រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី២៩ខែមេសា លោកជំទាវអោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ខែមេសាដល់ថ្ងៃទី១ខែឧសភា ។ សូមជម្រាបថា លោកជំទាវ អោង សានស៊ូជី បានធ្វើដំណើរត្រង់មកកម្ពុជា បន្ទាប់ពីចូលរួមក្នុង«វេទិកាខ្សែក្រវាត់និងផ្លូវ» លើកទី២ ពីថ្ងៃទី២៥ ដល់ទី២៩ ខែមេសា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។

តាមកម្មវិធីគ្រោងទុក លោកជំទាវ អោង សានស៊ូជី នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ៣០ខែមេសា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរតនកោដ្ឋ។នៅម៉ោង៩ព្រឹក អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការនិងកិច្ចប្រជុំទ្វេភាគីនៅវិមានសន្តិភាព ។
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែមេសាអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៅវេលាម៉ោង៣រសៀល អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងនៅវេលាម៉ោង៤រសៀល អញ្ជើញចូលគាល់ព្រះករុណាព្រះមហាក្សត្រនៅព្រះបរមរាជវាំង ។ នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែលលោកជំទាវ អោង សានស៊ូជី អញ្ជើញចូលរួមពិធីជប់លៀងរៀបចំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព ។

នាវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែឧសភា លោកជំទាវនឹងអញ្ជើញទៅខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន ។ អភិបាលខេត្តសៀមរាប ទទួលរៀបចំអាហារថ្ងៃត្រង់ជូនលោកជំទាវ មុនពេញអញ្ជើញត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ អោង សានស៊ូជី នៅព្រះរាជាណាចក្រកម្ពុជា នឹងពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគី ៕



ចែករំលែកព័តមាននេះ