រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រកាសជំហរយ៉ាងរឹងមាំក្នុងការអនុវត្ត និងគោរពច្បាប់អន្តរជាតិ ព្រមទាំងដោះស្រាយយន្តការ ដោយចាប់បង្ខំឲ្យភាគីម្ខាងទៀតត្រូវទទួលយក បើសិនភាគីថៃសម្រេចដកខ្លួនឬលុបអនុស្សារណៈស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ (MOU 2001)។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការរទេស និងសហប្រតិបត្តិការ អន្តរជាតិបានលើកឡើងថា ក្នុងករណីដែលភាគីថៃសម្រេចលុបអនុស្សារណៈយោគយល់គ្នា MOU 2001 នោះ កម្ពុជាក្នុងនាមជាប្រទេសមួយដែលគោរពច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានអ្វីផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្កការសហប្រជាតិស្តីពីនីតិសមុទ្រ ជាពិសេស យន្តការការផ្សះផ្សាដោយការចាប់បង្ខំ ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំត្រូវបានបង្កើតឡើង ដោយអង្កការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីជួយដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយ សន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ» ។
ឯកឧត្តមបានអះអាងថា ការសម្រេចរបស់កម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីសង្ឃឹមដោយស្មោះត្រង់ ដែលប្រទេសទាំងពីរអាចដោះស្រាយបញ្ហាមួយដោយយុត្តិធម៌ យូរអង្វែង ហើយស្របតាមច្បាប់អន្តរជាតិ ដែលអនុញ្ញាតឲ្យ ប្រជាជនរស់នៅជាមួយគ្នាដោយ សន្តិភាព ស្ថេរភាព និងសេចក្តីសុខ ។
«យើងពិតជាសោកស្តាយ ដែលភាគីថៃកំពុងពិចារណាក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ឬមួយក៏ហៅកាត់ថា MoU2001 ខណៈដែលកម្ពុជាតែងតែផ្តល់អាទិ៍ភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ» ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នានេះបានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះបញ្ជាក់ឱ្យឃើញពីស្មារតីនៃកិច្ចសហប្របតិបត្តិការ និងសុឆន្ទៈទៅវិញ ទៅមក។
ឯកឧត្តមបានបន្តថា ការដកខ្លួនជាឯកតោ ភាគីចេញពីអនុស្សរណៈនៃការយោគ យល់គ្នានេះគឺជាការបោះបង់ចោលនូវកិច្ចព្រមព្រៀងទ្វេភាគីតែមួយ គត់ ដែលបង្កើតឱ្យមានក្របខ័ណ្ឌទ្វេភា គីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមកនេះ ហើយក្នុងករណីដែលភាគីថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីក្រៅពីការពឹងផ្អែកទៅលើច្បាប់អន្ត រជាតិ និងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះនោះទេ ៕
ចែករំលែកព័តមាននេះ