ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​មី​យ៉ា​ន់​ម៉ា​គាំទ្រ វិនិយោគិន​កម្ពុជា ខណៈ ក្រុមហ៊ុន​ជាង​៣០​កំពុង​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សហភាព…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សហភាព មី​យ៉ា​ន់​ម៉ា នៅ​កម្ពុជា ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា ជួយ​គាំទ្រ​ដល់​វិនិយោគិន​កម្ពុជា កំពុង​វិនិយោគ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កម្ពុជា​ប្រមាណ ៣០ កំពុង​វិនិយោគ​នៅ​ទីនោះ ខណៈ​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រ​ទស​ទាំង​ពីរ​នៅ​មានការ​កើនឡើង ។

ក្នុង​ជំនួប​រវាង​លោកស្រី​អោ​ង សាន​ស៊ូ​ជី និង​សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​ស្នើ​លោកស្រី​អោ​ង សាន​ស៊ូ​ជី គាំពារ​ចំពោះ​វិនិយោគិន​កម្ពុជា ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​បង្កើន កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ទេសចរណ៍ ។
សម្ដេច​ហេង សំ​រិ​ន បាន​មាន​ប្រសាសន៍​ថា ការ​បន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិ និង​កិច្ច​សហប្រតិបត្តិការ​ជា​ទ្វេរ​ភាគី និង​ក្នុង​ក្របខ័ណ្ឌ​សហគមន៍​អាស៊ាន ពិតជា​មាន​សារសំខាន់ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​ចំពោះ​សភាពការណ៍​សាកលលោក​កំពុង​មានការ​ប្រែប្រួល​ឥត​ឈប់​ឈរ ។

សម្ដេច​ប្រធានរដ្ឋសភា កម្ពុជា មាន​ប្រសាសន៍​ថា « ប្រទេស​យើង​ទាំង​ពីរ មាន​កិច្ច ប្រតិបត្តិការ​ល្អ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ហើយ​តែងតែបាន​គាំទ្រ​គ្នា​ទៅ​វិញ ទៅ​មក លើ​វេទិកា​អន្តរជាតិ​នានា​ទាំង​ក្នុង​ក្របខ័ណ្ឌ នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ » ។
លោកស្រី​អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​បាន​មាន​ប្រសាសន៍​ថា ដើម្បី​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ ប្រទេស​ទាំង​ពីរ ត្រូវ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​គ្រប់​វេទិកា​អន្តរជាតិ និង​តំបន់ ហើយ​ត្រូវ​ពង្រីក​កិច្ចសហការ​អោយ​ធំ​ឡើង​បន្ថែម​ទៀត ទៅ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទេសចរណ៍ និង​វប្បធម៌ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា បាន​បង្ហាញ​អោយ​ដឹង​ថា ទំហំ​ពាណិជ្ជ​កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ាន ។ ពី​ឆ្នាំ​២០១៥ ដល់​៦​ខែ ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជ​កម្ពុជា​-​មី​យ៉ា​ន់​ម៉ា ប្រទេស​ទាំង​ពីរ មាន​ចំនួន​ជិត​១៩​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​កម្ពុជា​នាំ​ចេញ​ទៅ​មី​យ៉ា​ន់​ម៉ា​៥.៥​លាន និង​ដោយឡែក មី​យ៉ា​ន់​ម៉ា​នាំ​ចូល​កម្ពុជា ជាង​១៣​លាន ។ ការ​នាំ​ចេញ​ភាគច្រើន​របស់​មី​យ៉ា​ន់​ម៉ា ជា​ផលិតផល​ចំណីអាហារ វត្ថុធាតុដើម​កសិកម្ម ។ ដោយឡែក​ទំនាក់ទំនង​ការ​វិនិយោគ​រវាង​ប្រ​តេស​ទាំង​ពីរ មក​ដល់​ពេល​នេះ កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ ចំនួន​ជាង​៣០​ក្រុមហ៊ុន​នៅ​មី​យ៉ា​ន់​ម៉ា ដែល​ភាគច្រើន​នៃ​ការ​វិនិយោគ​ផ្តោត​លើ​សេវាកម្ម និង​វិស័យធនាគារ ។

យ៉ាងណាមិញ លោក​ឧកញ៉ា​លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្មរ​វា​កម្ពុជា ភូមា​នឹង​កើនឡើង​មួយ​កម្រិត​ទៀត​នា​ពេល​អនាគត ខណៈ​ពេល​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​មាន​ត្រឹមតែ ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ លោក ឧកញ៉ា បាន​មាន​ប្រសាសន៍​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី ៣០ ខែមេសា ម្សិលមិញ​នេះ​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ការ​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុ​ជានា​ពេល​នេះ លោក​ជឿ​ថា​នឹង​មេដឹកនាំ​ប្រ​ទេ​ដស​ទាំង​ពីរ នឹង​មានការ​ជួប​ជជែក​ច​ចារ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​តូច ដោយសារ​ប្រទេស​ភូមា​ជា​ប្រទេស​ផលិត​កសិកម្ម និង​ជា​ប្រទេស​នាំ​ចេញ​ដូច​កម្ពុជា​ផង​ដែរ ហើយ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នៅ​មាន​កម្រិត​» ។ លោក​ឧកញ៉ា បាន​បន្ត​ថា អ្វី​ដែល​ប្រទេស​ទាំង​ពីរ​អាច​សហការ​គ្នា​បាន​គឺ​អាច​ធ្វើ​លើ​វិស័យ
ចំណែក លោក ឡុ​ង កែន​វិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ភូមា​នៅ​មាន​កម្រិត​នៅឡើយ ពោល​គឺ​មាន​ប្រហែល​ជាង​១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដោយសារ​ប្រទេស​ទាំង​ពីរ មានការ​នាំ​ចេញ​នាំ​ចូល​លើ​ផលិតផល ប្រហាក់ប្រហែល​គ្នា​ដូច​ជា​ថ្នាំជក គ្រឿងចក្រ​បន្តិចបន្តួច ផលិត​កសិកម្ម ក្រដាស​គូ​តុង និង​ថ្នាំ​សម្រាប់​បាញ់​សត្វល្អិត​។

លោក​បន្ថែម​ទៀត​ថា ភាគី​ទាំង​ពីរ​គ្រោង​នឹង​ពិភាក្សា និង​សិក្សា​គ្នា​លើ​គម្រោង​មួយ​ចំនួន​ទៀត ដើម្បី​បង្កើន​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដោយ​កន្លង​មក​ក៏​មាន​ក្រុមហ៊ុន​ភូមា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​ទៅ​ចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ភូមា​ខ្លះ​ដែរ តែ​មិន​ច្រើន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ