ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់ ដែលត្រី​ប្រមាណ​​ជាង​​២០​តោន​​​បានងាប់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ត្រី​គ្រប់​ប្រភេទ​ប្រមាណ​ជាង​២០​តោន​ បាន​ងាប់​អណ្តែត​ហើម​ត្រៀបត្រា​ពេញ​ផ្ទៃ​បឹង​ទន្លេ​ឆ្មារ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ។ លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ…

ខេត្តកំពង់ធំ ៖ ត្រី​គ្រប់​ប្រភេទ​ប្រមាណ​ជាង​២០​តោន​ បាន​ងាប់​អណ្តែត​ហើម​ត្រៀបត្រា​ពេញ​ផ្ទៃ​បឹង​ទន្លេ​ឆ្មារ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ។ លោក ប៉ែន វ​ណ្ណា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា​ ថា ដោយ​មានការ​ព្យាករណ៍​អំពី​អាកាសធាតុ​ឆ្នាំ​២០១៩​នេះ មាន​កម្តៅ​កើនឡើង​ខ្លាំង មេឃ​ក្រ​ធ្លាក់​ភ្លៀង​នោះ កន្លង​មក​នៅ​ពេល​ជួប​បញ្ហា​នេះ តែងតែ​បណ្តាល​ឲ្យ​ត្រី​នៅ​ក្នុង​ទន្លេ​ឆ្មារ​ងាប់​អស់​ជា​ច្រើន​តោន ។

ដោយ​មាន​បទ​ពិសោធ​កន្លង​មក នៅ​ឆ្នាំ​២០១៩​នេះ នៅ​ពេល​ដែល​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត ដែល​ជា​ហេតុ​
ធ្វើ​ឲ្យ​ទឹកទន្លេ​ឆ្មារ​រាក់ បណ្តាល​ឲ្យ​ត្រី​ងាប់ នឹង​ដើម្បី​កាត់​បន្ថយ​ការ​ងាប់​ត្រី​នោះ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​រៀបចំ​អូស​ដើម​កំប្លោក​ដាក់​ពង្រាយ​ចូល​ទៅ​ក្នុង​ផ្ទៃ​ទឹកទន្លេ​ឆ្មារ ដែល​ជា​ការ​ប្រុងប្រៀប​ទប់ទល់​ទៅ​នឹង​ស្ថានភាព​អាកាសធាតុ​ក្តៅ​ហួតហែង​នេះ ។

លោកនាយ​ខណ្ឌ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ មេ​សា​នេះ មាន​ត្រី​ងាប់​អស់​ចំនួន​ជាង​២០​តោន ឃើញ​ថា​ច្រើន តែបើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​មក​ដែល​យើង​មិន​បាន​ត្រៀម ដាក់​ពង្រាយ​កំប្លោក​នោះ គឺ​មាន​ត្រី​ងាប់​រហូត​ដល់​ទៅ​៩០​តោន ។ លោក​និយាយ​ថា ក្នុង​នោះ​ដែរ ខណ្ឌ​ក៏​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​នាំ​គ្នា​ចូល​ទៅ​ចាប់​ត្រី​ដែល​ងាប់​នោះ​ទេ ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​ត្រី​ពុល ងាប់​រឹតតែ​ច្រើន​ថែម​ទៀត នៅ​ពេល​ដែល​ទឹកល្អក់​រឹតតែ​ខ្លាំង​នោះ ។

លោក​បន្ត​ថា នេះ​មិនមែន​បាន​ន័យ​ថា​ត្រី​ឈប់​ងាប់​នោះ​ទេ តែ​ក៏​អាច​នឹង​ងាប់​បន្ត​ទៀត ប្រសិនបើ​អាកាស​ធាតុ​​នៅ​តែ​ក្តៅ​ខ្លាំង ហើយ​មិន​មាន​ភ្លៀង​ធ្លាក់​នោះ ។ ប្រភព​ត្រី​ងាប់​នៅ​បឹង​ទន្លេ​ឆ្មារ​រួម​មាន ត្រី​រៀល​១២​តោន ត្រី​ក្រពាត់​និង​ត្រី​សណ្តាយ​២​តោន ត្រី​ឆ្លាំង​២​តោន ត្រី​ច្រកែង​៣​តោន ត្រី​ឆ្ពិន​៣​តោន ត្រី​តា​អោន​១​តោន ត្រី​កេះ​កន្លះ​តោន និង​ត្រី​ខ្មាន់​២​តោន ៕

អត្ថបទសរសេរ ដោយ