រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ កម្លាំងកងរាជវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ(ម៉ែ យ៉ែម)ប្រុសស្រីចំនួន៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម ចំណែកស្ត្រីជាអ្នកអង្គុយកំដរភ្ញៀវចំនួន២៣នាក់ ប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននិងខារ៉ាអូខេយីហោ «មហាមេឃ» ស្ថិតនៅតាមផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធនឹងករណីបង្កប់អំពើសញ្ចាកម្ម គឺសម្រួលឲ្យមានការប្រព្រឹត្តអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ ។

នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៥៥នាក់(ស្រី៣៩នាក់)ចាប់យកវត្ថុតាង ស្រោមអនាម័យមួយចំនួន រួចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនសង្ស័យចំនួន៥នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធនឹងករណីអូសទាញ បញ្ចុះបញ្ចូលស្ត្រីអ្នកបម្រើការឲ្យប្រព្រឹត្តអំពើពេស្យាចារ ដើម្បីពួកគេទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ស្ត្រីអ្នកបម្រើការទាំងនោះ ។

ចំណែកស្ត្រីចំនួន២៣នាក់ ដែលទទួលសេវាអង្គុយកំដរភ្ញៀវ ព្រមទាំងប្រព្រឹត្តអំពើពេស្យាចារ សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ«យកទៅដុសក្អែលលាងសម្អាត» ដើម្បីរកសេវាផ្តល់នីតិសម្បទាជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ