ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​គោក​ដូង​បុណ្យ​សម្ពោធ​ភូមិដេញ​ខ្មោច​ព្រាយ​បិសាច ឧបទ្រពចង្រៃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុណ្យ​សម្ពោធ​ភូមិ ឬ​ហៅ​បុណ្យ​ភូមិ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០១៩ ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ បុណ្យ​សម្ពោធ​ភូមិ ឬ​ហៅ​បុណ្យ​ភូមិ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០១៩ ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។ បុណ្យ​ភូមិ​នេះ​ធ្វើ​ឡើង​ដើម្បី​ដេញ​ខ្មោច​ព្រាយ​បិសាច ឧបទ្រពចង្រៃ ចេញពី​ក្នុងភូមិ សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​ដូង​ទាំងអស់ ។

ពិធីបុណ្យ​ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី​ហួត សុធី ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ភូមិ​គោក​ដូង ដោយ​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ និង​លោកតា​អាចារ្យវត្ត យាយជី តាជី ព្រមទាំង​អ្នក​ភូមិ​គោក​ដូង ប្រមាណ​៦៣៥​គ្រួសារ ។

លោកតា​អាចារ្យ​ឡុ​ង តិក អាយុ​៦៨​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​គោក​បាន​មូលមតិ​គ្នា​ផ្តួចផ្តើម​ធ្វើបុណ្យ​សម្ពោធ​ភូមិ​នេះ​ឡើង ជា​លើក​ទី​២ ក្រោយ​រយៈពេល​២៨​ឆ្នាំ ។ ការ​រៀបចំ​ធ្វើបុណ្យ​សម្ពោធ​ភូមិ​នេះ​លើក​ទី​១ កាលពី​ជំនាន់​លន់ ន​ល់ មាន​អ្នក​ភូមិ​ចូលរួម​ប្រមាណ​៨៥​គ្រួសា ។

ពិធី​រៀបចំ​ធ្វើ​ឡើង​៩​ទិស ៖​ទិស​ទី​១/​ទិស​កណ្តាល (​ផ្ចិតភូមិ​មេ​) មាន​ព្រះសង្ឃ​គង់នៅ ៣​អង្គ ដើម្បី​សូត្រធម៌ ដេញ​ខ្មោច​ព្រាយ​បិសាច​ចេញពី​ក្នុងភូមិ ឱ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ​ចម្រើន ។ ទី​២/​ឦសាន ,​ទី​៣/​ទិស​បូព៌ា ,​ទី​៤/​ទិសអាគ្នេយ៍ ,​ទី​៥/​ទិសទក្សិណ ,​ទី​៦/​ទិសនិរតី , ទី​៧/​ទិសបស្ចិម ,​ទី​៨/​ទិសពាយ័ព្យ និ​ទី​៩/​ទិសឧត្តរ ។ ទិស នីមួយ​ៗ មាន​ព្រះសង្ឃ​គង់នៅ​១ អង្គ​ដើម្បី​សូត្រ​មន្ត​រំដោះគ្រោះ​តាម​ផ្ទះ ជូន​ប្រជាពលរដ្ឋ ដើម្បី​ដេញ​ខ្មោច ឧបទ្រព ចេញ​ឱ្យ​អស់ពី​ក្នុងភូមិ ។

លោកតា​ឲ្យ​ដឹង​ថា កា​ធ្វើបុណ្យ​ភូមិ​នេះ មិនមែន​ចេះ​តែ​ធ្វើ​ទេ ដល់​តែ​មានការ​សហការ​គ្នា​ល្អ​ពី​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ។ បុណ្យ​ភូមិ​នេះ​ឱ្យ​តែ​អ្នក​ភូមិ​ចង់​ធ្វើ កុំ​ថា ១ ឬ ៣​ឆ្នាំ ឱ្យ​តែ​មាន​លុយ​គឺ​ធ្វើ​បាន​ទាំងអស់ ។ ការ​ធ្វើបុណ្យ​ភូមិ​នេះ គឺ​ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​ក្នុងភូមិ ចេះ​នាំ​គ្នា​ប្រមូល​យក​ស្រូវ​ក្នុង​១​ផ្ទះ​១​បាវ ហើយ​ស្រូវ​ដែល​នៅ​សល់ គឺ​ទុក​សម្រាប់​ចែក​ពួក​គាត់​វិញ​ខ្លះ នៅ​សល់​ប៉ុន្មាន​លក់​យក​លុយ​មក​កសាង​ផ្លូវ ដើម្បី​ទុក​សម្រាប់​ពួក​គាត់​ធ្វើ​ដំណើរ ស្រួល និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ ។

លោក​ធុ​យ ហ៊​ត់ មេ​ភូមិ​គោក​ដូង ថ្លែង​ថា «​ការ​រៀបចំ​សម្ពោធ​ភូមិ ឬ​ហៅ​ថា បុណ្យ​ភូមិ​នេះ គឺ​ធ្វើ​ឡើង​សុំ​សេចក្តីសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​ដូង​ទាំងអស់ ដែល​បាន​នាំ​គ្នា​យក​ស្រូវ​មក​ក្នុង ម្នាក់​ៗ១​បាវ ទម្ងន់​៥០​ទៅ​៦០​គីឡូក្រាម ព្រមទាំង​មាន​បងប្អូន ជិត​ឆ្ងាយ​ដែល​បានឃើញ ពួក​យើង​ធ្វើបុណ្យ​ភូមិ​នេះ​ឡើង ក៏​បាន​នាំ​គ្នា​មក​ចូល​បុណ្យ​តាម​សទ្ធា រៀង​ៗ​របស់​ពួក​គាត់ ។

ថ្នាក់ដឹកនាំ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ហួត សុធី និង​សប្បុរសជន បាន​យក​ជា​ថវិកា​មក​ជួយ​ឧបត្ថម្ភ​ក្នុង​បុណ្យ​នេះ​ផង ដើម្បី​កសាង​ផ្លូវ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិ​គោក​ដូង ទាំង​អស់ ក៏​ដូច​ជា​ភ្ញៀវ​មក​ពី​ទី​ជិត​ឆ្ងាយ ស្រួល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក ។ ចំណែក ស្រូវ​ដែល​បងប្អូន​បាន​នាំ​គ្នា​យក​មក​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​នេះ បន្ទាប់​ពី​ចប់​កម្មវិធី នៅ​សល់​ប៉ុន្មាន គឺ​គណៈកម្មការ និង​អាចារ្យវត្ត គាត់​បាន​ចាត់ចែង​អស់ហើយ »​។

អ្នក​ភូមិ​នាំ​គ្នា​ពាក់​ខ្សែ​អំបោះ​ខ្សែ​សីមា​ដើរ​ពី​ខាងជើង​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាត់​តាម​ផ្លូវជាតិ មុខ​ផ្ទះ​នានា ឆ្ពោះទៅ​ព្រ​លាន​យន្តហោះ និង​ចូល​ពាក់​តាម​មុខ​ផ្ទះ​នីមួយ​ៗ​ក្នុងភូមិ ។ ក្រៅពី​នេះ​អ្នក​ភូមិ​ដាក់​ទីងមោង​មុខ​ផ្ទះ ម្នាក់​១ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ