ខេត្តកំពត ៖ តំបន់ការពារសត្វក្រៀលនៅអន្លង់ព្រីងជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពត ប៉ុន្តែអ្វីដែលគេមើលឃើញនោះ គឺដោយសារអាកាសធាតុក្តៅខ្លាំងធ្វើឱ្យដើមផ្លុង និងមើមផ្លុងដែលដុះនៅកន្លែងសត្វក្រៀលចុះមករកចំណីស៊ីត្រូវបានងាប់ ហើយមានក្លិនស្អុយធ្វើអោយសត្វក្រៀល និងសត្វស្លាបមួយចំនួនបានបាត់បង់ លែងចុះមករកចំណីនៅតំបន់មួយនេះទៀត។
លោកឈឹម មេង នាយកតំបន់ការពារសត្វក្រៀលអន្លង់ព្រីង បាននិយាយប្រាប់អោយកោះសន្តិភាពដឹងកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ថា សត្វគ្រៀលអាចនឹងថយចុះ មិនមានច្រើនដូចឆ្នាំមុនៗទេ ។ លោកនាយកតំបន់ការពារសត្វក្រៀលអន្លង់ព្រីងបានប្រាប់បន្តដឹងថា ឆ្នាំនេះមិនមានសត្វគ្រៀលចុះច្រើនទេ គឺដោយ
សារអាកាសធាតុប្រែប្រួលមានកម្ដៅខ្លាំងធ្វើអោយដើមផ្លុង និងមើមផ្លុងដែលជាចំណីរបស់សត្វក្រៀលបានងាប់អស់ដែលជាហេតុធ្វើសត្វក្រៀលប្រឈមនឹងការខ្វះចំណី។
លោកនាយកតំបន់ការពារសត្វក្រៀលបានបន្តទៀតថា នៅតំបន់អន្លង់ព្រីង ក្នុងខែមេសានេះមានសត្វក្រៀលតែ៥០ក្បាលទេ ។
សូមបញ្ជាក់ថា តំបន់អន្លង់ព្រីងមានផ្ទៃដីចំនួន២១៧ហិកតា សម្រាប់អោយសត្វក្រៀល និងសត្វស្លាបឯទៀតៗចុះរកចំណី ដោយឡែកសត្វក្រៀលដែលរស់នៅខាងជើងប្រទេសកម្ពុជាឯណ្ណោះ អោយតែដល់ខែមករា គឺសត្វក្រៀលហើរចុះមករកចំណីនៅតំបន់អន្លង់ព្រីងនេះ លុះដល់ខែឧសភា សត្វក្រៀលមានចំនួនតិចតួចដែលចុះមករកស៊ីចំណីនៅតំបន់អន្លង់ព្រីង ហើយអាចហើរចេញពីតំបន់នេះវិញ ៕
ចែករំលែកព័តមាននេះ