ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះបើកម៉ូតូវ៉ាជែងរថយន្តក្រុងមួយគ្រឿងផុតទៅហើយ តែបែរជាម៉ូតូរបស់ជនរងគ្រោះរអិលចិញ្ចើមផ្លូវទាបខ្ពស់ បណ្តាលឱ្យដួលទាំងម៉ូតូ ទាំងអ្នកបើកបរ ហើយក៏ត្រូវរថយន្តក្រុងកំពុងធ្វើដំណើរមកពីក្រោយកិនស្លាប់តែម្តង។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ភ្នំពេញ.អ្នកលឿងចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ភាគីខាងរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣B-៦៩៦៦ បើកបរដោយឈ្មោះចាំង ថាន់ឡឺង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងតៃនិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ១FQ-១៨៥០ បើកបរដោយឈ្មោះរឿន ជប៉ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ពណ៌ក្រហម បើកបរក្នុងទិសដៅពីលិចទៅកើត (ភ្នំពេញ-អ្នកលឿង) លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយរថយន្តក្រុង ។
តាមប្រភពដដែលបានបន្តថា ពេលនោះម៉ូតូបានបើកវ៉ាជែងរថយន្តក្រុងមួយគ្រឿងនោះផុតទៅហើយ តែបែរជាម៉ូតូបានរអិលចិញ្ចើមផ្លូវទាបខ្ពស់ ក៏បណ្តាលឱ្យដួលទាំងម៉ូតូ និងអ្នកបើកបរ ស្របពេលនោះរថយន្តក្រុងបើកមកដល់ក៏បុកនិងកិនអ្នកបើកបរម៉ូតូធ្វើឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបរថយន្តរួមនឹងវត្ថុតាងរថយន្តក្រុង និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ