ប្រទេសវៀតណាម ៖ បើតាមសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ថា ប៉ូលិសវៀតណាមបានកម្ទេចបណ្ដាញចាក់ល្បែងស៊ីសងខុសច្បាប់ធំមួយ ដោយប្រមូលប្រាក់បានដល់ទៅជាង១ពាន់លានដុល្លារ ហើយចាប់ខ្លួនមនុស្ស២២នាក់។
ប្រតិបត្តិការកម្ទេចនោះត្រូវបានចាត់ទុកថាជាប្រតិបត្តិការសំខាន់បំផុតមួយ ក្នុងប្រទេសកុំមុយនីស្តនេះ ដែលសកម្មភាពចាក់ល្បែងស៊ីសងភាគច្រើនត្រូវបានហាមឃាត់ ប៉ុន្តែទីផ្សារខុសច្បាប់នោះរិកដុះដាលយ៉ាងខ្លាំង ពិសេសតាមរយៈការចាក់បាល់។
ប៉ូលិសបានធ្វើប្រតិបត្តិការ បង្រា្កបការចាក់ល្បែងនោះ ក្នុងទីក្រុងនិងខេត្តជាច្រើនក្នុងរយៈពេល១សប្ដាហ៍ ក្រោយរកឃើញគណនីជាច្រើនរយពាន់ ដែលប្រើសម្រាប់ចាក់ល្បែង ហើយប្រមូលប្រាក់បានប្រមាណជា១២៨០លានដុល្លារ។ នេះបើតាមកាសែតរដ្ឋTHAN NIEN។ បណ្ដាញចាក់ល្បែងស៊ីសងនោះដំណើរការដោយទំនើបបំផុត ពិបាកចាប់បាន។ យោងតាមប្រភពប៉ូលិសកាសែតនោះបន្តថា ពួកអ្នកចាក់ដែលមើលបណ្ដាញអុីនធើរណេតFXX88.COM អាចដាក់លុយក្នុងធនាគារ ដែលអាចទូទាត់គ្នាបាន តាមបណ្ដាគណនីមានលេខកូត ពិសេសសម្រាប់ការចាក់បាល់។ មនុស្ស២២នាក់បានត្រូវចាប់ខ្លួនរហូតមកទល់ពេលនេះ ក្នុងនោះមានអ្នករៀបចំ១២នាក់។
វៀតណាមចាប់ផ្ដើមសម្រាលច្បាប់ស្ដីពីល្បែងស៊ីសង ដោយអនុញ្ញាតជាពិសេសឲ្យពលរដ្ឋខ្លួនចូលកាស៊ីណូ ក្នុងនាមជាការសាកល្បង ហើយបើកដៃបន្តិចដល់ការចាក់បាល់។ ប៉ុន្តែកន្លែងចាក់ល្បែងស៊ីសងខុសច្បាប់រីកដុះដាលយ៉ាងខ្លាំង នាំឲ្យអាជ្ញាធរឈឺក្បាល។ កាលពីឆ្នាំទៅមិញមនុស្ស៩១នាក់ ក្នុងនោះមានប៉ូលិសថ្នាក់ខ្ពស់ច្រើននាក់ បានត្រូវចាប់ឃុំឃាំងឬត្រូវកាត់ទោសឲ្យបង់ប្រាក់ពិន័យ ពីបទមានទំនាក់ទំនង ជាមួយបណ្ដាញប្រមូលឬផ្ទេរប្រាក់ល្បែង ទាក់ទិននឹងទឹកប្រាក់ដល់ទៅ៤២០លានដុល្លារ៕
ចែករំលែកព័តមាននេះ