ខេត្តកំពង់ធំ ៖ តាមសចក្តីរាយការណ៍បឋមបានឲ្យដឹងថា ករណីគ្រោះធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង១៦និង៤៥នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ខណៈមេឃភ្លៀងផង ផ្គរផងលាយឡំ និងខ្យល់កន្ត្រាក់០១លើក បណ្តាលឲ្យស្លាប់ម្នាក់ និងរលំផ្ទះ០១ខ្នង នៅតំបន់អូរធំ ស្ថិតនៅក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ចិន រិន ភេទប្រុស អាយុ៥២ឆ្នាំត្រូវបានផ្ទះរលំបាក់សង្កត់លើ បណ្តាលឲ្យស្លាប់ ចំណែកប្រពន្ធឈ្មោះ បូ ស៊ីណាត អាយុ៤២ឆ្នាំ មានកូន២នាក់ ក្នុងបន្ទុក មិនមានគ្រោះអ្វីនោះទេ មានស្រុកកំណើតនៅភូមិគន្ធំ ឃុំច្រនាង ស្រុកបារាយណ៍ បច្ចុប្បន្នទៅរស់នៅក្នុងភូមិកើតហេតុខាងលើ ។ ដែលខូចខាតរលំផ្ទះ០១ខ្នងទំហំ៥ម៉ែត្រគុណ ៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី រួម និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរនៅព្រឹកថ្ងៃទី២ ខែឧសភានេះ គេសង្កេតឃើញ លោកឡង គីសឹង អភិបាលស្រុកសណ្តាន់បាននាំយកនូវអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់ចុះទៅជួយឧបត្ថម្ភដល់កន្លែងកើតហេតុ ដើម្បីចូលរួមរំលែកទុក្ខ ដែលមានសម្ភារៈ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារនៃសព ៕
ចែករំលែកព័តមាននេះ