រាជធានីភ្នំពេញ ៖ មកដល់ទឹកដីកម្ពុជាលើកដំបូងអ្នកនយោបាយបែបប្រជាធិបតេយ្យលោកស្រីអោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណៈសហភាពមីយ៉ាន់ម៉ាបានលើកពីស្ថានភាព នយោបាយនៅក្នុងប្រទេសខ្លួនមានភាពល្អប្រសើរ ក្រោយពីការបោះឆ្នោតដោយសេរីត្រឹមត្រូវ កាលពីពេលកន្លងមក ។ ក្នុងជំនួបពិភាក្សាជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោកស្រី អោង សានស៊ូជី បានលើកឡើងពីស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ក្រោយពីមានការបោះឆ្នោតដោយសេរី បានធ្វើឲ្យប្រទេសជាតិមានការកែទម្រង់ និងបង្រួបបង្រួមជាតិ ។
លោកស្រីបានលើកឡើងពីសារៈសំខាន់របស់រដ្ឋសភាដែលជាកន្លែងតាក់តែងច្បាប់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ ដំណើរការប្រជាធិបតេយ្យ ។ ចំណែកសម្តេចហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា រដ្ឋសភាកម្ពុជាចង់ឃើញរដ្ឋាភិបាលទាំងពីរ (កម្ពុជា និងមីយ៉ាន់ម៉ា) បន្តពិចារណារួមគ្នាថែម ទៀតគិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិ៍ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេសវិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍន៏សេដ្ឋកិច្ច ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ាជាប្រទេសភូមិផងដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នាគោរពប្រណិបត្តិ ព្រះពុទ្ធ សាសនាដូចគ្នា ។ សម្តេចក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។ នាពេលកន្លងមកសភាប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនផងដែរ ។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានាដូចជា អាយប៉ា និងASEPជាដើម ។
ជាមួយគ្នានោះដែរសម្តេចហេង សំរិន បានជម្រាបលោកស្រីអោង សានស៊ូជី ថានៅឆ្នាំ២០២០ នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ របស់អាសិប (SSEP) ហើយសភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ានឹងអញ្ជើញចូលរួមផងក្នុងជំនួបលោកស្រីទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានគាំទ្រការលើកឡើងរបស់សម្តេច ហេង សំរិន ដែលចង់ឃើញប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាកាន់តែស៊ីជម្រៅ ។ លោកបានជម្រាបសម្តេចថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកស្រី និងសម្តេចតេជោ នាយករដ្ឋមន្ត្រីបានជជែកគ្នាជាច្រើនពីការពង្រឹងពង្រីកទំនាក់ទំនងខាងវិស័យវប្បធម៌ ។
លោកស្រីបានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិតរួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ ។ លោកស្រីបានលើកឡើងថាលោកស្រីក៏ចង់ឃើញប្រទេសទាំងពីរមានទំនាក់ទំនងល្អលើវិស័យទេសចរណ៍អប់រំ ជាពិសេសលោកស្រីចង់ឃើញឲ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រាសាទអង្គរវត្តកម្ពុជា និងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា ។ សម្តេចប្រធានរដ្ឋសភាបានអបអរសាទរចំពោះជោគជ័យនៃនយោបាយបង្រួបបង្រួមជាតិការធ្វើកំណែទម្រង់សេដ្ឋកិច្ចសង្គមក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រីដែលបានសម្រេចបានជាបន្តបន្ទាប់មកនេះ ។
ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភាបានអរគុណប្រទេសមីយ៉ាន់ម៉ាដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់សមណនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសមីយ៉ាន់ម៉ា ។ សម្តេចហេង សំរិន បានស្នើសុំលោកជំទាវជួយគាំទ្រដល់អ្នកវិនិយោគទុនកម្ពុជាដែលបានទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះមានប្រមាណ៣០ក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ