ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋអស់ជាង៦០ខ្នងនៅស្រុកសាលាក្រៅ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បើយោងតាមសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់១មេយ៉ាងខ្លាំង បានវាយប្រហារទៅលើផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើឱ្យខូចខាតអស់ជាច្រើនខ្នង តែមិនបណ្តាលឱ្យមនុស្ស ឬសត្វរង គ្រោះថ្នាក់នោះឡើយ ។

ហេតុការណ៍ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៦៤ខ្នង ត្រូវរងការខូចខាតយ៉ាងដំណំ ដោយក្នុងនោះមាន១២ខ្នង បានខូចខាតអស់ ទាំងស្រុងតែម្តង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមេឃខ្មៅអួរអាប់ខ្យល់បក់បោកមកពីទិស ខាងលិច លុះមួយសន្ទុះក្រោយមក ស្រាប់តែមានធ្លាក់ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ហើយរលំដើមឈើអស់ជាច្រើនដើមផងដែរ ។

តាមប្រភពព័ត៌មានបានបន្តទៀតថា អស់រយ:ពេលជិត១ម៉ោង ទើបខ្យល់បានស្ងប់ទៅវិញ តែក៏ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព ដោយអ្នកខ្លះស្រែកទ្រហោយំហៅកូនចៅរត់ទៅជ្រកនៅកន្លែងមានសុវត្ថិភាព ចៀសវាងរបើកស័ង្កសីហើរមកត្រូវ បណ្តាលឱ្យរងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិត ។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងខាងសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពុងនាំគ្នាចុះទៅសួរនាំស្រង់ស្ថិតិអំពីផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ដ៏ខ្លាំងមួយនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ តែទោះបីជាយ៉ាងណា គេមិនទាន់ឃើញមានសេចក្ដីរាយការណ៍ ពីការគ្រោះថ្នាក់ដល់មនុស្ស ឬសត្វ និងការខូចខាតផលដំណាំនៅឡើយទេ ។

សូមបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់បានកើតឡើងនៅក្នុងខេត្តប៉ៃលិននាឆ្នាំ២០១៩នេះ មានចំនួន៣លើកមកហើយ ដែលបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង តែមិនបណ្តាលឱ្យមនុស្សនរណាម្នាក់ស្លាប់បាត់បង់អាយុជីវិតនោះឡើយ គឺគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពខ្លួនឯង ៕









ចែករំលែកព័តមាននេះ