ប្រទេសលីប៊ី ៖ ការប៉ុនប៉ងបញ្ចប់ជម្លោះដណ្ដើមអំណាចគ្នានៅលីប៊ី ក្រោយការផ្ដួលរំលំរបបលោកមូអាម៉ាកាដាហ្វី រវាងពួកអ្នកកាន់កាប់ភាគខាងលិចនិងភាគខាងកើតប្រទេសត្រូវបរាជ័យ ហើយនាំឲ្យផ្ទុះការវាយលុក ពីថ្ងៃទី៤មេសាមក របស់កងកម្លាំងសេនាប្រមុខKHALIFA HAFTAR បុរសខ្លាំងភាគខាងកើតប្រទេស ចង់ដណ្ដើមយករដ្ឋធានីទ្រីប៉ូលី ទីតាំងរបស់់រដ្ឋាភិបាលរួបរួមជាតិ ទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
យោងតាមអង្គការសុខភាពពិភពលោកOMSថា ជាង២០ថ្ងៃក្រោយចាប់ផ្ដើមការវាយលុកនោះរបស់លោក HAFTAR លើក្រុងទ្រីបូ៉លីនិងភាគខាងលិចប្រទេសមក មនុស្សយ៉ាងតិច២៧៨នាក់ហើយ បានត្រូវស្លាប់និង១៣៣២នាក់រងរបួស។ ចំនួនអ្នករត់ភៀសខ្លួនមានដល់យ៉ាងតិច៣៧.០០០នាក់។ មនុស្សដល់ទៅ៧៥០០គ្រួសាររងការប៉ះពាល់ដោយការប្រយុទ្ធគ្នា។
ការប្រយុទ្ធគ្នាខ្លាំងក្លាប្រព្រឹត្តទៅជាពិសេសនៅភាគខាងត្បូងក្រុងទ្រីប៉ូលី រវាងកងកម្លាំងដែលស្មោះត្រង់នឹងរដ្ឋាភិបាលរួបរួមជាតិ និងកងទ័ពជាតិលីប៊ីរបស់់លោកHAFTAR។ កងកម្លាំងរបស់លោកHAFTARគ្រោងវាយលុករបៀបផ្លេកបន្ទោរ ដណ្ដើមក្រុងទ្រីប៉ូលីតែពេលនេះប្រែក្លាយទៅជា ប្រតិបត្តិការដូចខ្យងវា ដោយបន្សល់ទុកពីក្រោយ នូវបណ្ដាសាកសពមនុស្ស និងអ្នករបួសធ្ងន់ជាច្រើននាក់។
បណ្ដាអ្នកកាសែតរបស់រ៉យទ័រកត់សម្គាល់ឃើញកាលពីថ្ងៃទី២៨មេសាថា កងកម្លាំងគាំទ្ររដ្ឋាភិបាលរួបរួមជាតិ បានវាយរុញច្រានកងកម្លាំងរបស់លោកHAFTAR ក្នុងតំបន់ជាច្រើននាភាគខាងត្បូងរដ្ឋធានី។ ចំណែកយន្តហោះ១គ្រឿងរបស់កងកម្លាំងលោកHAFTARកាលពីយប់ថ្ងៃទី២៧មេសា បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក ប្រឆាំងបណ្ដាទីតាំងរបស់យុទ្ធជនស្មោះត្រង់រដ្ឋាភិបាលក្រុងទ្រីប៉ូលីដឹកនាំដោយនាយករដ្ឋមន្ត្រី លោកFAYEZ SERRAJ។
តាមការវាយតម្លៃរបស់បណ្ដាអ្នកកាសែតរ៉យទ័រដែលមានវត្តមាននៅលើទីលានផ្ទាល់ថា កងកម្លាំងដែលការពារក្រុងទ្រីប៉ូលី បានវាយរុញច្រានក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កងទ័ពលោកHAFTAR ឲ្យដកថយជាង១គីឡូម៉ែត្រ ពីតំបន់ជាយក្រុងខាងត្បូងរដ្ឋធានី។ ក្នុងតំបន់ឯទៀតៗនៃខ្សែរណសិរ្ស សភាពការណ៍ហាក់នៅនឹង។
លោកSALAH BADI មេបញ្ជាការម្នាក់នៃកងជីវពលក្រុងមីស្រាតា នាភាគខាងលិចប្រទេស ដែលគាំទ្ររដ្ឋាភិបាលរួបរួមជាតិថ្លែងប្រាប់រ៉យទ័រថា យើងឈានចូលដល់ដំណាក់កាលមួយ ដែលសំដៅវាយបណ្ដេញពួកសត្រូវចេញពីរដ្ឋធានី។
ម្យ៉ាងទៀតរដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋាភិបាលរួបរួមជាតិ លោកFATHI BACHAGHAនិយាយកាលពីថ្ងៃទី២៨មេសាថា មានប្រទេសអារ៉ាប់២បានចូលរួម ក្នុងការបាញ់ពីយន្តហោះប្រឆាំងរដ្ឋធានីលីប៊ី។ លោកអះអាងថាលីប៊ីជាគោលដៅនៃការឈ្លានពានរបស់ប្រទេសក្រៅ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ រដ្ឋមន្ត្រីរូបនោះធ្លាប់បានរិះគន់បារាំង ថាជួយទ្រទ្រង់ដល់កងកម្លាំងលោកHAFTAR ៕
ចែករំលែកព័តមាននេះ