ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្រជាពលរដ្ឋជាអ្នកភូមិបានប្រទះឃើញស្ត្រីម្នាក់ដែលកើតមានជម្ងឺសរសៃប្រាសាទចុះងូតទឹកប្រឡាយលង់ស្លាប់បាត់បង់ជីវិត ដោយមិនអាចជួយសង្គ្រោះបាន ពីព្រោះហួសពេលទៅហើយ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ ឧសភា ២០១៩ ស្ថិតនៅក្នុងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ តាន់ ចាន់ធាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។
តាមការឲ្យដឹងពីប៉េអឹមស្រុកអន្លង់វែងបានឱ្យដឹងថា ស្ត្រីដែលចុះងូតទឹកប្រឡាយដែលស្ថិតនៅខាងក្រោយវត្តអណ្តូងបីចម្ងាយ២០០ម៉ែត្រ ត្រូវបានលង់ស្លាប់បាត់បង់ជីវិត ហើយក៏ជាស្ត្រីកើតមានជម្ងឺសរសៃប្រាសាទចាប់តាំងពីអំឡុងឆ្នាំ២០០៦ ដោយយោងទៅលើការសាកសួពីក្រុមគ្រួសាររបស់ជនរងគ្រោះ ។
តែទោះជាបែបណានោះសមត្ថកិច្ចបានធ្វើការពិនិត្យទៅលើសាកសព និងពិនិត្យទៅនឹងកន្លែងកើតហេតុឃើញថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសាធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ