ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសេរី កុសល ជាប់​ចោទ​បា.ញ់​គំរាម​សម្លា.ប់…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក សេរី កុសល ដែលគេ​ស្គាល់​ថា ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាលកម្ពុជា បាន​ត្រូវ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ស្រុកសំឡូត ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​កង​រាជ​អាវុធហត្ថ ដោយ​ចោទប្រកាន់​ថា​បាន​ប្រើប្រាស់​កាំភ្លើងអាកា​៤៧…

ខេត្តបាត់ដំបង ៖ លោក សេរី កុសល ដែលគេ​ស្គាល់​ថា ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាលកម្ពុជា បាន​ត្រូវ​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ស្រុកសំឡូត ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​កង​រាជ​អាវុធហត្ថ ដោយ​ចោទប្រកាន់​ថា​បាន​ប្រើប្រាស់​កាំភ្លើងអាកា​៤៧ បាញ់​គំរាមសម្លាប់​ពួក​គាត់ ខណៈ​ពួក​គាត់​៤​នាក់​កំពុង​អង្គុយ​រើស​ផ្លែ​សំរង​ភ្នំ នៅ​ក្នុង​ព្រៃ​មួយ​កន្លែង កាលពី​ជាង​មួ​យស​ប្ដា​ហ៍មុន​នេះ ដែល​ការ​បាញ់នោះ​គឺ លោក​សេរី កុសល
បាន​ចោទ​ពួក​គាត់​ថា ​ជាអ្នក​កាប់​ទន្ទ្រានព្រៃ​នៅ​តំបន់​នោះ​។

សំណុំរឿង​បាញ់​គំរាម​សម្លាប់​ពលរដ្ឋ​ដោយ​មន្ត្រីជាន់ខ្ពស់​ខាងលើ​នេះ ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​
ទី​២៨ ខែមេសា ដោយសារ​តែគ្រួសារ​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត រួម​ទាំង​មន្ត្រី​នានា​ដែល​រស់​នៅ​តំបន់​នោះ​ផង មានការ​ឈឺចាប់ មិន​អាច​ស៊ូទ្រាំ​នឹង​ទ​ង្វើ​នោះ​បាន រីឯ​សមត្ថកិច្ច​ដែល​ទ​ទូល​ចាត់ការ​លើ​បណ្ដឹង​បាញ់ប្រហារ​នេះ ​ហាក់​ស្ងាត់ឈឹង​មិន​កម្រើក​ទៀត ។

យោង​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​លោក​សេរី កុសល ប្រើ​ប្រាស់​កាំភ្លើង​អាកា​៤៧ បាញ់​គំរាម​សម្លាប់​ពលរដ្ឋ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥៧​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា កន្លង​ទៅ​ថ្មី​ៗ​នេះ ខណៈ​ដែល​ពលរដ្ឋ​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ កំពុង​នាំ​គ្នា​អង្គុយ​រើស​ផ្លែ​សំរង​ភ្នំ​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ក្បែរ​ដីចម្កា​រលោក សេរី កុសល ត្រង់​ចំណុច​ភ្នំ​រទេះសេះ ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ។

ប្រភព​ដដែល​បន្ត​ថា លោក សេរី កុសល បាន​កាន់​កាំភ្លើង​អាកា​ស្វាយ​បត់ បាញ់​ផ្ញុច​ដី​១​គ្រាប់​ក្បែរ​ខ្លួន​យុវ​ជន​ម្នាក់​ដែល​កំពុង​អង្គុយ​រើស​ផ្លែ​សំរង ជាមួយនឹង​សម្រែក​គំរាម​បាញ់​សម្លាប់ ខណៈ​អង្គរក្ស​របស់​គាត់​ម្នាក់​កាន់​កាំបិត​ខ្វែវ​នៅ​ក្នុង​ដៃ​។ មន្ត្រី​ដដែល​បញ្ជាក់​ថា ជាមួយនឹង​ការ​ផ្ទុះអាវុធ​នេះ លោក សេរី កុសល បាន​ចោទប្រកាន់​ពលរដ្ឋ​ថា​«​ជា​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​» ។

ពលរដ្ឋ​ទាំង​៤​នាក់​ខាងលើ​នេះ​មាន ១-​ឈ្មោះ ហ៊ិ​ន ដា​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ មាស រ៉េ​នភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទាំង​២​នាក់​នេះ​ជា​ប្ដី​ប្រពន្ធ ៣-​ឈ្មោះ ផុ​ន វី​រៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កូន និង​៤-​ឈ្មោះ ឡុ​ក ឃឹម ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​អ្នក​ភូមិ​នៅ​ក្បែរ​គ្នា ។

លោក ហ៊ិ​ន ដា​នី បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា​ថា ក្រុម​គ្រួសារ​របស់​គាត់​ចំនួន​៣​នាក់ និង​អ្នក​ភូមិ​ម្នាក់ទៀត ពិតជា​បាន​រង​ការ​បាញ់​គំរាម​សម្លាប់​ពី​សំណា​ក់​លោក សេរី កុសល មែន ។ គាត់​និយាយ​ថា អ្នក​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ មាន​រូប​គាត់ ប្រពន្ធ​គាត់ កូនប្រុស​គាត់ និង​អ្នក​ភូមិ​ម្នាក់​ទៀត ដូច​មានឈ្មោះ​ខាងលើ ។ គាត់​គ្រាន់តែ​ជា​អ្នក​រើស​ផ្លែ​សំរង​ដើម្បី​លក់​ចិញ្ចឹម​ជីវភាព​គ្រួសារ តែ​ត្រូវ​លោក សេរី កុសល បាញ់​គំរាម​ហើយ​ចោទ​ពួក​គាត់​ថា ជា​អ្នក​កាប់​ទន្ទ្រានព្រៃ​ទៅ​វិញ​» ។

ចំណែក​អ្នកស្រី មាស រ៉េ​ន និយាយ​ថា ពេល​ពួក​គាត់​កំពុង​នាំ​គ្នា​រើស​ផ្លែ​សំរង ស្រាប់តែ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​ពណ៌​ស​១​គ្រឿង បើក​មក​ឈប់​លើ​ផ្លូវ​ក្បែរ​នោះ​ប្រហែល​៥០​ម៉ែត្រ ។ គ្រានោះ​គាត់​ឃើញ​មនុស្ស​ប្រុស​២​នាក់​ចុះ​ពី​រថយន្ត​ដើរ​សំដៅ​មក​រក​ពួក​គាត់ ហើយ​ក្នុង​ចំណោម​នោះ​គាត់​ស្គាល់​ច្បាស់​ម្នាក់​គឺ​លោក សេរី កុសល ដែល​កាន់​កាំភ្លើង​អាកា និង​ម្នាក់​ទៀត​ទំនងជា​អង្គរក្ស កាន់​កាំបិត​ខ្វែវ ។

អ្នកស្រី​បន្ត​ថា លោក សេរី កុសល បាន​ដើរ​យ៉ាង​លឿន​សំដៅ​កូនប្រុស​គាត់​ដែល​កំពុង​អង្គុយ រើស​ផ្លែ​សំរង ដោយ​មិន​និយាយ​ស្ដី​ទេ ស្រាប់តែ​លើក​កាំភ្លើង​បាញ់​បុកដី​ឃ្លាត​ពី​កូន​គាត់​ប្រហែល​១​ម៉ែត្រ រួច​ស្រែក​គំរាម​ថា «​ពួក​ឯង​ជា​ពួក​កាប់​រាន​ព្រៃ​» ។ មិនតែប៉ុណ្ណោះ លោក សេរី កុសល ស្រែក​គំរាម​បាញ់​សម្លាប់​ពួក​គាត់​ទៀត​ផង ។

គាត់​បញ្ជាក់​ថា ពេល​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ប្រឈម​បែប​នេះ ប្ដី​របស់​គាត់​បាន​យក​ទូរស័ព្ទ​ថត​សកម្មភាព តែ​ត្រូវ​លោក សេរី កុសល ស្ទុះ​ទៅ​ទះកំផ្លៀង​ប្ដី​គាត់​ដោយ​ស្រែក​គំរាម​មិន​ឲ្យ​ថត ។ រីឯ​អង្គរក្ស​គាត់​ក៏​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ពី​ដៃ​លោក​សេរី កុសល ចេញ​ភ្លាម​ៗ​ដែរ ខណៈ​គាត់​ស្ទុះ​ទៅ​ចាប់​រុញ​លោក សេរី កុសល ចេញ ព្រោះ​ខ្លាច​វាយ​ប្ដី​គាត់​ទៀត ។

បន្ទាប់​ពី​មានការ​ប្រទូស្ដ​រា​៉​យ​គ្នា​មួយ​ប្រាវ​ទើប​បែក​គ្នា​រៀង​ៗ​ខ្លួន ។ ជា​មួយ​នឹង​ការ​ផ្ទុះអាវុធ​នេះ អ្នកស្រី មាស រ៉េ​នបញ្ជាក់​ថា មិន​បណ្ដាល​ឲ្យ​កូនប្រុស​គាត់​គ្រោះថ្នាក់​ទេ តែ​ពេល​បាញ់​​នោះ​ធ្វើ​ឲ្យ​ខ្ទាត​ថ្ម​ត្រូវ​របួស​ជើង​កូន​គាត់ ។

លោក ហ៊ិ​ន ដា​នី បាន​និយាយ​ដែរ​ថា ក្រោយហេតុការណ៍​កើតឡើង នៅ​រសៀល​ថ្ងៃ​ដដែលក្រុម​គ្រួសារ​គាត់​និង​អ្នក​ភូមិ​ម្នាក់​ទៀត បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​សំឡូត តែ​គេ​មិន​ហ៊ាន​ទទួល​ពាក្យ​បណ្ដឹង​របស់​គាត់​ទេ ខណៈ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ប្រចាំ​ច្រក​តំបន់​«៤០០» បាន​ទទួល​និង​សួរនាំ​ខ្លះ​ៗ​ពី​បញ្ហា​នេះ ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ គាត់​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ផង​ដែរ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំឡូត ដើម្បី​ឲ្យជួយ​អន្តរាគមន៍ តែ​រហូត​មក​ដល់​ពេល​នេះ​ហាក់ដូច​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​នៅឡើយ​ទេ ។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​ស្វែងរក​ប្រភព​ណាមួយ​ពី​ភាគី​លោក សេរី កុសល ឬ​លោក​សេរី កុសល ដោយ​ផ្ទាល់ ដើម្បី​បំភ្លឺ​តប​ទៅ​នឹងការ​ចោទប្រកាន់​ខាងលើ​នេះ​បាន​នៅឡើយ​ទេនា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា តែ​រំពឹង​ថា​ក្រោយ​ការ​ចុះ​ផ្សាយ​ពី​សំណុំរឿង​នេះ លោក​ពិតជា​ធ្វើការ​បកស្រាយ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ជាមិន​ខាន ។

ប៉ុន្តែ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​សំឡូត លោក ជួប នោ បាន ប្រាប់​កោះ​សន្តិភាព​នា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ថា ពិតជា​មាន​ប្រជាពលរដ្ឋ​ប្ដឹង​ចោទប្រកាន់​លោក សេរីកុសល មែន​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អា​វុធ​​ខាងលើ​។ ប៉ុន្តែ​លោក ជួប នោ មិន​បាន​និយាយ​លំអិតពាក់ព័ន្ធ​នឹង​ហេតុការណ៍​បាញ់​គំរាម​ពលរដ្ឋ​នេះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ប្រាប់​យ៉ាង​ខ្លី​ថា «​រឿង​នេះ​កំពុង​ស៊ើបអង្កេត​.. ហើយ​ពេល​នេះ ខ្ញុំ​កំពុង​ប្រជុំ​នៅ​​ខេត្ត​»​។

ទោះជា​យ៉ាងណា បើ​តាម​ការ​ពិនិត្យ​លើ​រូបភាព​ដែល​គេ​អះអាង​ថា ជា​សកម្មភាព​របស់​លោកសេរី កុសល ពាក់អាវ​ស​ដៃខ្លី មាន​កាន់​កាំភ្លើង​អាកា​ស្វាយ​បត់​ថ្មី​សន្លាង​ក្នុង​ដៃ​ផង​នោះ ព្រមទាំង​បើកភ្នែក​ធំ​ៗ​ត្រូវ​បាន​ជន​រង​គ្រោះ​អះអាង​ថា គឺ​ពួក​គាត់​ជា​អ្នក​ថត​សកម្មភាព​លោក សេរី កុសល ដោយ​ផ្ទាល់​នៅ​ថ្ងៃ​កើតហេតុ​នោះ​។ លោក សេរី កុសល បាន​ព្យាយាម​ដណ្ដើម​ទូរស័ព្ទ និង​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ដែរ តែ​ពួក​គាត់​មិន​ព្រម​លុប​ទេ ព្រោះ​ទុកជា​ឯកសារ ដើម្បី​ប្ដឹង​ទៅ​សមត្ថកិច្ច​។ រហូត​ដល់​ពេល​នេះ មិន​ទាន់​មាន​តម្រុយ​អំពី​ចំណាត់​ការ​របស់​សមត្ថកិច្ច​យ៉ាងណា​នៅឡើយ​ទេ គឺ​ហាក់ដូចជា​ស្ងាត់ច្រៀប​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ