កសិករ​ខេត្តព្រះវិហារ​ព្រួយបារម្ភ​ការ​លូតលាស់​ដំណាំ​ដំ​ឡូ​ង​មី​ព្រោះ​មិន​មានទឹក​គ្រប់គ្រាន់


ខេត្តព្រះវិហារ ៖ កសិករ​ប្រកប​របរ​ដាំ​ដុះ​ដំឡូង​មី​ខេត្តព្រះវិហារ​នៅ​ដើមរដូវ​វស្សា​ឆ្នាំ​នេះ​ពួក​គេ កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​លូតលាស់​ដំណាំ​ប្រភេទ​នេះ ក្រោយ​ពេល​ពួក​គេ​បាន​ដាំ​ដុះ​ជា​បណ្តើរ​ៗ ប៉ុន្តែ​ទឹកភ្លៀង​មិន​ទាន់​បាន​ធ្លាក់​គ្រប់គ្រាន់​នៅឡើយ​ធ្វើ​ឲ្យ​ដំណុះ​ដំឡូង​មី​មិនសូវ​បាន​ល្អ ។

លោក​អ៊ឹម សំ​អ៊ុ​ន ជា​កសិករ​រស់នៅ​ភូមិ​អូរ​ខ្លែង ពណ៌​ខាងលិច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ​បាន​លើក​ឡើង​ថា ការ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​អាច​ចាប់ផ្តើម​ដាំ​ដុះ​ចាប់ពី​ពាក់កណ្តាល​ខែមីនា​តទៅ ដោយ​ផ្អែក​លើ​កម្រិត​ទឹកភ្លៀង​ធ្លាក់​មក ប៉ុន្តែ​គិត​មក​ដល់​ខែមេសា ឆ្នាំ​២០១៩​នេះ​ទឹកភ្លៀង​នៅ​ខេត្តព្រះវិហារ​បាន​ធ្លាក់​មក​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ដំណាំ​ប្រភេទ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​ទឹកភ្លៀង​បាន​ធ្លាក់​ច្រើ​ម​គួរសម​នឹង​អាច​ឲ្យ​ដំណាំ​នេះ​លូតលាស់​បាន​ល្អ ។

លោក​ក៏​បាន​សម្តែង​នូវ​កង្វល់​យ៉ាង​ខ្លាំង ប្រសិនបើ​ទឹកភ្លៀង​មិន​ធ្លាក់​មក​ទៀត​នោះ​ដំណាំ​របស់ គាត់​នឹង​ប្រឈម​ការ​លូតលាស់​មិន​បាន​ល្អ ដោយសារ​តែ​សំណើម​ដី​មិន​បាន​គ្រប់គ្រាន់ ដូច្នេះ ហើយ​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ទិន្នផល​ដំឡូង​មី​របស់​ពួក​គាត់​អាច​នឹង​ធ្លាក់​ចុះ ។
ទោះជា​បែប​នេះ​ក្តី​កសិករ​រូប​នេះ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ពួក​គេ​បន្ត​ដាំ​ដុះ​ដំណាំ ប្រភេទ​នេះ ដោយសារ​តែ​ចាប់ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ទីផ្សារ​ដំឡូង​មី កំពុង​ហក់​ឡើងថ្លៃ​ឡើង​វិញ​ជា​បណ្តើរ​ៗ នឹង​អាច​ឲ្យ​ពួក​គាត់​ចំណេញ​ច្រើន ក្រោយ​ពេល​ប្រមូល​ផល បើ​ទោះបីជា​ការ​ដាំ​ដុះ​ដំណាំ​នេះ​ជួប​បញ្ហា​ប្រឈម​នានា​ក៏​ដោយ ។

ជាមួយ​គ្នា​នេះ​លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ខេត្តព្រះវិហារ​ទទួល​បាន​ទឹកភ្លៀង​ចាប់ពី​ដើមរដូវ​មក​ដល់​ខែមេសា​នេះ ប្រមាណ​ជា​១០០​មី​លី​ម៉ែត្រ​ប៉ុន​នោះ ដែល​កម្រិត​នេះ​មិន​ទាន់​ល្អ​សម្រាប់​ដំណាំ​ដំឡូង​មី ឬ​ដំណាំ​សណ្តែកបាយ​ឡើយ ព្រោះ​សំណើម​ដី​ក៏​មិន​ទាន់​គ្រប់គ្រាន់ ។ លោក​ថា ប្រសិនបើ​កសិករ​ចាប់ផ្តើម​ដាំ​ដុះ​ពី​ពេល​នេះ​ទៅ​បារម្ភ​ខ្លាច​នៅ​ពេល​២ ឬ​៣​ស​ប្តា​ហ៍​ខាង​មុខ​មិន​មាន​ភ្លៀង​ធ្លាក់​អាច​ធ្វើ​ឲ្យ​ដំណាំ​នេះ​ធ្វើ​ឲ្យ​ដំណុះ​ដំណាំ​នេះ​ងាប់​ទៅ​វិញ ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​រង់ចាំ​ធ្លាក់​ភ្លៀង​ឲ្យ​បាន​សើម​ដី​ល្អ​បន្តិច​សិន​ទើប​ចាប់ផ្តើម​ដាំ​ដំណាំ​នេះ ព្រោះ​វា​អាច​ឲ្យ​ដំឡូង​មី ឬ​សណ្តែកបាយ​លូតលាស់​បាន​ល្អ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៩​នេះ​បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី នៅ​ទូ​ទាំង​៨​ក្រុង​ស្រុក​នៃ​ខេត្តព្រះវិហារ មាន​ប្រមាណ​២​ម៉ឺន​ហិ​កតា បើ​ធៀប​នឹង​ឆ្នាំ​មុន​កើនឡើង​បន្តិច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ