ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូឡុំប៊ី ៖ យន្តហោះធោយាខ្នាតយក្សធ្លាក់ក្នុងព្រៃ Amazon បណ្តាលឱ្យស្លា.ប់ និងរបួសជាង ១០០នាក់

16 ម៉ោង មុន

កូ​ឡុំ​ប៊ី​៖ សោកនាដកម្ម​ធ្លាក់​យន្តហោះ​យោធា​កូ​ឡុំ​ប៊ី ត្រូវ​គេ​រាយការណ៍​ថា ទាហាន​ខ្ទង់ ៨០​ទឹកដោះ​ម្តាយ រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ តែ​ជាង​៣០​នាក់​ទៀត​ត្រូវ​ពលី ។ សារព័ត៌មាន AP…

កូ​ឡុំ​ប៊ី​៖ សោកនាដកម្ម​ធ្លាក់​យន្តហោះ​យោធា​កូ​ឡុំ​ប៊ី ត្រូវ​គេ​រាយការណ៍​ថា ទាហាន​ខ្ទង់ ៨០​ទឹកដោះ​ម្តាយ រួច​ផុត​ពី​សេចក្តី​ស្លា​.​ប់ តែ​ជាង​៣០​នាក់​ទៀត​ត្រូវ​ពលី ។

សារព័ត៌មាន AP បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​២៤ ខែមីនា​ថា យន្តហោះ​ដឹក​ជញ្ជូន​យោធា​ប្រភេទ Hercules C-130 របស់​កូ​ឡុំ​ប៊ី​មួយ​គ្រឿងបាន​ធ្លាក់ ក្រោយ​ពេល​ហោះ​ឡើង​មិន​បាន​ប៉ុន្មាន​ផងនៅ​ក្នុង​តំបន់ Amazon ភាគ​ខាងត្បូង​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៣៣ នាក់​ស្លា​.​ប់ និង​៨១​នាក់​ផ្សេង​ទៀត រង​របួសស្រាល​ធ្ងន់ ។

យន្តហោះ​ដឹក​ជញ្ជូន​យោធា Hercules C-130 ដែល​ផ្ទុក​មនុស្ស​សរុប​១២១​នាក់ ដែល​ភាគច្រើន​ជា​ទាហាន បាន​ធ្លាក់ កាលពី​ថ្ងៃ​ចន្ទ ភ្លាម​ៗ​បន្ទាប់​ពី​ហោះ​ចេញពី​ទីក្រុង​ពូ​អេ​រ​តូ ឡេ​ហ្គុ​យ​ហ្សា​ម៉ូ (Puerto Leguizamo) ស្ថិត​ក្នុង​ខេត្ត​ពុ​ទូ​ម៉ា​យ៉ូ (Putumayo) នៃ​តំបន់ Amazon ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​អេក្វាទ័រ និង​ប៉េ​រូ ។

លោក​អភិបាលរង​ក្រុង Carlos Claros បាន​មាន​ប្រសាសន៍​ថា សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​តម្កល់​ស​.​ព​ក្នុង​ទីក្រុង ខណៈ​ដែល​មូលដ្ឋាន​សុខាភិបាល​ក្នុង​តំបន់​ចំនួន​ពីរ​កំពុង​ទទួល​សង្គ្រោះ​បឋម​ដល់​អ្នក​របួស មុន​នឹង​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ធំ​ៗ ។

លោក Claros ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​រហ័ស​ក្នុង​កិច្ច​ប្រតិបត្តិការ​សង្គ្រោះ ។ យោង​តាម​ព័ត៌មាន ពី​កងទ័ពអាកាស​កូ​ឡុំ​ប៊ី យន្តហោះ Hercules C-130 នេះ​មាន​ដឹក​មនុស្ស​សរុប​១២១​នាក់ ក្នុង​នោះ​មាន​ទាហាន​១១០​នាក់ និង​សមាជិក​ក្រុម​នាវិក​១១​នាក់ ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Pedro Sánchez បានឱ្យ​ដឹង​ថា យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុង​ដឹក​ជញ្ជូន​ទាហាន​ទៅ​កាន់​ទីតាំង​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត ។ រូបភាព​ពី​កន្លែង​កើតហេតុ បង្ហាញ​ឱ្យ​ឃើញ​នូវ​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ទីតាំង​ធ្លាក់​ក្នុង​វាលស្រែ​មួយ ខណៈ​ដែល​បុគ្គលិក​យោធា និង​ស៊ី​វិល បាន​សម្រុក​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សង្គ្រោះ ។

កងទ័ពអាកាស​កូ​ឡុំ​ប៊ី បាន​បញ្ជាក់​ថា មនុស្ស​យ៉ាងតិច ៧៧​នាក់ ត្រូវ​បាន​សង្គ្រោះ​ដែល​ភាគច្រើន​បាន​រង​របួស ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចំនួន​អ្នក​ស្លា​.​ប់ និង​របួស​ចុង​ក្រោយ​កំពុង​ត្រូវ​បាន​កំណត់​នៅឡើយ ។ ដំបូង​ឡើយ សេចក្តីថ្លែងការណ៍​ដែល​ចែករំលែក​ដោយ​ប្រធានាធិបតី Gustavo Petro បាន​បង្ហាញ​ថា មាន​អ្នក​ស្លា​.​ប់​៣៣ នាក់ ប៉ុន្តែ​តួលេខ​នេះ​បាន​ផ្លាស់​ប្តូរ ខណៈ​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​នៅ​តែ​បន្ត ។ មេបញ្ជាការ​កងទ័ពអាកាស​លោក Carlos Fernando Silva បាន​និយាយ​ថា យន្តហោះ​បាន​ជួប​បញ្ហា​បច្ចេកទេស និង​បាន​ធ្លាក់​ក្នុង​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ ប៉ុន្តែ​មូលហេតុ ជាក់លាក់​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ ។ យន្តហោះ​ពេទ្យ​ចំនួន​ពីរ​គ្រឿង ដែល​មាន​គ្រែ​សរុប​៧៤ ត្រូវ​បាន​បញ្ជូន​ទៅ ដើម្បី​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី Bogota ដើម្បី​ព្យាបាល ។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Sánchez បាន​អះអាង​ថា គ្មាន​ការ​ចង្អុលបង្ហាញ​ណាមួយ​ដែល​ថា យន្តហោះ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​តំបន់​នោះ​ទេ ។ លោក​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា «​សោកនាដកម្ម​ដ៏​ជ្រាលជ្រៅ​សម្រាប់​ប្រទេស​ជាតិ​» ។

គួរ​រំលឹក​ផង​ដែរ​ថា មុន​នេះ​បន្តិច ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​ក៏​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​បូ​លី​វី​ផង​ដែរ នៅ​ពេល​ដែល​យន្តហោះ C-130 មួយ​គ្រឿង​បាន​ធ្លាក់​ក្នុង​ទីក្រុង El Alto ដោយ​បាន​ធ្លាក់​ឆ្ងាយ​ពី​តំបន់​លំនៅ​ដ្ឋា​ន​តែ​បន្តិច​ប៉ុណ្ណោះ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា​.​ប់​ជាង ២០​នាក់ និង​របួស​ប្រហែល​៣០​នាក់​ផ្សេង​ទៀត​៕

កែសម្រួលដោយ