កម្ពុជា និងចិនបានចុះហត្ថលេខាទៅលើបច្ចេកវិទ្យា 5G ដោយធ្វើអោយកម្ពុជាក្លាយជ្រាទេសដំបូងគេ នៅក្នុងការចុះហត្ថលេខាជាមួយចិនក្នុងចំណោប្រទេសអាស៊ាន ។ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៩នេះបានអនុញ្ញាតឲ្យលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន ហួវ៉ៃ ថេកណូឡូជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉េកាំងប្រទេសចិន ។
នៅក្នុងកិច្ចពិភាក្សានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះ គឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន ។ នៅក្នុងឱកាសនេះខាងប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យគាត់ក៏ដូចជា ប្រតិភូរបស់គាត់ជួបសំដែងការគួរសម និងពិភាក្សាការងារ ។
លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមហ៊ុនរបស់លោកក៏បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៨មកម្លេះ ឥឡូវនេះមានរយៈពេល២០ឆ្នាំហើយ ហើយរហូតដល់ពេលនេះបានធ្វើការវិនិយោគបានជោគជ័យនៅក្នុងប្រទេសកម្ពុជាក្នុងការសហការជាមួយនឹងក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា ។ នៅក្នុងជំនួបនេះលោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា កាលពីឆ្នាំកន្លងទៅនេះក្រុមហ៊ុនរបស់គាត់មានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជា ទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុនមានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដែលធ្វើអោយក្រុមហ៊ុន huawei ជាក្រុមហ៊ុនមួយឈានមុខគេក្នុងវិស័យទូរគនាគមន៍ដូចជា ការផ្ដល់បច្ចេកវិទ្យានេះលោកក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា៤០ប្រទេសហើយ ។
លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានជម្រាបជូនសម្តេចតេជោថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី គឺ5G លោកប្រធានក្រុមហ៊ុនក៏បានមានប្រសាសន៍ផងដែរថា វិស័យឌីជីថលនេះ គឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ។ ក្រៅពីនេះលោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា ។
ក្នុងឱកាសនេះក្រុមហ៊ុនខាងលើក៏បានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានគាំទ្រកន្លងមកបានផ្ដល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានយ៉ាងជោគជ័យ ។ នៅក្នុងឱកាសនេះផងដែរសម្ដេចតេជោមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត ក្នុងការសហការជាមួយនឹងកម្ពុជាសម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចចង់ឲ្យក្រុមហ៊ុនមួយនេះជួយកសាងសមត្ថភាព ជាពិសេសទៅវិស័យបច្ចេកវិទ្យាបង្កើនសេវាល្បឿនលឿន ៕
ចែករំលែកព័តមាននេះ