ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រក្សា​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ​មាន​សារសំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​រក្សា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​បាន​ល្អ គឺ​វា​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល ហើយ​ប្រៀបធៀប​ទៅ​នឹង​ខ្លួនប្រាណ គឺ​វា​ស្មើ​និង​បេះដូង​របស់​មនុស្ស​។ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សៀវភៅ​ស្តី​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៨ លោកស្រី ជា សិរី…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ការ​រក្សា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​បាន​ល្អ គឺ​វា​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល ហើយ​ប្រៀបធៀប​ទៅ​នឹង​ខ្លួនប្រាណ គឺ​វា​ស្មើ​និង​បេះដូង​របស់​មនុស្ស​។ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សៀវភៅ​ស្តី​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៨ លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រទេស​នៅ​លើ​ពិភពលោក​មានការ​ផ្តោត​និង​យកចិត្តទុកដាក់​ខ្លាំង លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្រោយ​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៧ និង​២០០៨​។ ក្រោយ​មាន​វិបត្តិ​នេះ អាជ្ញាធរ​រូបិយ​វត្ថុ​ទាំងអស់​ចាប់ផ្តើម​យល់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។

លោកស្រី ជា សិរី បន្ត​ថា «​ចំពោះ​វិស័យសេដ្ឋកិច្ច ប្រទេស​ណាមួយ​នៅ​ពេល​វិស័យ​ហិរញ្ញវត្ថុ​មិន​ដើរ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ដទៃ​ទៀត​ដែរ​។​បើសិន​ក្រុមហ៊ុន​មួយ​គាត់​ចង់​ពង្រីក​អាជីវកម្ម​ក៏ មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​វិស័យ​ហិរញ្ញវត្ថុ គាត់​អត់​មាន​ធនធាន គាត់​អត់​អាច​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​វិស័យ​ហិរញ្ញវត្ថុ​មិន​បាន​»​។

អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពន្យល់​និង​ប្រៀបធៀប​ថា វិស័យសេដ្ឋកិច្ច​ប្រៀប​ដូច​ទៅ​និង​ខ្លួន​មនុស្ស រីឯ​វិស័យ​ហិរញ្ញវត្ថុ​ប្រៀបធៀប​ទៅ​និង​បេះដូង​របស់​មនុស្ស ។ កាលណា​បេះដូង​ខ្សត់​ឈាម​ទៅ​ចិញ្ចឹម​សារី​រា​ង្គ​ផ្សេង​ៗ​នោះ វិស័យ​ហិរញ្ញវត្ថុ​ក៏​ខ្សត់​នូវ​មូលធន​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​ផ្សេង​ទៀត​។ ដូចនេះ​បើ​បេះដូង​ឈប់​ដើរ មនុស្ស​យើង​នឹង​ស្លាប់ ។ ចំពោះ​វិស័យសេដ្ឋកិច្ច កាលណា​វិស័យ​ហិរញ្ញវត្ថុ​មិន​ដំណើរការ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ដទៃ​ទៀត បើសិន​ក្រុមហ៊ុន​មួយ​ចង់​ពង្រីក​អាជីវកម្ម ក៏​គាត់​មិន​អាច​ធ្វើ​ទៅ​បាន​»​។

លោកស្រី​សង្កត់ធ្ងន់​ថា ដូចនេះ​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ដែល​ជា​ប្រព័ន្ធ​បេះដូង​នៃ​សេដ្ឋកិច្ច​នេះ​ដើរ​បាន​ស្រួលបួល ត្រូវ​សង្វា​ក់​ដែល​គាត់​ត្រូវ​ដើរ​គឺ​មាន​សារសំខាន់​ចំពោះ​សេដ្ឋកិច្ច​ទាំងមូល​។ ចំណែក​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា​នេះ​ជា​លើក​ដំបូង​ហើយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បោះផ្សាយ​សៀវភៅ​ស្តី​ពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ ក្រោយ​ពី​បាន​បង្កើត​គណៈកម្មាធិការ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា កាលពី ៨​ឆ្នាំ​មុន​។

លោកស្រី​មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​យន្តការ​តាមដាន​ស្ថិរភាព​ហិរញ្ញវត្ថុ ជាមួយនឹង​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​ជំនាញ​ចាប់តាំងពី​ឆ្នាំ​២០១១​មក ក្រោម​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​។​សៀវភៅ​ស្តី​ពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ដែល​យើង​មាននៅ​ក្នុង​ដៃ​នា​ពេល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ចំណាយពេល​ប្រមាណ ៩​ខែ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​អ្នក ជំនាញការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​ធនាគារជាតិ​នៃ​កម្ពុជា​»​។

យ៉ាងណាមិញ​លោកស្រី នាវ ច័ន្ទ​ថា​ណា សង្កត់ធ្ងន់​ថា «​ខ្ញុំ​សង្ឃឹមថា សៀវភៅ​ស្តី​ពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨​នេះ នឹង​ក្លាយជា​ឯកសារ​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​ជូន​សាធារណជន​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​វិស័យ​ហិរញ្ញវត្ថុ និង​ផ្តល់​ជា​ធាតុ​ចូល​មួយ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​នានា​របស់​វិស័យ​សាធារណៈ​និង​ឯកជន ពិសេស វិនិយោគិន​, គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​វិនិយោគ ពង្រីក​អាជីវកម្ម និង​ពង្រឹង​កិច្ច​ការពារ​ហានិភ័យ​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ ឱ្យ​បាន​កាន់តែ​ប្រសើរ សំដៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន ដែល​នឹង​គាំទ្រ​ដល់​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។

តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី នាវ ច័ន្ទ​ថា​ណា គឺថា​ធនាគារជាតិ​នៃ​កម្ពុជា គ្រោង​នឹង​បោះផ្សាយ​នូវ​សៀវភៅ​ស្តី​ពី​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​បន្ត​ទៀត​នា​ឆ្នាំ​ខាង​មុខ ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦-២០២៥ របស់​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ