រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៨ និងផ្សព្វផ្សាយ ផែនការសកម្មភាពការងារយោធាឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងពលធំ អន្តរាគមន៍លេខ២ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា គោលការណ៍នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ព គឺមិនមែនពេលនេះទេ គឺមានជំហានច្បាស់លាស់ ។
លោកបន្តថា នាយទាហានដែលឡើងខ្ពស់ហើយមិនអាចកាត់ទម្លាក់មកវិញបានទេ ។ ចំណែកការដំឡើងឋានន្តរស័ក្តិចំពោះនាយទាហានដែលមានការតស៊ូជំនាន់មុន គឺមិនខុសទេព្រោះថា ការធ្វើកំណែទម្រង់នេះ គឺជាការលើកទឹកចិត្តចំពោះនាយទាហានដែលបានតស៊ូពីជំនាន់មុន ហើយកំណែទម្រង់របស់រាជរដ្ឋាភិបាល គឺមានជាជំហានៗនៅពេលក្រោយទៀត ។ នាឱកាសនោះដែរលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការគាំទ្រ និងកោតសរសើរចំពោះការហ្វឹកហ្វឺន ការពង្រឹងសមត្ថភាពកងទ័ពការអប់រំចិត្តសាស្ត្រសម្រាប់កងទ័ព ព្រោះការយកចិត្តទុកដាក់ទាំងអស់នេះ គឺសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រយុទ្ធ និងការគ្រប់គ្រងសតិអារម្មណ៍ ។
ដូច្នេះសូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់ការថែទាំអាវុធយុទ្ធភ័ណ្ឌ បច្ចេកទេស ការងារទូទៅឲ្យសមស្របទៅនឹងភារកិច្ចការរៀបចំកម្លាំងត្រៀមប្រយុទ្ធ និងការហ្វឹកហ្វឺន ។ លោកបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកដំឡើងកិត្តិយស និងលើកស្ទួយកម្រិតជីវភាពរបស់កងទ័ព ប៉ុន្តែតម្រូវការកងទ័ពរបស់យើង គឺធំ ដូច្នេះការខិតខំបង្កបង្កើនផលការងារ ធានាច្នៃប្រឌិតផ្សេងៗម្ចាស់ការលើខ្លួនឯង ដើម្បីជីវភាពរស់នៅរបស់កងទ័ព គឺជាការងារចាំបាច់ ។
លោក ហ៊ុន ម៉ាណែត អំពាវនាវផងដែរ សូមឲ្យគ្រប់ស្ថាប័នទាំងអស់ត្រូវសហការជាមួយនឹង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងជាមួយភាគីមិត្តនៅតាមបណ្ដាព្រំដែន ដើម្បីថែរក្សាសុខ សន្តិភាព ស្ថិរភាព សន្តិសុខជូនប្រជាពលរដ្ឋ និងទប់ស្កាត់នូវអំពើខុសច្បាប់ផ្សេងៗ ហើយនោះ គឺជាកត្វកិច្ចយើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ