិន​ចេញ​ប័ណ្ណ​ឲ្យ​ជា​កម្មសិទ្ធិ​ទេ ទុកជា​ដី​រដ្ឋ តែ​ទុក​ឲ្យ​ម្ចាស់​គ្រប់គ្រង​ថែរក្សា​ប្រើប្រាស់​ធម្មតា ។

ក្រោយ​ពី​ឈ្មោះ​ស្រី​ផា ទទួល​បាន​វិញ្ញាបនបត្រ​ម្ចាស់​កម្មសិទ្ធិ​ដាក់​ព្រំប្រទល់​ខាងលិច​ដល់​ផ្លូវលំ ទើប​ទំនាស់​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១៨ ឈ្មោះ​ស្រី​ផា ទាមទារ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ឈ្មោះ​ញាណ​សឿ​ន លើក​ឃឿ​ន​តម្កល់​ធាតុ​ដូនតា និង​កាប់​ដំណាំ​ដើមឈើ​យក​ចេញពី​មុខ​ដី​របស់​គេ ។ គ្រួសារ​ជន​រង​គ្រោះ​បាន​ប្តឹង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ លោក​អភិបាលរង​ខេត្ត​បាន​ដឹកនាំ​អ​ជ្ញា​ធរ​ក្រុង​សង្កាត់​មេ​ភូមិ និង​មន្ត្រី​សុរិយោដី​ក្រុង​ខេត្ត​ពិនិត្យ​ឃើញ​ថា ដី​ទំនាស់​ជន​រង​គ្រោះ​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៧៩​ត​ពី​ដូនតា មក​មាន​ឃឿ​ន​តម្កល់​ធាតុ​តាំងពី​បុរាណ​ដើម​ស្វាយ​ដើម​ត្នោត អណ្តូងទឹក​បុរាណ​នៅ​លើ​ទួល​នេះ ឯ​ភាគី​ម្ខាង​សំអាង​លើ​ប័ណ្ណកម្មសិទ្ធិ និង​យោង​ប្រកាស់​របស់​ក្រសួង វិវាទ​ដីធ្លី​ដែល​បាន​ចុះបញ្ជី​សុរិយោដី​រួច ហើយ​ជា​សមត្ថកិច្ច​របស់​តុលាការ​ទើប​អាជ្ញាធរ​ចេញ​លិខិត​ឲ្យ​ភាគី​ប្តឹង​ទៅ​តុលាការ​វិញ ។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​សេង​សិលា អភិបាល​នៃ​គណ​អភិបាលក្រុង​បា​វិត​បាន​មាន​ប្រសាសន៍​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ ឧសភា ឈ្មោះ​ស្រី​ផា និង​កូន​បាន​ទូរស័ព្ទ​សុំ​ចាក់​ដី លើ​ដី​ទំនាស់ ដើម្បី​ធ្វើ​ផ្លូវ​ចេញ​មក​រក​ថ្នល់ រូប​លោក (​សេង​សិលា​)​ឆ្លើយ​ថា ខ្ញុំ​មិន​ហ៊ាន​អនុញ្ញាតិ​ទេ ពីព្រោះ​ដី​នេះ​មាន​ទំនាស់ ហើយ​អាជ្ញាធរ​ខេត្ត​បាន​ចេញ​លិខិត​ឲ្យ​ភាគី​ទាំង​ពីរ​ទៅ​ដោះស្រាយ​នៅ​តុលារ បើ​ភាគី​ណា​ឈ្នះក្តី​យក​ទៅ ក៏​ប៉ុន្តែ​ភាគី​ស្រី​ផា និង​កូន​មិន​ប្តឹង​ទៅ​តុលាការ​បែរជា​ដឹក​ដី​យក​មក​ចាក់​តែ​ម្តង ទើប​ផ្ទុះ​ការ​តវា ។

លោក​សេង សិលា បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ធ្លាប់​បាន​សួរ​ទៅ​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ដែរ បញ្ហា​ផ្នូរខ្មោច​និង​ឃឿ​ន​តម្កល់​ធាតុ​នេះ​លោក​ប្រធាន​តុលាការ​មាន​ប្រសាសន៍​មិន​ឲ្យ​ប៉ះពាល់ ឬ​រុក​គួ​ន​ដល់​ផ្នូរ​បញ្ចុះសព ឬ​ឃឿ​ន​តម្កល់​ធាតុ​បាន​ទេ ។ បើ​តាម​លោក​មេ​ភូមិ​ថ្នល់ទទឹង​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ព្យាយាម​សម្របសម្រួល​សុំ​ដី​ជន​រង​គ្រោះ​ចំ​ព្រំ​ដី​ប៉ែក​ខាងត្បូង ចំនួន​៥​ម៉ែត្រ​ឲ្យ​ទៅ​ឈ្មោះ​ស្រី​ផា ដើម្បី​ធ្វើ​ផ្លូវ​ចេញ​គ្រួសារ​ជន​រង​គ្រោះ​បាន​យល់ព្រម​ឲ្យ​ដី​៥​ម៉ែត្រ​នោះ ក៏​ប៉ុន្តែ​ភាគី​ស្រី​ផា និង​កូន​មិន​ព្រម​ទទួលយក ដោយ​ចង់បាន​ទាំងអស់ ហើយ​ចាក់​ដី​រំលោភ និង​មាន​គម្រោង​ឈូស​ឆាយ​ផ្នូរ និង​ឃឿ​ន​តម្កល់​ធាតុ និង​ដើម​ស្វាយ​ចោល​ចេញពី​មុខ​ដី​របស់​គេ ។ ដូច្នេះ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ដោះស្រាយ​ជៀសវាង​កើត​មាន​អំពើ​ហិង្សា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ