ខេត្តបន្ទាយមានជ័យ ៖ សពពលករចំនួន២នាក់បានស្លាប់ក្នុងខេត្តមីនបុរី ប្រទេសថៃ ក្នុងថ្ងៃតែមួយករណី២ផ្សេងគ្នា ក្នុងនោះជនរងគ្រោះម្នាក់ស្លាប់ដោយសារខ្យល់គ និងជនរងគ្រោះម្នាក់ទៀតស្លាប់ដោយសារចងក ត្រូវបានភាគីថៃបញ្ជូនសពជនរងគ្រោះទាំង២នាក់ប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីយប់ថ្ងៃទី៤ ឧសភា ២០១៩។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ជនរងគ្រោះម្នាក់ដែលស្លាប់ដោយសារខ្យល់គរបានកើតឡើងកាលពីម៉ោងជាង៧ព្រឹកថ្ងៃទី៣ ឧសភា នៅក្នុងហាងទទួលទានអាហារមួយក្បែរកន្លែងធ្វើការ(រោងចក្រទុយោ)។ ជនរងគ្រោះឈ្មោះសេក គឹមវី ភេទស្រី អាយុ៤០ឆ្នាំ ជាកម្មករបំរើការងារនៅរោងចក្រមួយក្នុងខេត្តខាងលើ និងមានទីលំនៅក្នុងភូមិរោលជ្រូក ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលស្លាប់ដោយសារចង.ក ឈ្មោះខន និត ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករក្នុងហាងប៊ិចស៊ីមួយក្នុងខេត្តមីនបុរី និងមានទីលំនៅភូមិត្រពាំងស្គាន់ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីស្ត្រីឈ្មោះអូន ពៅ អាយុ៣៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថា គាត់ប្រទះឃើញប្តីចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ឧសភា នៅពេលគាត់ត្រឡប់មកពីធ្វើការវិញ។
ស្ត្រីដដែលបានបន្តថា ប្តីរបស់គាត់ចង.កនឹងខ្សែភ្លើងក្នុងបន្ទប់ស្នាក់នៅ ហើយមូលហេតុបណ្តាលឱ្យប្តីរបស់គាត់ចងកសម្លាប់ខ្លួនបែបនេះ គឺអាចបណ្តាលមកពីជម្លោះក្នុងគ្រួសារ ដោយសារគាត់ស្តីបន្ទោសប្តីតិចតួចមុនពេលចេញទៅធ្វើការ ព្រោះខឹងប្តីមិនទៅធ្វើការរកប្រាក់ដូចសព្វមួយដង ដឹងអីពេលគាត់ត្រឡប់មកពីធ្វើការវិញ ស្រាប់តែឃើញប្តីរបស់គាត់ចងកស្លាប់បាត់ទៅហើយ។
ពេលភាគីថៃបញ្ជូនសពជនរងគ្រោះទាំង២នាក់ខាងលើមកដល់កម្ពុជា ហើយសាច់ញាតិក៏បានដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ