សហរដ្ឋអាមេរិក-ចិន ៖ កងទ័ពអាមេរិកថ្លែងថា បានបញ្ជូនកាលពីថ្ងៃទី២៨មេសា នូវនាវាចម្បាំង២គ្រឿង មកច្រកសមុទ្រតៃវ៉ាន់ជាតំបន់យុទ្ធសាស្ត្រមួយដែលមានសកម្មភាពញឹករបស់កងម៉ារីនអាមេរិក ទោះបីមានការតវ៉ានិងការព្រមាននានារបស់ចិនក្ដី។
ក្រុងវ៉ាស៊ិនតោនដែលប្រឆាំងនឹងមហិច្ឆតាដែនដីរបស់ចិននិយាយថា ចង់ការពារសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងតំបន់សមុទ្រនោះនិងគោរពច្បាប់អន្តរជាតិ។ នោះជាចំណុចតានតឹងមួយក្នុងចំណោមចំណុចតានតឹងទាំងឡាយ ដែលមានការកើនឡើង រវាងសហរដ្ឋអាមេរិកនិងចិន ដែលម្យ៉ាងទៀតកំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយគ្នា។
អ្នកនាំពាក្យកងកម្លាំងម៉ារីនអាមេរិក មេបញ្ជាការCLAY DOSS ក្នុងសេចក្ដីប្រកាសមួយថ្លែងថា ការបញ្ជូននាវាពិឃាតទាំង២គ្រឿងនោះ បង្ហាញពីការសន្យារបស់អាមេរិកសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។
ក្រុងប៉េកាំងកាលពីថ្ងៃទី២៥មេសាបានបរិហារ ការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ របស់នាវាពិឃាតបារាំង១គ្រឿង ដែលក្រុងប៉ារីសបញ្ជូនទៅសំអាងថា ជាការឆ្លើយតបចំពោះការគោរពច្បាប់សមុទ្រ៕
ចែករំលែកព័តមាននេះ