ប្រទេសវេណេស៊ុយអេឡា ៖ ការហ៊ុមព័ទ្ធដែលហាមឃាត់រាល់សហគ្រាសអាមេរិក មិនឲ្យទិញប្រេងឆៅ ពីក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA ឬសាខា និងហាមឃាត់រាល់ក្រុមហ៊ុនបរទេសមិនឲ្យប្រើប្រាស់ ប្រព័ន្ធធនាគារអាមេរិក ក្នុងការទូទាត់ថ្លៃប្រេងប្រទេសនេះ បានចូលជាធរមានហើយកាលពីថ្ងៃទី២៨មេសា។
ទណ្ឌកម្មទាំងនោះសំដៅជម្រុញឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូចាកចេញពីតំណែង។ ទណ្ឌកម្មនោះពិតណាស់នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេស ដែលពឹងតែលើការលក់ប្រេងនោះកាន់តែយ៉ាប់យ៉ឺនទៅ។ ការហាមឃាត់ចូលជាធរមាន ចាប់ពីម៉ោង០០និង០១នាទីម៉ោងក្នុងស្រុកទៅ។ វាជាវិធានការមួយក្នុងចំណោមវិធានការ ប្រកាសដោយលោកដូណាល់ត្រាំ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា ហើយជួយទ្រទ្រង់ដល់មេដឹកនាំប្រឆាំង លោកJUAN GUAIDOប្រធានាធិបតីស្ដីទីប្រកាសដោយខ្លួនឯង។
ម្យ៉ាងទៀតក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃទី២៦មេសាបានដាក់ទណ្ឌកម្ម រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោកJORGE ARREAZA ដោយមិនឲ្យលោកភ្ជាប់ប្រើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាប្រាក់ដុល្លារ។ ទ្រព្យសម្បត្តិរបស់លោកនៅសហរដ្ឋអាមេរិកត្រូវផ្អឹបទុក ដោយរតនាគារអាមេរិកដែលបញ្ចូលអ្នកការទូតរូបនោះ ទៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មហិរញ្ញវត្ថុ។
វេណេស៊ុយអេឡានាំចេញកាលពីដំណាច់ឆ្នាំ២០១៨ នូវប្រេងឆៅកន្លះលានធុងក្នុងមួយថ្ងៃ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ហើយ៣ភាគ៤នៃចំណូលពីប្រេងកាត បានមកពីបណ្ដាអតិថិជនអាមេរិក។ បន្ទាប់ពីអាមេរិកនិងចិន ឥណ្ឌាជាប្រទេសនាំចូលប្រេងវេណេស៊ុយអេឡាធំទី៣ក្នុងឆ្នាំ២០១៧។ ប៉ុន្តែបណ្ដាក្រុមហ៊ុនប្រេងឥណ្ឌាបានចាប់ដកខ្លួនថយ បង្ការទណ្ឌកម្មនៅសល់តែរុស្សុីនិងចិនដែលជាអ្នកគាំទ្រសំខាន់ដល់លោកម៉ាឌូរ៉ូ៕
ចែករំលែកព័តមាននេះ