សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្រកាសកាលពីថ្ងៃទី២៦មេសាថា លោកដកការចុះហត្ថលេខារបស់អាមេរិក លើសន្ធិសញ្ញាស្ដីពីការធ្វើពាណិជ្ជកម្មអាវុធ ATT ដែលអនុម័តកាលពីឆ្នាំ២០១៣ដោយអ.ស.ប ហើយដែលសំដៅឲ្យមានវិន័យក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិនៃអាវុធ។
នៅមុខសមាគមNATIONAL RIFLE ASSOCIATION ជាសមាគមLOBBYអាវុធដ៏ខ្លាំងលោកត្រាំ អះអាងក្នុងសុន្ទរកថាមួយថា អាមេរិកបដិសេធសន្ធិសញ្ញានោះ។ យើងនឹងមិនផ្ដល់សច្ចាប័នដាច់ខាតលើសន្ធិសញ្ញានោះ។ លោកលើកជាថ្មីពីការមិនទុកចិត្តចំពោះបណ្ដាសន្ធិសញ្ញាអន្តរជាតិនិងអង្គការពហុភាគីនោះ ដែលមានទីស្នាក់ការនៅក្រុងញូវយ៉ក។ ខ្ញុំសូមប្រកាសជាផ្លូវការនាពេលនេះថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញានេះ។
យើងដាច់ខាតមិនឲ្យពួកការិយាធិបតេយ្យនិយមបរទេស ជាន់ឈ្លីសេរីភាពដែលធានាដោយការធ្វើវិសោធនកម្មលើកទី២ នៃរដ្ឋធម្មនុញ្ញរបស់យើងឡើយ។
សន្ធិសញ្ញានោះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកJOHN KERRY ក្រោមប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា តែសភាអាមេរិកមិនទាន់ផ្ដល់សច្ចាប័ននៅឡើយ៕
ចែករំលែកព័តមាននេះ