រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលយកសំណើសេចក្តីព្រាងច្បាប់ចំនួន៥ ដែលស្នើដោយរាជរដ្ឋាភិបាលមកពិនិត្យ និងសិក្សាទៅតាមគណៈកម្មការជំនាញរដ្ឋសភា ។ សម្ដេចហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន៥ ដោយនៅក្នុងនោះកិច្ចប្រជុំសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៥ ដែលស្នើដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនមកគណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាវិញ ក្រោយបញ្ចប់ការពិនិត្យ និងសិក្សានោះ ។
សេចក្តីព្រាងច្បាប់ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចប្រគល់ឲ្យគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សានោះមានទី១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ។ ទី២ -សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ។ ទី៣ – សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារ ណរដ្ឋតួកគីស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ។
សេចក្តីព្រាងច្បាប់ចំនួនបីខាងលើគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចប្រគល់ជូនគណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ ចំណែក ទី៤- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ជូន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យសិក្សា ។
រីឯទី៥-សេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ ឬស្សី និងផ្តៅ ត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ជូនគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា៕
ចែករំលែកព័តមាននេះ