ទាន់ហើយ…តែប្រពន្ធសុខចិត្តឱ្យលោកប្តីនៅរួមរ័កជាមួយស្រីយ៉ាងស្កប់ស្កល់សិន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាប្តីបានជាប់ចោទលួចនាំស្រីស្នេហ៍ចូលក្រេបទឹកឃ្មុំនៅផ្ទះសំណាក់យ៉ាងស្កប់ ស្កល់អស់មួយយប់ ក៏ត្រូវស្ត្រីជាប្រពន្ធនិងកូនប្តីមុនតាមទាន់ ដោយចុចតាមប្រព័ន្ធGPSពន្លត់ម៉ាស៊ីនរថ
យន្ត ខណៈប្តីបើកចេញពីក្នុងផ្ទះសំណាក់ ដោយដឹកស្រីស្នេហ៍របស់ខ្លួនផង ទើបមានការចាប់ឃាត់ស្រីស្នេហ៍ផ្អើលទាំងព្រឹក ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៩ មេសា នៅចម្ងាយប្រមាណជិត១០០ម៉ែត្រ ពីផ្ទះសំណាក់លក្ខណ៍ប៊ូទិចម៉ូតែល ស្ថិតនៅតំបន់បឹងកក់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសដែលជាប់ចោទលួចមានស្រីកំណាន់នោះឈ្មោះ សុភ័ក្រ អាយុប្រមាណជាង៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី និងដឹកភ្ញៀវ មានទីលំនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ២AM-៧៨៨៥ ។ ចំណែកស្រីស្នេហ៍ឈ្មោះ លីន អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែចំការ មានលំនៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើត ហេតុ បុរសជាប្តីបាននាំស្រីស្នេហ៍ចូលផ្ទះសំណាក់លក្ខណ៍ប៊ូទិចម៉ូតែល ។ បន្ទាប់ពីត្រេកត្រអាលយ៉ាងស្កប់ស្គាល់អស់មួយយប់ ព្រឹកឡើងពេលជិះរថយន្តចេញវិញ ក៏ត្រូវចុចពន្លត់ម៉ាស៊ីនរថយន្តបើកទៅមុខលែងរួច ទើបស្ត្រីជាប្រពន្ធនិងកូនប្រុសប្តីមុន ចូលទៅដោះស្រាយគ្នា ដោយចាប់ដៃនារីជាស្រីស្នេហ៍ជាប់ និងថតទុកជាភស្តុតាងដែលបានចោទថា ជាសហាយស្មន់នឹងគ្នា ។

នៅព្រឹកនោះ ស្ត្រីជាប្រពន្ធក៏បានចាប់ដៃស្រីស្នេហ៍ជាប់ ហើយបុរសជាប្តីក៏បានព្យាយាម ទៅប្រតាយរំដោះចេញ ក៏មានការទាស់ទែងគ្នាបែកផ្សែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ ភ្លាមៗនោះបុរសជាប្តីក៏បានគេចខ្លួនបាត់ចោលរថយន្ត ។ ដោយឡែកនារីជាស្រីស្នេហ៍ ត្រូវបានស្ត្រីជាប្រពន្ធចាប់ដៃជាប់ហើយ នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងក្រោយមកដោះលែងវិញ បន្ទាប់ពីនគរបាលណែនាំឱ្យទៅប្តឹងនៅមូលដ្ឋាន ។
តាមស្ត្រីជាប្រពន្ធសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ការតាមចាប់ស្ត្រីជាសហាយស្មន់ប្តីនេះគឺដើម្បីទុកជាភស្តុតាង ដើម្បីប្តឹងលែងលះប្តីដែលលួចមានស្រីជាបន្តបន្ទាប់និងលក់រថយន្តយកប្រាក់សងគេ ចង់ប្តីនោះទៅណាទៅចុះគាត់លែងយកជាប្តីទៀតហើយ ។ ស្ត្រីជាប្រពន្ធបានឱ្យដឹងថា គាត់ជាស្ត្រីមេម៉ាយបែកបាក់គ្នា ជាមួយប្តីមុនអស់រយៈពេលប្រមាណ១៧ឆ្នាំមកហើយ ។ គាត់ក៏បានរៀបការរស់នៅជាមួយប្តីថ្មីរូបនេះ ដោយពុំមានកូននោះទេ ព្រោះគាត់មានជំងឺខ្សោយ ។ ការរស់នៅជាមួយគ្នា ប្តីតែងតែលួចមានស្រីធ្វើបាបចិត្តគាត់ឱ្យទឹកភ្នែករាល់ថ្ងៃ តែគាត់នៅតែស្រឡាញ់ប្តី ។
ឆ្នាំ២០០៩ប្តីនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង គាត់បានខំព្យាបាលនិងមើលថែប្តីរហូតដល់ជា ហើយរយៈពេលប្រមាណ៣ឆ្នាំមុននេះ ប្តីមានជំងឺទឹកនោមផ្អែមក៏នៅតែខំថែទាំប្តី តែសម្រាប់ប្តីវិញមិនបានយកចិត្តទុកដាក់នោះទេ ទោះបីជាគាត់មានជំងឺបេះដូង លើសឈាមក៏មិនខ្វល់ ទៅលួចមានស្រីដេកចោលផ្ទះ ហើយគាត់តាមចាប់បានទាំងលេខទូរស័ព្ទនិងទាក់ទងគ្នាតាមហ្វេសប៊ុក ។

ស្ត្រីជាប្រពន្ធបានបន្តទៀតថា នេះជាលើកទី៤ ដែលគាត់តាមទាន់ប្តីលួចមានស្រីនៅក្នុងរយៈពេលប្រមាណ១ឆ្នាំនេះ ព្រមទាំងធ្វើការណែនាំអប់រំឱ្យឈប់ទាក់ទងស្រីទៀត តែប្តីមិនស្តាប់ ហើយកូនគាត់បានលួចបំពាក់ជីភីអេសក្នុងរថយន្តដើម្បីចាប់ភស្តុតាងប្តី ។ នៅមុនថ្ងៃកើតហេតុ២ថ្ងៃ លោកប្តីបានឱ្យគាត់ដឹងថា ទៅខេត្តកំពតដោយឱ្យអ៊ុតខោអាវយ៉ាងស្អាតឱ្យផង មិននឹកស្មានថា ណាត់ជួបស្រីដេកផ្ទះសំណាក់បែបនេះសោះ ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា តាមរយៈជីភីអេស នៅវេលាម៉ោងប្រមាណជាង៩និង៣០នាទីយប់ថ្ងៃទី២៨ មេសា គាត់ក៏បានតាមរកឃើញប្តីនាំស្រីមកដេកផ្ទះសំណាក់លក្ខណ៍ប៊ូទិចម៉ូតែល ហើយគាត់ក៏បានត្រឡប់ទៅផ្ទះវិញ ។ លុះនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺក៏បានត្រឡប់មកវិញ រង់ចាំរហូតដល់ម៉ោងប្រមាណ៦ព្រឹកទើបឃើញប្តីចេញពីផ្ទះសំណាក់ ហើយត្រូវកូនប្រុសចុចជីភីអេសពន្លត់ម៉ាស៊ីន ទើបឃាត់ស្ត្រីដែលជាសហាយស្មន់ប្ទិបានតែម្តង ។

តាមនារីជាស្ត្រីស្នេហ៍បានឱ្យដឹងថា នាងមានទំនាក់ទំនងជាមួយបុរសរូបនោះ រយៈពេលប្រមាណ១ខែតាមរយៈហ្វេសប៊ុក ហើយទើបតែណាត់ជួបគ្នាជាលើកទី១នេះទេ ។ នាងបានបន្តទៀតថា ការទាក់ទងគ្នានោះបុរសរូបនោះបានប្រាប់ថា ខ្លួនគ្មានប្រពន្ធនោះទេ រស់នៅជាមួយឪពុកហើយតែងតែទាក់ទងគ្នាតាមការឆាតទូរស័ព្ទ ។ ប្រមាណ២ថ្ងៃមុននេះ បុរសរូបនោះ ក៏បានណាត់នាងហៅមកភ្នំពេញដោយប្រាប់ថា ឱ្យលុយចាយ ។ ព្រោះតែចង់បាន ប្រាក់ឪពុកឈឺ ក៏បានធ្វើដំណើរមកដល់ភ្នំពេញនៅវេលាល្ងាចត្រូវបុរសរូបនេះ ចាំទទួលនៅគល់ស្ពានជ្រោយចង្វា ក៏បាននាំគ្នាមកដេកផ្ទះសំណាក់ ស្រាប់តែប្រពន្ធមកទាន់តែម្តង ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅព្រឹកនោះ ស្ត្រីជាប្រពន្ធក៏បានឃាត់ខ្លួននារីជាស្រីស្នេហ៍ នាំទៅប៉ុស្តិ៍ស្រះចក ហើយត្រូវនគរបាលធ្វើការណែនាំឱ្យទៅប្តឹងនៅមូលដ្ឋាន ក្រោយមក ក៏បានលែងនារីនោះឱ្យត្រឡប់ទៅផ្ទះវិញ ។ ដោយឡែក រថយន្តត្រូវបានហៅរថយន្តមកស្ទួចយកទៅផ្ទះ ព្រោះរថយន្តនោះអត់ឆេះដោយសារបុរសជាប្តីយកកូនសោតាមខ្លួនទៅបាត់ ៕

ចែករំលែកព័តមាននេះ