រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿងបើកគេចម៉ូតូមួយគ្រឿង ហើយក៏ទាញចង្កូតមកវិញ បណ្តាលអោយក្រឡាប់ដេកស្តូកទាំងព្រឹក តែពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ។

គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៩ នៅតាមផ្លូវសម្តេចជា ស៊ីម ខាងលិច មជ្ឈមណ្ឌលពាណិជ្ជកម្មបឹងបៃតង ស្ថិតក្នុងភូមិ ច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តដែលក្រឡាប់ខាងលើម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AE-៤៥៩៣ ជារថយន្តមានឃ្លុបសម្រាប់ដឹកទឹកកករបស់សិប្បកម្មផលិតទឹកកកណាណូ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះឡើយ។

តាមព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ដឹកទឹកកកខាងលើធ្វើដំណើរតាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុក៍បានបើកគេចម៉ូតូមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយជួបឧបសគ្គដោយសារមានយានយន្តនៅពីមុខទៀតនោះ ទើបធ្វើឱ្យរថយន្តដឹកទឹកកកបានទាញចង្កូតមកវិញ បណ្តាលឱ្យក្រឡាប់ដេកស្តូកតែម្តង ។

តាមប្រភពដដែលបានអោយដឹងបន្តថា បន្ទាប់ពីគ្រោះថ្នាក់ គេឃើញអ្នកបើកបររថយន្តដឹកទឹកកកបានលូនចេញ តាមកញ្ចក់មុខ ដែលដែលខ្ទេចទាំងផ្ទាំង ដោយពុំមានរងរបួសឡើយ ។ ដោយឡែកដោយសារតែទឹកកកអនាម័យទាំងបាវៗ ពេលក្រឡាប់បណ្តាលអោយទ្វារឃ្លុបរថយន្តខាងក្រោយក៍បានដាច់ចេញផងដែរ។

ក្រោយកើតហេតុ អ្នកបើកបរក៏បានទាក់ទងទៅម្ចាស់សិប្បកម្មដើម្បីយករថយន្តផ្សេងមកសេង និងស្ទូចលើករថយន្តដឹកទឹកកកនេះឡើងវិញ ៕






ចែករំលែកព័តមាននេះ