ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ បើកភ្លើង​ខៀវ​ឲ្យ​មាន​របាយការណ៍​ឥណទាន សម្រាប់​ក្រុមហ៊ុន​ដើម្បី​បានដឹង​ពី​សុខភាព​ហិរញ្ញវត្ថុ​នីតិបុគ្គល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​របាយការណ៍​ឥណទាន​អតិថិជន ត្រូវ​បាន​កត់​ចូល​ក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា ដើម្បី​ដឹង​ថា​បុគ្គល​នោះ​ធ្លាប់​ប្រើប្រាស់​ឥណទាន​នៅ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ណាខ្លះ តែ​សម្រាប់​របាយ ការណ៍​ឥណទាន​នីតិបុគ្គល ( ក្រុមហ៊ុន​)…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​របាយការណ៍​ឥណទាន​អតិថិជន ត្រូវ​បាន​កត់​ចូល​ក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា ដើម្បី​ដឹង​ថា​បុគ្គល​នោះ​ធ្លាប់​ប្រើប្រាស់​ឥណទាន​នៅ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​ណាខ្លះ តែ​សម្រាប់​របាយ ការណ៍​ឥណទាន​នីតិបុគ្គល ( ក្រុមហ៊ុន​) នៅ​មិន​ទាន់​មាននៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ការិយាល័យ​ឥណទាន​កម្ពុជា ក៏​បាន​ស្នើ​សំណើរ​ទៅ​ធនាគារកណ្ដាល ពោល​គឺ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​អោយ​មាន​ប្រព័ន្ធ​រាយការណ៍​និង​កត់ចំណាំ​ឥណទាន​សម្រាប់​ក្រុមហ៊ុន ។ ជា​លទ្ធផល​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​បើកភ្លើង​ខៀវ​អោយ​ការិយាល័យ​ឥណទាន​អាច​ធ្វើ​កិច្ចការ​នេះ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ ការិយាល័យ​ឥណទាន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ទៅ​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​មក​ពង្រីក​ក្រុមហ៊ុន​បន្ថែម តែ​របាយការណ៍​កម្ចី ឬ​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ឥណទាន​របស់​ក្រុមហ៊ុន មិន​ទាន់​មានការ​កត់ចំណាំ​ជា​ផ្លូវការ​ណាមួយ​នៅ​ក្នុង​ការិយាល័យ​ឥណទាន​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ធនាគារ​ផ្សេង​ៗ​ចង់​ដឹង​ហើយ​សួរ​មក​ការិយាល័យ​ឥណទាន គឺ​មិន​មាន​របាយការណ៍​ណាមួយ​ផ្ដល់​ជូន​ពួក​គាត់​នោះ​ទេ ។ លោក អឿ សុធា​រ័​ត្ន មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា « ដោយហេតុ​ថា​វា​មាន​សារសំខាន់​សម្រាប់​បណ្ដា​ធនាគារ នានា ក្នុង​ការ​ដឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន ស្វែងរក​ឥណទាន យើង​ក៏​បាន​ដាក់​សំណើរ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បើក​ប្រព័ន្ធ​របាយការណ៍​ថ្មី​នេះ​ឡើយ ហើយ​ធនាគារជាតិ​ក៏​បាន​បើកភ្លើង​ខៀវ​អោយ​យើង ចាត់ចែង​ការងារ​នេះ​ឡើង ដូច្នេះ​យើង​សង្ឃឹមថា នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ » ។

លោក​បន្ត​ថា​នៅ​ពេល​ដែល​ប្រព័ន្ធ​នេះ​បាន​កត់​ចូល ក្នុង​ការិយាល័យ​ឥណទាន វា​បាន​ផ្ដល់​ប្រយោជន៍​ដល់​បណ្ដា​ធនាគារ មីក្រូហិរញ្ញវត្ថុ​នានា ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន ដែល​យកឈ្មោះ​ទៅ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អាច​ឲ្យ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ សម្រេចចិត្ត​ដោយ​ខ្លួន​ន​ឯង ថា​គួរ​ផ្ដល់​ឬ​មិន​គួរ​ផ្ដល់​ឥណទាន​ទៅ​កាន់​ក្រុមហ៊ុន​ដែល​ដាក់​ពាក្យ​ស្នើរ​សុំ​ឥណទាន​នោះ ។ លោក​បន្ត​ទៀត​ថា « កាលពី​ថ្ងៃ​ទី​០២ ឧសភា ធនាគារជាតិ​បាន​បើកភ្លើង​ខៀវ​អោយ​យើង​ហើយ ដូច្នេះ​យើង​គិត​ថា នៅ​ចុងខែ​នេះ ឬ​ដើមខែ​ក្រោយ ប្រព័ន្ធ​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ ហើយ​ម្ចាស់​ក្រុមហ៊ុន​ក៏​អាច​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​បាន​ផង​ដែរ​» ។

លោកស្រី ជា​សិរី ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ការិយាល័យឥណទានកម្ពុជា និងជា​អគ្គនាយក​ធនាគារ​ជាតិនៃកម្ពុជាបាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ព័ត៌មាន​ឥណទាន​នីតិបុគ្គល ដំណើរការ​ពេញលេញ វា​នឹង​ជួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​នីតិបុគ្គល​ទាំងឡាយ ដែល​ដាក់​ពាក្យសុំ​ប្រាក់​កម្ចី​ពាណិជ្ជ កម្ម​នៅ​ក្នុង​ទីផ្សារ​នេះ ។ លោកស្រី​មាន​ប្រសាសន៍​ថា « ព័ត៌មាន​នីតិបុគ្គល ក៏​មាន​សារៈសំខាន់​ផង​ដែរ សម្រាប់​ឱ្យ​ធនាគារកណ្ដាល​តាមដាន​មើល​ទីផ្សារ​ទាំងមូល ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ » ។ លោក​ជំទាវ​បន្ត​ថា សេវាកម្ម​ដែល​ផ្ដល់​ដោយ​ការិយាល័យ​ឥណទាន កម្ពុជា មិនមែន​បញ្ចប់​ត្រឹមតែ​ព័ត៌មាន​ឥណទាន​ប៉ុណ្ណោះ​ទេ ។ គណៈ​គ្រប់គ្រង បាន​រៀបចំ​ផែនការ​ប្ដេជ្ញា​ផ្ដល់​ការ​គាំទ្រ​ជា​បន្ត​ជូន​ដល់​សមាជិក ដោយ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​ផ្សេង​ៗ​ជា​ច្រើន​ស្រប​តាម​តម្រូវការ​របស់​ពួក​គេ ។

លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា សម្រាប់​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​វា​មាន​សារៈសំខាន់​ទាំង​សងខាង ពោល​គឺ​ខាង​ធនាគារ​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ផ្ដល់​ឥណទាន​ទៅ​សហគ្រាស​ដែល​មាន​ភាគ​ទុ​និក​ចំរុះ និង​ភាព​ងាយស្រួល​សម្រាប់​សហគ្រាស​ឬ​ក្រុមហ៊ុន ដែល​ស្វែងរក​ឥណទាន​សម្រាប់​ប្រើប្រាស់ ។
លោក​បន្ត​ថា ចាប់តាំងពី​បង្កើត​ការិយាល័យ​ឥណទាន​កម្ពុជា ឃើញ​ថា​ការ​ផ្ដល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទៅ​អតិថិជន​មាន​ភាព​ងាយស្រួល​ច្រើន ដោយ​ចំណា​ពេល​តិច​ហើយ​គុណភាព​ឥណទាន​ក៏​ខ្លាំង​ជាង​មុន​ដែរ ។

ក្រៅពី​នោះ បើសិនជា​អតិថិជន​ចង់បាន​ឥណទាន​បន្ថែម ក៏​មិន​ពិបាក​ដែរ សម្រាប់​ធនាគារ ពីព្រោះ​ធនាគារ​នឹង​ចូល​ទៅ​មើល​ក្នុង​របាយការណ៍​របស់​ការិយាល័យ​ឥណទាន ហើយនឹង​អាច​ដឹង​ថា តើ​អតិថិជន​អាច​មាន​លទ្ធភាព ទទួល​បាន​ប្រាក់​កម្ចី​បន្ថែម​ទៀត​ដែរ​ឬទេ​ផង​ដែរ ។​លោក​ថា​៖« សម្រាប់ ប្រព័ន្ធ​របាយការណ៍​ឥណទាន​នីតិបុគ្គល​ឬ​សម្រាប់​ក្រុមហ៊ុន គឺជា​ឱកាស​មួយ​សម្រាប់​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ