សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​«​ខ្សែក្រវាត់ និង​ផ្លូវ​» នៅ​ទីក្រុង​ប៉េ​កាំ​ង


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​ជា​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​នឹង​កិច្ចប្រជុំ​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ ។ យោង​តាម​កម្មវិធី​នៅ​ក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​» ។

នៅ​ថ្ងៃ​បន្ទាប់​នៅ​ក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ​«​ការ​ជំរុញ​កា​រត​ភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីក​ចម្រើន​» ។ បន្ទាប់​ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ប្រមុខរដ្ឋ​-​រដ្ឋាភិបាល​ផ្សេង​ទៀត​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩ ដែល​នៅ​ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា ។ រយៈពេល​ធ្វើ​ទស្សនៈកិច្ច​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ​លោក​លី យ៉ុ​ង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ​ព្រមទាំង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ។ ក្នុង​កំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន​ព្រមទាំង​គម្រោង​កិច្ច​សហប្រតិបត្តិការ​នានា​ផង​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា សំខាន់​មួយ​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ប៉េ​កាំ​ង ហើយ​ក្នុង​ឱកាស​ដ៏​ឧត្តុ​ង​ឧត្តម​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ទទួល​បាន​នូវ​ការ​ប្រគល់​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ពី​សាកលវិទ្យាល័យ​ប៉េ​កាំ​ង​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ