ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​ត្រីមាស​ទី​១ មាន​កំណើន​៦% ខណៈ​កិច្ចព្រមព្រៀង​នាំ អង្ករ​កម្ពុជា ៤០​ម៉ឺន​តោន​ទៅ​ចិន​នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៧​មេ​សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​-​ចិន នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៅ​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​វេទិការ «​ខ្សែ​ក្រ​វ៉ា​ត់​មួយ​និង​ផ្លូវ​មួយ​» លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​-​ចិន នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៅ​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​វេទិការ «​ខ្សែ​ក្រ​វ៉ា​ត់​មួយ​និង​ផ្លូវ​មួយ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដែល​ក្នុង​នោះ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​៤០​ម៉ឺន​តោន ដោយ​អនុវត្តន៍​ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ រហូត​ដល់​ចុង ខែធ្នូ​ឆ្នាំ​២០២០ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​យោង​តាម​របាយ ការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​ថា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​រក្សា​បាន​កំណើន​ល្អ គឺ​ក្នុងរ​ង្វ​ង​ប្រមាណ ៦​ភាគរយ​សម្រាប់​រយៈពេល ៣ ខែ​ដើមឆ្នាំ​២០១៩ នេះ ។ សម្រាប់​សេចក្តី​ព្រាង​អនុស្សរណៈ​ដែល​នឹង​ចុះហត្ថលេខា​នៅ​ក្នុង​វេទិការ «​ខ្សែ​ក្រ​វ៉ា​ត់​មួយ​និង​ផ្លូវ​មួយ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​ខាង​មុខ​នេះ​គឺ ប្រទេស​ចិន​ព្រម​ទទួល​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា នូវ​ប្រភេទ​អង្ករ​ផ្កាម្លិះ​, អង្ករ​ក្រអូប​,​អង្ក​រស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ។ នេះ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ង​ទី ២៤ ខែមេសា​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ទ្វេភាគី​កម្ពុជា​-​ចិន ក្រសួងពាណិជ្ជកម្ម​តាម​រយៈ​ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដដែល​ជា​សេនាធិការ បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃ​ទី​១២​មេ​សា ឆ្នាំ​២០១៩ លើ​ការ​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ សេចក្តី​ប្រកាស​ដដែល​បញ្ជាក់​ថា «​ជា​លទ្ធផល​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា លើ​សេចក្តី​ព្រាង​អនុស្សរណៈ​ចុះហត្ថលេខា​នៅ​ក្នុង​វេទិការ​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​លើក​ទី​២ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ប៉េ​កាំ​ង នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ថ្ងៃ​ទី​២៧ មេ​សា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​។ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ ផ្កាម្លិះ​, អង្ករ​ក្រអូប​,​អង្ក​រស និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​៤០​ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ​២០១៩​រហូត​ដល់​ចុងខែ​ធ្នូ​ឆ្នាំ​២០២០»​។

ស្រប​ពេល​នៃ​កិច្ចព្រមព្រៀង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​លើ​ការ​ទិញ​អង្ករ​កម្ពុជា​កំពុង​នឹង​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ការ​នាំ​ចេញ​អង្ករ របស់​កម្ពុជា​ទៅ​បរទេស​ក្នុង​រយៈពេល​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩​មាន​ប្រមាណ​ជាង ១៧​ម៉ឺន​តោន ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ប្រមាណ​ជាង​៧​ម៉ឺន​តោន​។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​អង្ករ​តាម​ច្រកចេញ ចូល​តែ​មួយ​មាន​ប្រមាណ​ជាង​១៧​ម៉ឺន​តោន ដែល​មានការ​កើនឡើង​ចំនួន​៩.៧០៦​តោន ឬ​ស្មើ​ប្រមាណ​៦% ធៀប​និង​បរិមាណ​នាំ​ចេញ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​។ ការ​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​ចំនួន​៣៩​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន ជាប់​លំដាប់​ទី​១(៧៥.២១៤​តោន​), បារាំង លំដាប់​ទី​២ (២០.០៥៨​តោន​), ហ្គា​បុ​ង លំដាប់​ទី​៣(១២.១២២​តោន​),​ម៉ា​ឡេ​ស៊ី​លំដាប់​ទី​៤(៩.៤៧៣​តោន​), ប្រ៊ុ​យ​ណេ​លំដាប់​ទី​៥(៧.៧៧០​តោន​), វៀតណាម​លំដាប់ ទី​៦(៦.៦៨៥​តោន​), ណេ​ដឺ​ឡែ​ន លំដាប់​ទី​៧(៤.៥៦០​តោន​),​អេ​ស្ប៉ា​ញ លំដាប់ ទី​៨(៤.៣៨៣​តោន​), អា​ល្លឺ​ម៉​ង់​លំដាប់ ទី​៩ (៣.៦៥២​តោន​), និង​ប្រទេស​ប៊ែ​ល​ហ្សិ​ក លំដាប់​ទី​១០(៣.៥៣៤​តោន​) ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន​សរុប ៦៧​ក្រុមហ៊ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ