ខេត្តបាត់ដំបង ៖ «បើកវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ ប្រដាប់អាវុធ វគ្គហ្វឹកហ្វឺនវាជាផ្នែកជំនាញដ៏មានសារសំខាន់ សម្រាប់កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍន៍ ធនធានមនុស្ស និងតាមរយៈការបង្កើន គុណភាព ហ្វឹកហាត់ និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងកងកម្លាំងប្រដាប់អាវុធ វ័យក្មេង សម្រាប់បន្តវេន នាពេលអនាគត» ។

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ អុិន សុខាវុឌ្ឍី មេបញ្ជាការរងយោធភូមិភាគទី៥ តំណាងលោក មេបញ្ជាការយោធភូមិភាគទី៥ ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ ប្រដាប់អាវុធឆ្នាំ២០១៩ នៅសាលាពលទាហានទី៥ ( បឹងជរាជ ) ស្ថិតក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងវត្តមានអញ្ជើញចូលរួមពីលោកមេបញ្ជាការរង សេនាធិការរង មេបញ្ជាការ មេបញ្ជាការរងកងពលតូច តំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងព្រំដែន វរសេនាតូច អស់លោកនាយក នាយករង សាលាពលទាហាន មន្ត្រីនគរបាល កងរាជអាវុធហត្ថ តំណាងអាជ្ញាធរឃុំ-ស្រុក និងនាយទាហានជាច្រើនរូបផងដែរ ។

ក្នុងរបាយការណ៍បើកវគ្គហ្វឹកហ្វឺននេះ លោកឧត្តមសេនី៍យ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ បានអោយដឹងថា វគ្គហ្វឹកហ្វឺនដែលត្រូវបានដំណើរការបើកនាពេលនេះ គឺជាវគ្គដ៏មានសារៈសំខាន់ក្នុងការបង្កើនធនធានមនុស្ស និងបណ្តុះបណ្តាលយោធិនអាជីពអោយមានសមត្ថភាព ចេះចាំស្ទាត់នៅគ្រប់មុខវិជ្ជាជំនាញ ទ័ពថ្មើរជើង ដើម្បីឆ្លើយតបទៅនឹងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងមានគោលបំណងសំដៅចូលរួមអនុវត្តន៍ផែនការរបស់អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រែក្លាយយោធិនអាជីពវ័យក្មេងមានសមត្ថភាព គុណភាពគ្រប់មុខជំនាញ ស្របទៅនឹងសេចក្តីត្រូវការរបស់កងយោធពលខេមរភូមិន្ទនាពេលបច្ចុប្បន្ន ។

វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមមកពី៨កងឯកភាព ចំណុះយោធភូមិភាគទី៥ យោធាចារ្យ១២នាក់ គ្រប់គ្រងបំរើការ១៧នាក់ សិក្ខាកាម១៥០នាក់ សរុប១៧៩នាក់ ដែលមានរយៈពេលហ្វឹកហ្វឺនចំនួន៦១ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ដល់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយបានសិក្សាលើមេរៀន យោធារួម យុទ្ឋវិធីថ្មើរជើង បច្ចេកទេសអាវុធថ្មើរជើង នឹង ការងារអប់រំចិត្តសាស្ត្រ ។

ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ ប្រដាប់អាវុធឆ្នាំ២០១៩ នៅសាលាពលទាហាទី៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី បានលើកឡើងថា ពិតជាមានសារៈសំខាន់សម្រាប់កងយោធពលខេមរភូមិន្ទលើការងារ ហ្វឹកហាត់ ផ្នែកជំនាញ ចំណេះដឹង សមត្ថភាពគ្រប់គ្រាន់ ដែលជាកត្តាចម្បងរបស់កងទ័ពនឹងឈានទៅសម្រេចបានជោគជ័យ ព្រមទាំងបានធ្វើការឯកភាពទៅលើផែនការហ្វឹកហ្វឺនរបស់សាលាពលទាហានទី៥ ក្នុងការហ្វឹកហាត់ដល់ កងកំលាំង អោយបានយល់ដឹង និងមានកំរិតផងដែរ ។

ជំនួសមុខអោយលោកមេបញ្ជាការយោធភូមិភាគ៥ លោកឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី បានលើកឡើងថា សម្រាប់កងយោធពលខេមរភូមិន្ទ ការងារហ្វឹកហ្វឺនវាជាចំណែកមួយពុំអាចខ្វះបានពីការចូលរួមរបស់កងទ័ពយើង និង កសាងកំលាំងទ័ពលើវិស័យការពារជាតិអោយបានរឹងមាំ ក្នុងនោះដែរ គ្រប់បណ្តាកងឯកភាពបន្តយកចិត្តទុកដាក់ ការងារគ្រប់គ្រងចំនួនទ័ពអោយមានមុខជាប្រចាំ ដើម្បីធានាបានទាំងបរិមាណ គុណភាព និងជីវភាពរស់នៅរបស់កងទ័ពសមរម្យ ស្របតាមគោលនយោបាយរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីអោយកងទ័ពកាន់តែមានសុវត្ថិភាព និងជីវភាពរស់នៅកាន់តែប្រសើរជាងមុន។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងយោធភូមិភាគទី៥ បានផ្តល់ការណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់សឹក្សារៀនសូត្រ និងគោរពវិន័យរបស់សាលា សហការ សាមគ្គីផ្ទៃក្នុងអោយបានល្អ រហូតដល់ពេលបញ្ចប់វគ្គ ទទួលបានលទ្ឋផលជោគជ័យផងដែរ ៕



ចែករំលែកព័តមាននេះ