ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ច្របូកច្របល់​ខ្លាំងក្នុង​ប្រទេស ​កង​ទាហាន​​ចូលរួម​បះបោរ

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ពួក​បាតុករ​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត ជាមួយ​កងកម្លាំង​សន្តិសុខ​កាល​​ពី​ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​២០១៩ ​នៅ​តាម​វិ​ថី​នានា នៃ​ទីក្រុង​កា​រ៉ា​កាស់ ​ដោយ​មានការ​ជួយ​ទ្រទ្រង់​របស់​​យោធា​១​ក្រុម ដែល​ចូលរួម​ជាមួយ​មេដឹកនាំ​ប្រឆាំង​លោក​…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ពួក​បាតុករ​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត ជាមួយ​កងកម្លាំង​សន្តិសុខ​កាល​​ពី​ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ​២០១៩ ​នៅ​តាម​វិ​ថី​នានា នៃ​ទីក្រុង​កា​រ៉ា​កាស់ ​ដោយ​មានការ​ជួយ​ទ្រទ្រង់​របស់​​យោធា​១​ក្រុម ដែល​ចូលរួម​ជាមួយ​មេដឹកនាំ​ប្រឆាំង​លោក​ JUAN GUAIDO ខណៈ​រដ្ឋាភិបាល​របស់​​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ ម៉ា​ឌូ​រ៉ូ​បរិហារ​ ពី​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​។

វិ​ថី​នានា​ត្រូវ​ដាក់​របាំង​រាំង ការ​គប់​ដុំ​ថ្ម ពពក​ផ្សែង​នៃ​ឧស្ម័ន​បង្ហូរទឹកភ្នែក សភាពការណ៍​នៅ​តែ​តានតឹង​ខ្លាំង នា​រសៀល​ថ្ងៃ​ទី​៣០​មេ​សា ក្នុង​រដ្ឋធានី​វេ​ណេ​ស៊ុ​យ​អេ​ឡា​។ មនុស្ស​យ៉ាងតិច​៦៩​នាក់​បាន​ត្រូវ​របួស ក្នុង​នោះ​២​នាក់​ដោយ​គ្រាប់កាំភ្លើង​។

រដ្ឋាភិបាល​អះអាង​ថា បាន​កម្ទេច​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ពី​សំណាក់​កង​ទាហាន​ក្បត់​មួយ​ក្រុម​តូច​និង​គូសបញ្ជាក់​ថា សភាពការណ៍​ត្រូវ​បាន​គ្រប់គ្រង​។ តាម​TWITTER​ជន​លេខ​២​នៃ​រដ្ឋអំណាច​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​DIOSDADO CABELO​សរសេរ​ថា នា​ពេល​នេះ​ពួក​អ្នក​ធ្វើ​រដ្ឋប្រហារ​ត្រូវ​ចាញ់ ហើយ​កំពុង​តែ​រត់គេច​ខ្លួន​ចូល​ក្នុង​ស្ថានទូត​នានា​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ស៊ី​លី​ប្រកាស​ថា ជន​ប្រឆាំង​លោក​LEOPOLDO LOPEZ បាន​រត់​ភៀសខ្លួន​ចូល​ក្នុង​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​កា​រ៉ា​កាស់ រួម​ជាមួយ​គ្រួសារ​លោក​។ មុន​នេះ​លោក​LOPEZ ដែល​ឃុំឃាំង​ក្នុងផ្ទះ​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ហើយ​ជា​មនុស្ស​នៅ​ខាង​លោក​GUAIDO​និង​ពួក​យោធា​បះបោរ​អះអាង​ថា​លោក​ត្រូវ​បាន​រំដោះ ដោយ​ពួក​ទាហាន​ស្និទ្ធ​លោក​GUAIDO​។

សម្រាប់​ពេល​នេះ​គេ​មិនដឹង​ថា តើ​លោក​GUAIDO​ស្ថិត​នៅ​ទីណា​ឡើយ​។ ចំណែក​លោក​ម៉ា​ឌូ​រ៉ូ​វិញ​បាន​បង្ហាញមុខ​តាម​ទូរទស្សន៍​ឬ​ជា​សាធារណៈ​នា​ថ្ងៃ​ទី​៣០​មេ​សា​នោះ​។ រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​អះអាង​ថា លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ត្រៀមខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​៣០​មេ​សា ជិះ​យន្តហោះ​ទៅ​កាន់​គុយ​បា មុន​ពេល​ត្រូវ​បញ្ចុះបញ្ចូល​ដោយ​រុ​ស្ស៊ី​។

នា​វេលា​ព្រឹក​ព្រលឹម នៅ​តាម​ច្រកចូល​នានា នៃ​មូលដ្ឋាន​យោធា​CARLOTA មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ផ្ទុះ​ឡើង រវាង​កងកម្លាំង​សន្តិសុខ​ដែល​ស្មោះត្រង់​និង​ពួក​បាតុករ​ស្និទ្ធ​លោក​GUAIDO​ជា​ច្រើន​ពាន់​នាក់​។ រថពាសដែក​១​គ្រឿង​បាន​បើក​សម្រុក​លើ​ពួក​បាតុករ​ប្រឆាំង​១​ក្រុម បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​ដេក​ដួល​លើ​ដី​។

តាម​ TWITTER ​លោក​ GUAIDO​ សរសេរ​ថា នេះ​ជា​ពេល​ដែល​រដ្ឋ​ទាំង​២៤​របស់​ប្រទេស​ដើរ​លើ​ផ្លូវ​តែ​មួយ​និង​ពុំ​មានការ​ងាក​ថយក្រោយ​ឡើយ​។ អនាគត​ជា​របស់​យើង ប្រជាជន​និង​កងទ័ព​រួបរួម​គ្នា​ដើម្បី​បញ្ចប់​ការ​កាន់កាប់​របស់​លោក​ម៉ា​ឌូ​រ៉ូ​។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ឧត្ដមសេនីយ​VLADIMIR PADRINO​បាន​ព្រមាន​ពួក​ប្រឆាំង ពី​លទ្ធភាព​នៃ​ការ​បង្ហូរឈាម ហើយ​តំណាង​របស់​លោក GUAIDO​ប្រចាំ​ក្រុង​វ៉ា​សិ​ុ​ន​តោន បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​បន្ត​បាតុកម្ម​។

រីឯ​រដ្ឋការ​អា​មេ​រិ​ក​វិញ​នា​ថ្ងៃ​ទី​៣០​មេ​សា បាន​លើក​ពី​ការ​វាយលុក​គ្រប់​បែប​យ៉ាង ដើម្បី​ជម្រុញ​ឲ្យ​លោក​ម៉ា​ឌូ​រ៉ូ បោះបង់​ចោល​អំណាច​។ តាម​ទូរទស្សន៍​CNN​លោក​MIKE POMPEO​និយាយ​ថា តាម​ព័ត៌មាន​នានា​របស់​យើង​ថា​លោក​ម៉ា​ឌូ​រ៉ូ​មាន​យន្តហោះ​១​គ្រឿង​នៅ​ព្រ​លាន ដែល​លោក​ត្រៀម​ចាកចេញ នា​ព្រឹក​ថ្ងៃ​ទី​៣០​មេ​សា​ទៅ​កាន់​គុយ​បា ប៉ុន្តែ​ពួក​រុ​ស្សុ​ី​ប្រាប់​លោក​ថា ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​។

ប៉ុន្មាន​នាទី​មុន​នេះ​លោក​ដូ​ណា​ល់​ត្រាំ​បាន​បន្តឹង​សំឡេង​ភ្លាម​ៗ ប្រឆាំង​ក្រុង​ឡា​ហា​វ៉ា​ន ដោយ​គំរាម​គុយ​បា ពី​ការ​ហ៊ុម​ព័ទ្ធ​ទាំងស្រុង​ប្រសិនបើ​កងទ័ព​និង​ពួក​ជីវពល​គុយ​បា ពុំ​បញ្ឈប់​ភ្លាម​ៗ​ប្រតិបត្តិការ​យោធា របស់​ពួក​គេ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​ទេ​នោះ​។

រីឯ​លោក​JONH BOLTON​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​​វិញ​អះអាង​ថា បណ្ដា​មនុស្ស​គន្លឹះ​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ធ្វើ​ដោយ​សម្ងាត់​ការ​ពិភាក្សា​គ្នា​ជាមួយ​ពួក​ប្រឆាំង រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​​នេះ សំដៅ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​មួយ​នៃ​របប ហើយ​លោក​ក៏​បាន​ដាក់​ឱសានវាទ​មួយ​ដែរ ចំពោះ​មនុស្ស​​គ​ន្លឺះ​ទាំងនេះ​ដោយ​លោក​ថា​នេះ​ជា​វាសនា​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ