ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងត្រូលជជុះជាន់កទារលុយស្ទើរក្ស័យ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ឈ្មួញ​នាំ​ចូល​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ស្រុក​កំ​រៀង នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​ត្អូញត្អែរ​មិន​ឈប់​ឈរ​អំពី​ការ​ខាតបង់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​តែ​មន្ត្រី​អន្តោប្រវេសន៍ មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​នោះ រួម​ទាំង​មន្ត្រី​គយ​បោះជំរំ​ប្រចាំ​តាម​កុងត្រូលជជុះ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​ជា​ច្រើន​កន្លែង​ទៀតបង្ខំ​ឲ្យ​បង់ប្រាក់​ថ្លៃ​ក្បាល​ឡាន​ផង…

ខេត្តបាត់ដំបង ៖ ក្រុម​ឈ្មួញ​នាំ​ចូល​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ស្រុក​កំ​រៀង នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​ត្អូញត្អែរ​មិន​ឈប់​ឈរ​អំពី​ការ​ខាតបង់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​តែ​មន្ត្រី​អន្តោប្រវេសន៍ មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​នោះ រួម​ទាំង​មន្ត្រី​គយ​បោះជំរំ​ប្រចាំ​តាម​កុងត្រូលជជុះ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​ជា​ច្រើន​កន្លែង​ទៀតបង្ខំ​ឲ្យ​បង់ប្រាក់​ថ្លៃ​ក្បាល​ឡាន​ផង បង់ថ្លៃ​ទំនិញ​ផ្លែ​ឈើ​ផង ដោយ​គ្មាន​ការ​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​ច្បាស់លាស់​ទេ ។

ដោយសារ​តែ​ការ​ជំរិត​ទារប្រាក់​ពីមុខ​របរ​ដឹក​ផ្លែ​ឈើ​នេះ​តាម​ទំនើងចិត្ត ហើយ​កាន់តែខ្លាំង​ឡើង​ៗ និង
​ច្រើន​កន្លែងរហូត​ទ្រាំ​លែង​បាន ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប់​មកនេះ ឈ្មួញ​មួយ​ចំនួនបាន​សម្រេច​ហែក​ទម្លាយ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​របស់​ពួក​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​ក្នុង​អង្គភាព​ទាំងនោះ​ដល់​អ្នក​សារ​ព័ត៌​មាន​នានានៅ​ក្នុង​ខេត្តបាត់ដំបង ដើម្បី​ផ្សព្វផ្សាយ​ក្រែង​បាន​ជ្រាប​ជា​ដំណឹង​ដល់​ថ្នាក់ដឹកនាំ ។

នៅ​ក្នុង​ការ​ផ្ដល់​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ ឈ្មួញ​ម្នាក់​បាន​និយាយ​ដោយ​សុំ​មិន​ឲ្យ​ថតរូប​ភាព​ថា ការ​គាបសង្កត់​បង្ខំ​ឲ្យ​ពួក​ឈ្មួញ​ដឹក​ផ្លែ​ឈើ​ពី​ថៃ បង់ប្រាក់​ច្រើន​ជាងពេ​លមុន​ៗ​នេះ គឺ​ទើបតែ​ចាប់ផ្ដើម​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ ពោល​គឺ​ចាប់ផ្ដើម​ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ប្រកាស​ដក​ជា​ផ្លូវការ​នូវ​មន្ត្រី​កាំកុងត្រូល​ចេញពី​តាម​បណ្ដា​ច្រក​ទ្វារ​អន្តរជាតិ ឬ​តាម​បណ្ដា​ច្រក​តំបន់​នានា​នៅ​ទូ​ទាំង​ប្រទេស ។

រថយន្ត​ទួ​រី​ស ដឹក​ផ្លែ​ឈើ​១​គ្រឿង​ពេល​បើក​ចេញពី​ផ្សារ​ថៃ ចូល​ដល់​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ក្នុងស្រុក​ក​កំ​រៀង ភ្លាម​ម្ចាស់​ទំនិញ​ត្រូវ​បង់ប្រាក់​ជូន​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​២​ស្ថាប័ន​មុនគេ គឺ​បង់​ឲ្យ​ស្ថាប័ន​គយ​និង​រដ្ឋាករ​ចំនួន​ពី​៣​ទៅ​៤​ម៉ឺន​រៀល រួច​បង់​បន្ត​ទៅ​មន្ត្រី​នគរ​បាន​អន្តោ​ប្រ​វែ​សន៍​ប្រចាំ​ច្រក​នេះ​ប្រហាក់ប្រហែល​គ្នា​មួយ​តង់​ទៀត ។

ឈ្មួញ​ផ្លែ​ឈើ​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ជំរិត​ទារប្រាក់​មិន​បន្ធូរ​ដៃ​ពី​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋា
ករ​ដូង ដែល​មាន​ស្នាក់​ការ​នៅ​ម្ដុំ​ភូមិ​អូរ​ដា ក្នុងស្រុក​កំ​រៀង​នេះ ។ បន្ទាប់​ពី​បង់​ឲ្យ​មន្ត្រី​គយ និង​មន្ត្រី​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​» ចំនួន​២​ស្ថាប័ន​រួច​ហើយ បើក​ចេញ​ផុត​ពី​ច្រក​ទ្វារ​មិន​បាន​ប៉ុន្មាន​គីឡូម៉ែត្រ ក៏​ត្រូវ​ចូល​អន្ទាក់​ដែល​ដាក់​ជា​ប្រចាំ​របស់​ការិយាល័យ​គយ និង​រដ្ឋាករ​ដូង នៅ​ចំណុច​ខាងលើ​នេះ​ទៀត ។

មន្ត្រី​ប្រចាំ​ស្នាក់​ការ​នេះ​ជំរិត​ទារប្រាក់​ធ្ងន់​ជាងគេ គឺ​ទាមទារ​រហូត​ដល់​២៥​ម៉ឺន​រៀល ក្នុង​រថយន្ត​ដឹក​ផ្លែ​ឈើ​១​គ្រឿង ។ ប៉ុន្តែ​មិន​ទាន់​បញ្ចប់​ត្រឹម​លោក​គយ​ប្រចាំ​ស្នាក់​ការ​មួយ​នេះ​ទេ នៅ​មាន​កុងត្រូលជជុះ​រាប់​សិប​កន្លែង​ទៀត ដែល​បោះជំរំ​តាម​ចិញ្ចើម​ថ្នល់ជាតិ​បណ្តាក់​គ្នា​ដូច​ខ្យង​ចាប់តាំងពី​ច្រកព្រំដែន​រហូត​ដល់ទី​ផ្សារ​លក់ដូរ​ទើប​ចប់ ។

បើ​អ្នក​បើករថយន្ត​ដឹក​ផ្លែ​ឈើ​ម្នាក់​ដែល​សុំ​លាក់​ឈ្មោះ​ដែរ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា​ថា ស្ទើរ​គ្រប់​ឈ្មួញ​ដែល​រកស៊ី​ដឹក​ផ្លែ​ឈើ​ពី​ថៃ យក​មក​លក់​តាម​ទីផ្សារ​នានា​នៅ​ក្នុង​ប្រទេស​ខ្មែរ សុទ្ធតែ​ត្អូញត្អែរ​អំពី​ការ​ខាតបង់​នេះ ដោយសារ​តែ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ចាំ​ស្ទាក់​ជំរិត​ទា​ប្រាក់​តាម​អំពើ​ចិត្ត​។ កាល​មុន​អាច​សល់​ប្រាក់​ចំណេញ​ខ្លះ តែ​បច្ចុប្បន្ន​ក្រោយ​ពី​ទូទាត់​ថ្លៃ​ចំណាយ​បង់​ផ្សេង​ៗ ថ្លៃ​បាយ​ទឹក និង​ថ្លៃ​ប្រេងសាំង ដូច​ជា​គ្មាន​សល់​ប្រាក់​សម្រាប់​ចូល​ផ្ទះ​ទេ ។

អ្នក​បើករថយន្ត​រូប​នេះ​រៀបរាប់​អំពី​ចំនួន​កុងត្រូលជជុះ និង​សកម្មភាព​ជំរិត​ទា​ប្រាក់​ពី​មន្ត្រី​ប្រចាំ​តាម​បណ្ដា​កុងត្រូលជជុះ​ទាំងនោះ​ថា កុងត្រូលជជុះ​មាន​គ្រប់​ទីកន្លែង​នៅ​តាម​ដងផ្លូវ មិន​ថា​ផ្លូវជាតិ​ចេញពី​ស្រុក​កំ​រៀង ចេញពី​ស្រុក​ភ្នំព្រឹក ឬ​ចេញពី​ស្រុក​សំពៅ​លូន​ឡើយ ឲ្យ​តែ​ចេញពី​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ថៃ ចូល​មក​ដល់​ក្រុង​បាត់ដំបង គឺ​មាន​គ្រប់​រូបភាព​បណ្ដាក់​គ្នា​ដូច​ខ្យង​តាម​ដងផ្លូវ ។

សមាសភាព​នៃ​ឆ្មាំ​កុងត្រូលជជុះ​ទាំង​នោះ មាន​មន្ត្រី​គយ​ដែល​មក​ពី​អង្គភាព ផ្សេង​ៗ​គ្នា រាប់​ទាំង​កម្លាំង​គយ​ចល័ត​ដែល​មាន​ស្នាក់​ការ​ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ផង មន្ត្រី​អន្តោ​ប្រ​វែ​សន៍​ប្រចាំ​តាម​ច្រក​ទ្វារ​នានា មន្ត្រី​នគរបាល​សេដ្ឋកិច្ច​លួច​ចង​អង្រឹង​ស្ងាត់​ៗ​តាម​តូប​លក់ដូរ​របស់​ពលរដ្ឋ​ឬ​ក្រោម​ដើមឈើ​តាម​ចិញ្ចើមថ្នល់ និង​ចុង​ក្រោយ​កុងត្រូលជជុះ​របស់​មន្ត្រី​ចរាចរណ៍ បោះ​គោលដៅ​ចាំ​យក​ប្រាក់​យ៉ាង​ស្របច្បាប់​នៅ​លើ​ដងផ្លូវ​តែ​ម្ដង។

អ្នក​បើកឡាន​រូប​នេះ​បាន​និយាយ​ដោយ​កំហឹង​ថា «​ការ​រកស៊ី​ដឹក​ផ្លែ​ឈើ​សព្វថ្ងៃ ប្រាក់​ចំណេញ​បាន​ត្រឹមតែ​បង់​ឲ្យ​ពួក​កុងត្រូលជជុះ​ទាំង​អស់នេះ​ប៉ុណ្ណោះ មិន​បាន​សល់​សម្រាប់​ធ្វើ​ឡាន ឬ​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ »​។
នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បានជា​ហ៊ាន​ហៅ​អ្នក​ចាំ​យក​លុយ​នៅ​តាម​ដងផ្លូវ​ទាំងនោះ​ថា ជា​ពួក​កុងត្រូលជជុះ ? អ្នក​បើកឡាន​រូប​នេះ​បាន​ឆ្លើយ​ទាំង​កំហឹង​ថា «​ព្រោះ​មន្ត្រី​នៅ​ចាំ​ទារ​លុយ​ទាំង​អស់នោះ យក​លុយ​ហើយ​មិន​មាន​ចេញ​វិ​ក័យ​ប​ត្រ​បញ្ជាក់​ការ​បង់ប្រាក់​ឲ្យ​ម្ចាស់​ទំនិញ​ទេ !

មិនតែប៉ុណ្ណោះ​មន្ត្រី​ដែល​នៅ​តាម​ដងផ្លូវ​មាន​សកម្មភាព​លួចលាក់ ជា​ពិសេស​ពេល​ថ្ងៃ​កន្លែង​ខ្លះ​គ្មាន​មនុស្ស​នៅ​ចាំ​ទេ មាន​តែ​អង្រឹង​១​ឬ​២​ចង​ចោល តែបើ​រថយន្ត​ដឹក​ទំនិញ​ណា​ដែល​បើក​ដល់​កន្លែង​ចង​អង្រឹង​នោះ​ហើយ​មិន​ឈប់​បង់លុយ ឬ ធ្វើ​ជា​បើក​ហួស​មិន​បាន​១០០​ម៉ែត្រ​ផង នឹង​ត្រូវ​ជន​ស្លៀកពាក់​ស៊ី​វិញ​ជិះ​ម៉ូតូ ឬ​រថយន្ត​តាម​ស្ទាក់​ចាប់​យក​មក​ពិន័យ​ភ្លាម ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ហៅ​ក្រុម​ជន​ទុច្ចរិត​ទាំងនោះ​ពួក​កុងត្រូលជជុះ !» ។

លោក​អ៊ុំ រតនា ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ដូង ដែល​មាន​ស្នាក់​ការ​នៅ​ស្រុក​កំ​រៀង ហើយ​ត្រូវ​
ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ចោទប្រកាន់​ថា ដៃ​ធ្ងន់​ជាងគេ​ក្នុង​ការ​បង្ខំ​ទារប្រាក់​ពី​រថយន្ត​ដឹក​ផ្លែ​ឈើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ។ ដោយឡែក​មន្ត្រី​អន្តោ​ប្រ​វែ​សន៍​ម្នាក់​បាន​និយាយ​ក្នុង​ន័យ​ជួយ​បន្ធូរបន្ថយ​ស្ថានភាព ខ្លះ​ៗ​ថា មន្ត្រី​អន្តោ​ប្រ​វែ​សន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ពិតជា​
បាន​យក​លុយ​ពី​ក្បាល​ឡាន​ដឹក​ទំនិញ​ទាំងនោះ​មែន តែ​គេ​បាន​ពិនិត្យ​ទំនិញ​ទាំងនោះ​ជា​មុន និង​យក​ទៅ​
តាម​ប្រភេទ​មុខទំនិញ​ថ្លៃ ឬ​ថោក តិច ឬ​ច្រើន មិនមែន​ចេះ​តែ​បង្ខំ​ទាមទារ​នោះ​ទេ ។

ក្រុម​ឈ្មួញ​ដឹក​ទំនិញ​បញ្ជាក់​ថា បើ​គិត​ត្រឹម​ច្រកព្រំដែន​រហូត​ដល់ទី​ផ្សារ​ក្រុង​បាត់ដំបង អ្នក​ដឹក​ផ្លែ​ឈើ​ត្រូវ​ចំណាយ​លុយ​បង់​ឲ្យ​កុងត្រូលជជុះ​គ្រប់​ស្ថាប័ន​ដែល​បណ្ដាក់​គ្នា​ដូច​ខ្យង​តាម​ដងផ្លូវ​យ៉ាងតិច​១​លាន​រៀល ។ នេះ​មិន​ទាន់​គិត​ឈ្មួញ​ខ្លះ​ដែល​ដឹក​ធ្លាយ​ទៅ​ដល់ទី​ផ្សារ​នៅ​រាជធានី​ភ្នំពេញ​នៅឡើយ​ទ ។ ដូច្នេះ​ពួក​គេ​សំណូម​ពរ​ដល់​ថ្នាក់ដឹកនាំ ជា​ពិសេស​អាជ្ញាធរ​ខេត្ត គួរតែ​ទៅ​ពិនិត្យ​មើល ឬ​ត្រូវ​កម្ទេច​ចោល​ខ្លះទៅ ព្រោះ​ពួក​កុង​ត្រូលជជុះ​ទាំងនោះ​កំពុង​គាបសង្កត់​ជាន់ក​ក្រុម​ឈ្មួញ​ដឹក​ផ្លែ​ឈើ​ជំរិត​ទារ​លុយ​គ្មាន​បន្ធូរ​ដៃ​ឡើយ ៕

អត្ថបទសរសេរ ដោយ