ឧកញ៉ា ស្រី សុធា អគ្គនាយក(7NG)ថានឹងដោះស្រាយឱ្យបានអស់មុនដាច់ឆ្នាំនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាលទ្ធផលនៃការជួបគ្នា រវាងប្រជាពលរដ្ឋនិងឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន សេវេនអេនជីគ្រុបនៅព្រឹកថ្ងៃដដែល គឺក្រុមហ៊ុនបានធ្វើលិខិតអះអាងថា នឹងដេាះស្រាយដីជូនប្រជាពលរដ្ឋដែលបានបង់ប្រាក់គ្រប់ចំនួនអោយអស់មុនដំណាច់ឆ្នាំ២០១៩នេះ ។ ដោយការទទួលបានលិខិតធានាអះអាងនេះ ក្រុមប្រជាជនដែលជាអតិថិជនបាននាំគ្នារំសាយត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញអស់ផងដែរ ។

គួររំលឹកថា ក្រុមប្រជាពលរដ្ឋប្រមាណជិត២០០នាក់ នៅព្រឹកថ្ងៃទី២៩ មេសា បានលើកគ្នាទៅតវ៉ានៅទីស្នាក់ការរបស់ក្រុមហ៊ុនសេវេនអេនជីគ្រុប(7NG) ដែលមានទីតាំងស្ថិតក្នុងឃំុវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីទាមទារយកដីពីក្រុមហ៊ុន ដែលពួកខ្លួនបានបង់ប្រាក់ឱ្យក្រុមហ៊ុនរួចរាល់ហើយ ប៉ុន្តែពំុទាន់ទទួលបានដីជាកម្មសិទ្ធិ ។

សូមបញ្ជាក់ទៀតថា លិខិតធានាអះអាងខាងលើនេះ គឺឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន សេវេនអេន
ជី បានធ្វើឡើងនៅចំពេាះមុខអតិថិជនរបស់ខ្លួនទាំងអស់គ្នា និងចំពោះមុខមេធាវី តំណាងឱ្យអតិថិជនផងដែរ។ តាមការកត់សម្គាល់ការផ្ទុះចលនាទាមទារដីពីក្រុមហ៊ុន 7NGនេះ ត្រូវបានប្រជាពលរដ្ឋដែលបង់លុយរាល់ខែទិញដីបានចោទប្រកាន់ថា ជាក្រុមហ៊ុនធ្វើនំអត់ម្សៅ តែងតែយកលេស១០០ជំពូក ពោលគឺលក់ដីឡូត៍តែពេលបង់រំលស់បញ្ចប់រហូតដល់១០ឆ្នាំ មិនដឹងថាដីនោះនៅកន្លៀតណា ។

ខណៈដែលមានអតិថិជនម្នាក់ គឺលោក សាន់ រតនា កាលពីថ្ងៃទី២៥ មេសា បានតវ៉ាតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកបានទិញដីនៅក្រុមហ៊ុន 7NG ចំនួន២ឡូត៍ ដោយបង់រំលស់១០ឆ្នាំ ។ ពេលបានបង់បញ្ចប់ហើយ មិនដឹងដីនៅទីណាទេ លុះទៅសាកសួរនៅក្រុមហ៊ុនគេតែងតែរកលេសនេះលេសនោះគ្រប់ពេលវេលា ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ឧកញ៉ា ស្រី ចន្ធូ ធ្លាប់បកស្រាយថា ចំពោះការយឺតយ៉ាវលោកពិតជាទទួលស្គាល់ ។ លោកក៏សូមអភ័យទោសចំពោះអតិថិជនដែលនៅមិនទាន់ទទួលបានដីឡូត៍ផងដែរ ព្រោះកិច្ចការដែលពួកលោកធ្វើទាំងអស់គ្នា គឺច្រើនណាស់ ដែលជាប្រយោជន៍រួម សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអតិថិជនរបស់លោកទាំងអស់ ។

អតិថិជនទាំងអស់សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចកុំព្រងើយជុំវិញបញ្ហានេះ ដោយសារតែអ្នកពុះពារបង់រំលស់ទិញពីក្រុមហ៊ុន 7NG នេះគឺជាមន្ត្រីរាជការតូចតាច និងពលរដ្ឋក្រីក្រដោយបានទិញតាមរយៈសហគមន៍ជនក្រីក្រ ៕









ចែករំលែកព័តមាននេះ