ខេត្តព្រះវិហារ ៖ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរមកលេងកម្សាន្ត អាជ្ញាធរជាតិព្រះវិហារបានកំណត់ចំនួនមនុស្សឡើងទៅទស្សនាទេសភាពលើកំពូលប្រាង្គប្រាសាទកោះកេរ មិនឲ្យលើសពី២០នាក់ឡើយ ក្នុងមួយវេន មានរយៈពេល១៥នាទី ចៀសវាងភ្ញៀវទេសចរឡើងច្រើនលើសកំណត់ងាយប្រឈមនឹងគ្រោះថ្នាក់ដែលកើតឡើងមិនបានដឹងមុន ។
ថ្លែងប្រាប់កោះសន្តិភាពកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ទុយ រ៉ានី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ បានឲ្យដឹងថា នៅពេលដែលភ្ញៀវមកលេងកម្សាន្តក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទកោះកេរ ភ្ញៀវតែងតែឡើងទៅលើកំពូលប្រាង្គប្រាសាទដើម្បីមើលទេសភាព ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរ គឺដោយសារតែជណ្តើរឈើ និងបង្កាន់ដៃឡើងទៅលើកំពូលប្រាង្គប្រាសាទមានសភាពទ្រុឌទ្រោម ហើយនៅពេលមានពិធីបុណ្យជាតិធំៗម្តងៗ ភ្ញៀវទេសចរបានឡើងទៅលើកំពូលប្រាង្គប្រាសាទនោះមានចំនួនច្រើនលើសលប់ ធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាចកើតមានគ្រោះថ្នាក់ណាមួយដែលមិនអាចដឹងជាមុនបាន បើទោះបីជាកន្លងទៅអាជ្ញាធរ ឬឆ្មាំប្រាសាទមានការហាមឃាត់ពួកគាត់យ៉ាងណាក៏ដោយ ។
លោកបន្ថែមទៀតថា នាពេលខាងមុខនេះ អាជ្ញាធរនឹងចាប់ផ្តើមកែលម្អ ជួសជុលជណ្តើរឡើងទៅកាន់កំពូលប្រាង្គប្រាសាទកោះកេរនេះឡើងវិញ ដូច្នេះហើយអាជ្ញាធរបានសម្រេចដាក់ចេញនូវស្លាកសញ្ញាហាមឃាត់ រួមជាមួយលក្ខខណ្ឌផ្សេងៗជាច្រើន និងបានអំពាវនាវធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរគោរពតាមដូចជា ការអនុញ្ញាតឲ្យភ្ញៀវអាចឡើងទៅលើកំពូលប្រាង្គប្រាសាទចំនួន២០នាក់ប៉ុណ្ណោះក្នុង១វេន មានរយៈពេល១៥នាទី ទើបអាចធានាបានសុវត្ថិភាពក្នុងការឡើងចុះ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ គិតត្រឹមរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិមកលេងកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរមានចំនួន ១៩,០៩៤នាក់ កើនឡើង៤៩% និងភ្ញៀវអន្តរជាតិមានចំនួន១១,០៣៤នាក់នាក់ ថយចុះ៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨កន្លងទៅ ៕
ចែករំលែកព័តមាននេះ