រាជធានីភ្នំពេញ ៖ ទីតាំងម៉ាស្សា២កន្លែង មានបង្កប់សេវាបម្រើផ្លូវភេទយ៉ាងពេញបន្ទុក និងគ្រប់គ្រងដោយថៅកែជនជាតិចិនត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការស្រាវជ្រាវចុះទៅធ្វើការបង្ក្រាប ។ ដោយបានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិចិនចំនួន១០នាក់ ដែលមានមុខរបរជាអ្នកម៉ាស្សា និងសង្ស័យថា ជាស្ត្រីរកស៊ីផ្លូវភេទនៅក្នុងទីតាំងនោះផងដែរ ។

ក្រៅពីនេះបុរសជនជាតិចិន២នាក់ទៀត ដែលជាមេការនៅក្នុងហាងម៉ាស្សាទាំង២ខាងលើក៏ត្រូវបានឃាត់ខ្លួនដែរ ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយស្ត្រីជនជាតិចិនម្នាក់ដែលជាថៅកែបានរត់គេចខ្លួនបាត់ស្រមោល ។ មិនតែប៉ុណ្ណោះកម្លាំងសមត្ថកិច្ចចម្រុះខាងលើបានរកឃើញស្រោមអនាម័យមិនទាន់ប្រើប្រាស់ជាច្រើនប្រអប់ព្រមទាំងស្រោមដែលប្រើរួចជាច្រើនទៀត ។ ការចុះបង្ក្រាបនោះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ «អ៊ីហុងយ៉ាន» ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ 14J និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ1J តាមបណ្ដោយផ្លូវលេខ113 ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចបាននិយាយថា ទីតាំងម៉ាស្សាទាំង២កន្លែងនេះមានថៅកែជាជនជាតិចិនឈ្មោះភីង អ៊ី ភេទស្រី អាយុ៥០ឆ្នាំ ដែលកំពុងរត់គេចខ្លួន ហើយនៅលើទីតាំងនីមួយៗមានបំពាក់ស្លាកយីហោជាអក្សរចិនសុទ្ធសាធ ហើយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ។ កន្លងមកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា ហាងម៉ាស្សាយីហោ «អ៊ីហុងយ៉ាន» ២ទីតាំងនេះមើលពីខាងក្រៅ គឺម៉ាស្សាទេ ប៉ុន្តែនៅខាងក្នុងបែរជាបម្រើសេវាផ្លូវភេទទៅវិញ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំងបានធ្វើការស្រាវជ្រាវរហូតដល់ដឹងការពិតទើបចុះបង្ក្រាបដោយស្ងាត់ៗ ប៉ុន្តែទីបំផុតថៅកែនៅតែដឹងខ្លួនទាន់ ហើយរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា ពេលចុះទៅដល់ផ្ទះលេខ1J រកឃើញស្រោមអនាម័យចំនួន៤ប្រអប់ធំ ព្រមទាំងឃាត់ខ្លួននាងៗបានចំនួន៥នាក់ និងបុរសជាមេការម្នាក់បន្ទាប់មកបានបន្តទៅផ្ទះលេខ14J រកឃើញស្រោមអនាម័យមួយចំនួនធំ និងឃាត់ខ្លួននាងៗចំនួន៥នាក់ និងបុរសជាមេការម្នាក់ ។ ប្រភពដដែលបានបន្តថា ក្រោយពីការចាប់ខ្លួនកម្លាំងបាននាំខ្លួនមនុស្សទាំង១២នាក់ទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យរង់ចាំប្រគល់ជូននគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ មិនតែប៉ុណ្ណោះកម្លាំង លើកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនស្ត្រីដែលជាថៅកែទីតាំងម៉ាស្សាខាងលើ ដែលកំពុងរត់គេចខ្លួននោះហើយ ដោយឡែកទីតាំងទាំង២នេះត្រូវបានកម្លាំងទម្លាក់ស្លាកចេញ និងបិទទ្វារចោលតែម្ដង មិនអនុញ្ញាតឲ្យមានដំណើរការតទៅទៀតឡើយ ៕




ចែករំលែកព័តមាននេះ