ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម​បើក​ឆាកប្រយុទ្ធ​ផ្អើល​ផ្លូវជាតិ​លេខ​៥៨

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ បណ្តាល​ឱ្យ​ភាគី​ម្ខាង​រង​បួស​ធ្ងន់​ម្នាក់ ចំណែក​ភាគី​ម្ខាង​ទៀត​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង និង​កាំបិត​២​ដើម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៨…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុម​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​យ៉ាង​សាហាវ បណ្តាល​ឱ្យ​ភាគី​ម្ខាង​រង​បួស​ធ្ងន់​ម្នាក់ ចំណែក​ភាគី​ម្ខាង​ទៀត​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង និង​កាំបិត​២​ដើម បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​លេខ​៩១១​ដែល​ឈរជើង​នៅ​តំបន់​នោះ ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ក្រុម​ក្មេង​ទំនើង​ម្ខាង​មាន​គ្នា​ប្រមាណ​ជា​១៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង ចំណែក​ភាគី​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​មាន​គ្នា​ចំនួន​៧​នាក់ ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​បាន​យក​កាំបិត​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​គេ​សង្ស័យ​ថា​ជា​រឿង​គំនុំសងសឹក​ស្លាប់​រស់​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ភ្លាម​ៗ​នោះ​គេ​ឃើញ​ភាគី​ក្រុម​ក្មេង​ទំនើង​ម្ខាង​មាន​គ្នា​ច្រើន​នាក់​បាន​កាប់​ត្រូវ​ភាគី​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត​ដែល​មាន​គ្នា​តិច​ជាង បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ម្នាក់​ឈ្មោះ​ណា បូ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រយះ​ក្បាល​ធ្ងន់ធ្ងរ​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​ខាងលើ​ភ្លាម កម្លាំង​នគរបាល​វរៈ​(៩១១)​ចុះ​ទៅ​ជួយ​អន្តរាគមន៍ តែ​ខាង​ភាគី​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​ច្រើន​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​នៅ​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មមើ​អិ​ច និង​កាំបិត​ចំនួន​២​ដើម ។ រីឯ​អ្នក​រង​របួស​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ បាន​ទាន់​ពេលវេលា ។ ចំណែក​វត្ថុ​តាង​បាន​ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បី​ជាន់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ក្រុម​ក្មេង​ទំនើង​ដែល​រត់គេច​ខ្លួន​ទាំងនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ