ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ នាយក​សាលា​​ចេញ​សេចក្តីជូនដំណឹង​ហាម​សិស្ស​​ទាំងអស់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មានការ​ព្រួយបារម្ភ​ក្រែង​ពួក​គេ​ប្រលង​មិន​ជាប់​នាំ​ឱ្យ​ខូចអនាគត ទើប​លោកនាយក​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ជួប​ប្រជុំ​ពិភាក្សា​គ្នា​ចេញ​លិខិត​សេចក្តីជូនដំណឹង​១​ច្បាប់ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​សិស្ស​ណា​ម្នាក់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន (Smart Phone) ក្នុង​បរិវេណ​សាលា​ឡើយ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សង្កេត​ឃើញ​ការ​សិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មានការ​ព្រួយបារម្ភ​ក្រែង​ពួក​គេ​ប្រលង​មិន​ជាប់​នាំ​ឱ្យ​ខូចអនាគត ទើប​លោកនាយក​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត ជួប​ប្រជុំ​ពិភាក្សា​គ្នា​ចេញ​លិខិត​សេចក្តីជូនដំណឹង​១​ច្បាប់ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​សិស្ស​ណា​ម្នាក់​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន (Smart Phone) ក្នុង​បរិវេណ​សាលា​ឡើយ ។ បើសិនជា​នៅ​តែ​រឹង​ចចេស​ប្រើប្រាស់​ទៀត ពេល​ឃើញ​នឹង​ដកហូត រួច​ហៅ​ឪពុក​ម្តាយ​ឱ្យ​ចូល​ទៅ​ទទួល និង​ធ្វើការ​អប់រំ​ណែនាំ​បន្ថែម​ទៀត ។

តាម​ប្រភព​ពី​លោក ខាំ យ៉ា​រិ​ន នាយក​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​ម៉ោង​២​និង​២២​នាទី​រសៀល ថ្ងៃ​ទី​៣០ មេ​សា​នេះ​ថា ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ជា​ប្រយោជន៍​​សម្រាប់​មនុស្ស​គ្រប់​រូប ងាយស្រួល​ប្រើប្រាស់​ប្រាស្រ័យ​ទាក់ទង​គ្នា ។ ប៉ុន្តែ​តាម​ការ​សង្កេត​មើលទៅ​លើ​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​ចំណេះដឹង​ទូទៅ ជា​ពិសេស​សាលារៀន​របស់​លោក​ឃើញ​ថា ការ​ប្រើប្រាស់​របស់​ពួក​គេ​មិន​ចំ​គោលដៅ​ច្រើន គឺ​ពួក​គេ​បែរជា​យក​ទៅ​លេង​ហ្គេ​ម​ពេល​គ្រូ​កំពុង​ពន្យល់​មេរៀន អត់​យកចិត្តទុកដាក់​ស្តាប់​នោះ​ទេ ហើយ​អ្នកខ្លះ​ទៀត​មើល​យូ​ធូប មើល​រឿង​អត់​ប្រយោជន៍ ឆាត​សារ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​លេង​ហ្គេ​ម​តិកតុក​ជាដើម​…. ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម៉ោង​សិក្សា និង​រំខាន​ដល់​អ្នក​ដទៃ​យ៉ាង​ខ្លាំង​។

លោក​បន្ត​ទៀត​ថា ដូច្នេះ​ទើប​លោក​ពិភាក្សា​ជាមួយ​គណៈ​គ្រប់គ្រង​សាលា​ដោយ​ចេញ​សេចក្តី​ប្រកាស​មួយ ដើម្បី​ពញ្ញាក់​ស្មារតី​អាណាព្យាបាល​គ្រប់​រូប មេត្តា​ជួយ​កាត់​បន្ថយ​កុំឱ្យ​កូន​របស់​ខ្លួន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​តាម​ផ្លូវខុស និង​ដើម្បី​ឱ្យ​ពួក​គេ​យក​ពេលវេលា​កាន់​សៀវភៅ​រៀន ទើប​ប្រសើរ​ជាង ព្រោះ​ការ​សិក្សា​របស់​ពួក​គេ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ និង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នកមាន​តួនាទី​អប់រំ​ណែនាំ គឺ​បាន​ត្រឹមតែ​ស្តីប្រដៅ​នៅ​ក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ តែ​ខាងក្រៅ​គឺជា​រឿង​របស់​អាណាព្យាបាល​ម្នាក់​ៗ ដូច្នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​ណែនាំ​ដល់​កូន​ៗ​ផង ដើម្បី​អនាគត​ខ្លួនឯង និង​ជាតិ​របស់​យើង​ផង​ដែរ ។ លើស​ពី​នេះ​ការ​បង្កើត​ច្បាប់ ឬ​សេចក្តីណែនាំ​ខាងលើ តែងតែ​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ជំទាស់​ខ្លះ​ក៏​ពិតមែន តែ​ជា​ប្រយោជន៍​ដើម្បី​រំលឹក​ឱ្យ​សិស្ស​ទាំងអស់​ទុក​ទូរស័ព្ទ​មួយ​លែ​កសិន ត្រូវ​យក​ឱកាស​ចាប់​សៀវភៅអាន​វិញ នោះ​ទើប​ជា​ការ​សំខាន់​ដែល​ម្នាក់​ៗ​ចង់បាន ។

សូម​បញ្ជាក់​ថា លោក ខាំ យ៉ា​រិ​ន នាយក​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេពនិម្មិត​ប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង​ពី​វិន័យ​ថ្មី ដោយ​ហាមឃាត់​សិស្សានុសិស្ស​ទាំងអស់​របស់​សាលា មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ (Smart Phone) គ្រប់​ប្រភេទ នៅ​ទូ​ទាំង​បរិវេណ​សាលា​ជា​ដាច់ខាត កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ ដោយ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម ។ ក្នុង​ករណី​សិស្ស​ណា​ម្នាក់​ហ៊ាន​ប្រើ​ទូរស័ព្ទ​ទំនើប​ល្មើស​នឹង​វិន័យ​នឹង​ត្រូវ​ដកហូត​យក​ទៅ​រក្សា​ទុក​មួយ​រយៈ​សិន​។

ចំពោះ​ការ​ចេញ​វិន័យ​ដ៏​តឹង​រឹង​ថ្មី ដែល​មិន​ធ្លាប់​មាន​តាម​សាលា​រដ្ឋ​ដទៃ​ទៀត​ដូចនេះ គឺ​ដោយ សារ​តែ​កន្លង​មក សិស្សានុសិស្ស​ហាក់ដូចជា​ប្រើ​ទូរស័ព្ទ​ទំនើប​លើស​ពី​ការ​សិក្សា ឬ​ប្រើ​មិន​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​ការ​សិក្សា​នោះ​ទេ ។ លើស​ពី​នេះ បើ​តាម​ការ​បង្ហោះ​សេចក្តីជូនដំណឹង​នៅ​លើ​បណ្តាញ​សង្គម គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន ហើយ​ក៏​មាន​អ្នកខ្លះ​ចង់​ឲ្យ​សាលា​ដទៃ​ទៀត​យក​គំរូ​តាម​ដែរ ដើម្បី​កុំ​ឲ្យ​សិស្សានុ​សិស្ស​ទទួល​រង​ផល​ប៉ះពាល់​ក្នុង​ការ​សិក្សា ដោយ​ព្រោះតែ​ទូរស័ព្ទ​ទំនើប​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ