ខេត្តពោធិ៍សាត់៖ ក្មេងប្រុសជំទង់ម្នាក់បានបាត់បង់ជីវិតគួរឲ្យរន្ធត់ ខណៈជនរងគ្រោះឃើញឪពុកបើករថយន្តឡើងចំណោតភ្នំហើយរអិលថយក្រោយ ធ្វើឱ្យជនរងគ្រោះភ័យក៏ហក់ពីលើរថយន្ត បណ្ដាលឲ្យដួលបោកក្បាលនឹងថ្មស្លាប់។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅតំបន់ព្រៃភ្នំត្រង់ ចំណុចស្ទឹងតាសៃ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សំ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ ។
តាមការរៀបរាប់របស់ឪពុកជនរងគ្រោះឈ្មោះ សំ ប៊ុនលៀង អាយុ៥២ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់និងកូនប្រុសបានចេញដំណើរទៅស៊ីឈ្មួលដឹកថ្មកែវឲ្យគេនៅក្នុងព្រៃឆ្ងាយពីផ្ទះ។ លុះពេលដឹកថ្មកែវត្រឡប់មកវិញដល់ចំណុចកើតហេតុខាងលើ រថយន្ដបានឡើងចំណោតភ្នំហើយបានរអិលថយក្រោយ ខណៈនោះកូនរបស់គាត់ភ័យក៏ហក់ចុះពីលើរថយន្ត បណ្ដាលឲ្យបោកក្បាលនឹងថ្មស្លាប់តែម្ដង។
តាមប្រភពដដែលបានបញ្ជាក់ថា ពេលដែលរថយន្ដរអិលថយក្រោយហើយកូនគាត់ហក់ចេញនោះ គាត់ក៏មិនអាចឈប់រថយន្តបានដែរ គឺខំប្រឹងបើករថយន្ដរហូតដល់លើភ្នំទើបដើរមកមើលកូន ប៉ុន្តែពេលមកដល់កូនរបស់គាត់បានស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់សង្វេគយ៉ាងខ្លាំង។ កូនប្រុសរបស់គាត់ក៏ធ្លាប់បួសជាសង្ឃផងដែរ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ