ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​របស់​ស្រ្តីក្រោយ​ពេលរៀបការរួច​

4 ឆ្នាំ មុន

បន្ទាប់​ពី​រៀប​មង្គលការ​រួច នាង​ជា​ភរិយា​ត្រូវ​ទៅ​នៅផ្ទះ​ខាង​គ្រួសារ​របស់​ស្វាមី ចំណុច​នេះ​ស្វាមី​ត្រូវ​ដឹងផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន​ក្នុង​ឋានៈ​ជា​ស្រី ដែល​ជា​ភេទ​ទន់ខ្សោយ និង​មាន​អ្វី​ៗ​ខុស​ពី​បុរស​ភេទ ដូច្នេះ​ស្វាមី​គួរ​ពិចារណា​ថាៈ ១-​នាង​ជា​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ការ​ព្រាត់​ពី​បង ប្អូន ម្ដាយ…

បន្ទាប់​ពី​រៀប​មង្គលការ​រួច នាង​ជា​ភរិយា​ត្រូវ​ទៅ​នៅផ្ទះ​ខាង​គ្រួសារ​របស់​ស្វាមី ចំណុច​នេះ​ស្វាមី​ត្រូវ​ដឹងផង​ដែរ​នូវ​សេចក្ដី​ទុក្ខ​របស់​ភរិយា​ខ្លួន​ក្នុង​ឋានៈ​ជា​ស្រី ដែល​ជា​ភេទ​ទន់ខ្សោយ និង​មាន​អ្វី​ៗ​ខុស​ពី​បុរស​ភេទ ដូច្នេះ​ស្វាមី​គួរ​ពិចារណា​ថាៈ

១-​នាង​ជា​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ការ​ព្រាត់​ពី​បង ប្អូន ម្ដាយ ឪពុក ស្រុក​កំណើត​មក​នៅ​នឹង​ស្វាមី ទីកន្លែង​ថ្មី មនុស្ស​ចម្លែក​ថ្មី ដែល​ធ្វើ​ឲ្យ​គ្នា​មិន​ស្រណុកចិត្ត ឬ​ខ្លាច​ៗ ធ្វើ​នេះ​មិន​សម ធ្វើ​នោះ​មិន​សម ព្រោះ​ប្លែក​កន្លែង​។ ស្វាមី​ត្រូវ​ដឹង​នូវ​វិបត្តិ​ផ្លូវចិត្ត​នេះ និង​ព្យាយាម​សម្រួលការ​ឲ្យ​ភរិយា​របស់​ខ្លួន​បាន​ស្រួល​ផង​។

២-​តាម​ធម្មតា​ស្ត្រី​តែង​មាន​សេចក្ដី​ទុក្ខ​ទាំង​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត នៅ​ពេល​ចុងខែ​ជា​ពេល​ដែល​នាង​មាន​ឈាមរដូវ​។ ក្នុង​រដូវ​កាល​នេះ នឹង​ធ្វើ​ឲ្យ​ឈឺ​ចុកចាប់​ដល់​ពោះ ឬ​ឈឺក្បាល ឬ​ទៅ​ជា​រោគ​ខ្យល់ បើ​ជួន​ជា​ឈាមរដូវ​ដើរ​មិន​ទៀង​ផង ឬ​មាន​ធ្លាក់ស​ផង​នោះ ក៏​នឹង​រឹតតែ​ជា​បញ្ហា​ឡើង​។ ម្យ៉ាងទៀត ក្នុង​រដូវ​កាល​នេះ អារម្មណ៍​របស់​នាង​ក៏​មាន​ភាព​មិន​នឹងនរ ឆាប់​ខឹង មិន​សប្បាយចិត្ត​ជាដើម​។ ស្វាមី​ត្រូវ​យល់​ពី​បញ្ហា​នេះ ជួយ​រួមចំណែក​ក្នុង​ការ​ឈឺចាប់​ផង​ដែរ និង​មិន​ធ្វើ​អ្វី​ដែល​ជា​ការ​លំបាក​ដល់​នាង ឬ​បើ​មិន​ស្រួល ក៏​ប្រញាប់ប្រញាល់​រក​ថ្នាំសង្កូវ​ព្យាបាល​ភ្លាម​ ។

៣-​នាង​ជា​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ពេល​ដែល​នាង​មានគភ៌ ។ ការ​មានគភ៌​ជា​ការ​មួយ​ដែល​នាង​ជា​ភរិយា​ទាំង​អៀនខ្មាស ទាំង​ត្រូវ​ទ្រាំ​ថែម​ទៀត​នូវ​ទម្ងន់​កូន​ក្នុង​ផ្ទៃ​បន្ថែម​ជា​រៀងរាល់ថ្ងៃ​។ នាង​មិន​អាច​ឈរ​បាន​ស្រួល ដើរ​បាន​ស្រួល ឬ​ប្រកប​កិច្ចការ​បាន​ស្រួល​ដូច​កាលដែល​មិន​មានកូន​ក្នុង​ផ្ទៃ​នោះ​ទេ​។ ទាំង​ចំណីអាហារ​ក៏​ដូច​គ្នា​ដែរ មាន​ស្រី្ត​ខ្លះ​រហូត​ដល់​ចាញ់កូន ឬ​នឹក​ចង់​ចំណី​ផ្ដេសផ្ដាស​ដែល​រក​មិន​បាន​ក៏​មាន ។

៤-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ព្រោះ​ត្រូវ​បម្រើ​សេចក្ដី​ត្រូវការ​ខាង​ផ្លូវភេទ​របស់​ស្វាមី​។ ចំណុច​ត្រង់នេះ សំខាន់​ណាស់​ចំពោះ​អ្នកជា​ស្វាមី​ដែល​ត្រូវ​យល់​ទុក្ខ​ធុរៈ​របស់​ភរិយា​ខ្លួន និង​អារម្មណ៍​របស់​ភរិយា​ខ្លួន​ដែរ មិនមែន​ចេះ​តែ​ត្រូវការ​ពេល​ណា ថ្មើរ​ណា ក៏​ចេះ​តែ​ប្រព្រឹត្ត​សេព អាង​តែ​គ្នា​មិន​ហ៊ាន​ប្រកែក​នោះ យើង​ត្រូវ​យល់ចិត្ត​ភរិយា​ដែរ ។

៥-​ភរិយា​តែង​មាន​សេចក្ដី​ទុក្ខ ពេល​ដែល​នាង​ឆ្លងទន្លេ​ប្រសូត​បុត្រ ។ ស្វាមី​គប្បី​នៅ​ថែទាំ និង​ជា​កម្លាំងចិត្ត​ដល់​នាង​នូវ​គ្រប់​កិច្ចការ​ទាំងពួង ជា​ពិសេស​បើ​នាង​មានការ​មិន​សប្បាយចិត្ត ឬ​ធ្វើការ​ធ្ងន់ អាច​នឹង​ឲ្យ​ទៅ​ជា​ទាស់​ស្គមរីងរៃ ដាច់​ទឹកដោះ ឬ​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​ក៏​មាន​ដែរ ដូចនេះ​ស្វាមី​គប្បី​សាកសួរ​ចាស់​ៗ​ឲ្យ​បាន​ច្រើន​ក្នុង​រឿង​នេះ​ ។

ការ​រៀបរាប់​មកនេះ​មិន​អាច​ពណ៌នា​ឲ្យ​អស់​នូវ​សេចក្ដី​ពិត​របស់​ស្រី្ត​ជា​ភរិយា​បាន​ឡើយ ស្វាមី​គប្បី​សាកសួរ​ចាស់​ៗ​បន្ថែម​ទៀត​ផង​ចុះ ។