ខណៈអាកាសធាតុក្តៅខ្លាំង ក្រុមសង្គ្រោះជួយបាញ់ទឹកស្រោចលើអគាសិក្សា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយសារអាកាសធាតុនៅរដូវប្រាំងនេះ ក្តៅខុសប្រក្រតី ទើបកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ ក្រោមបញ្ជា និងអនុញ្ញាតពីលោកមេបញ្ជាការកងពលកម្លាំងសង្គ្រោះចុះទៅបាញ់ទឹកស្រោចលើអគារសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ តាមការទទូចស្នើសុំឲ្យជួយអន្តរាគមន៍ ដើម្បីសម្រួលដល់សិស្សានុសិស្សកំពុងសិក្សា ។

តាមប្រភពពីលោក រឹម រ៉េត នាយកសាលាបឋមសិក្សាជម្ពូវ័ន បានឲ្យដឹងថា កត្តាធម្មជាតិធ្វើឱ្យអាកាសធាតុនារដូវប្រាំងឆ្នាំនេះក្តៅខុសប្លែក ធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សកំពុងសិក្សា ទើបលោកអំពាវនាវដល់អង្គភាពពាក់ព័ន្ធនានាមេត្តាជួយអន្តរាគមន៍បាញ់ទឹកស្រោចលើអគារសាលាដើម្បីកាត់បន្ថយកំដៅ ហើយដោយមានការយោគយល់ និងទឹកចិត្តមនុស្សធម៌ អាណិតដល់សិស្សានុសិស្ស ទើបត្រូវបានអង្គភាពសង្គោះ៧១១ កងពលតូចលេខ៧០ ក្រោមការអនុញ្ញាតពីលោកមេបញ្ជាការ មេបញ្ជាកររងកងពល បានជួយសម្រួលបាញ់ទឹកលើអគារ និងទីធ្លាសាលា ។

ដោយមើលឃើញ រាល់ការលំបាករបស់សិស្សសាលា និងលោកគ្រូអ្នកគ្រូនៅចំពោះមុខ ដោយសារកត្តាអាកាសធាតុក្តៅហួតហែង ទើបត្រូវបានអង្គភាព៧១១ ជួយបាញ់ទឹក ហើយលោកនាយកសាលាជំនួសមុខឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណ ដល់លោកមេបញ្ជាការ មេបញ្ជាការរងកងពលតូចលេខ៧០ ដែលបានជួយអន្តរាគមន៍បាញ់ទឹកនៅសាលាបឋមសិក្សាជម្ពូវ័ន ដើម្បីកាត់បន្ថយកំដៅ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ មាតាបិតារបស់សិស្សានុសិស្ស ក៏សូមថ្លែងអំណរគុណដល់ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចុះជួយបាញ់ទឹក កាត់បន្ថយកំដៅ នៅសាលាបឋមសិក្សាជម្ពូវ័ន ដើម្បីជួយដល់កូនចៅរបស់ពួកគាត់បានរៀនសូត្រផងដែរ ៕










ចែករំលែកព័តមាននេះ