ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងបុកគោយន្តពីក្រោយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៩នាទីយប់ថ្ងៃទី២៦ មេសា ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨២-៨៣ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ភាគីខាងគោយន្តមានសណ្តោងរ៉ឺម៉កមួយគ្រឿងជិះគ្នាជាង២០នាក់ បើកបរដោយឈ្មោះឈីវ គឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំ និងអ្នករួមដំណើរចំនួន៥នាក់ ក្នុងនោះ១-ឈ្មោះក្រាញ់ មុំ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ២-ឈ្មោះងួនខែម ភេទប្រុស អាយុ៣២បានរងរបួសធ្ងន់ ៣-ឈ្មោះហឿង ឡាង ភេទស្រី អាយុ៣២ឆ្នាំ បានរងរបួសធ្ងន់ ៤-ឈ្មោះធី ហឿន ភេទប្រុស អាយុ៤០ឆ្នាំ បានរងរបួសធ្ងន់ និង៥-ឈ្មោះស៊ង័ សៅ ភេទប្រុស អាយុ១៧ឆ្នាំ បានរងរបួសធ្ងន់ ក្រៅពីនោះបានរងរបួសស្រាល ។ ទាំងអ្នកបើកបរគោយន្ត និងអ្នករួមដំណើររស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ។
ចំណែកភាគីខាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A-៥៣៧១ បើកបរដោយបុរសម្នាក់មិនស្គាល់អត់សញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងជិះគ្នាជាង២០នាក់ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង បើកបរស្របទិសគ្នាបុកពីក្រោយពេញទំហឹង បណ្តាលឲ្យភាគីខាងគោយន្តស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលច្រើននាក់ ។
បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំណែកអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសពជនរងគ្រោះម្នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងនាំយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្កអោយចូលខ្លួនមកដោះស្រាយជាមួយគាគីអ្នករងរបួសនៅចំពោះមុខច្បាប់៕
ចែករំលែកព័តមាននេះ