ប្រទេសកូរ៉េខាងជើង-រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន នាថ្ងៃទី២៤មេសាបានជិះរថភ្លើងមកកាន់តំបន់ស៊ីបេរីរុស្ស៊ី ដើម្បីចូលរួមក្នុងការជួបគ្នាកំពូលលើកដំបូង ពេលក្រុងព្យុងយ៉ាងស្វែងរកពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រនោះ ខណៈមានភាពទ័លច្រកខាងការទូតជាមួយក្រុងវ៉ាស៊ិនតោន លើបញ្ហានុយក្លេអ៊ែរ។
KCNAបញ្ជាក់ថាលោកគីមជុងអ៊ុនបានចាកចេញពីក្រុងព្យុងយ៉ាងតាមរថភ្លើងឯកជនមួយ នាវេលាព្រឹកព្រលឹមថ្ងៃទី២៤មេសា មកកាន់រុស្ស៊ី។ លោកគីមជុងអ៊ុនមកបំពេញទស្សនកិច្ចនៅរុស្ស៊ីនាសប្ដាហ៍នេះ តាមការអញ្ជើញ របស់លោកប្រធានាធិបតីពូទីន។ នឹងមានការពិភាក្សាគ្នានានា ក្នុងឱកាសនៃទស្សនកិច្ចនេះ។ ការជួបគ្នាត្រូវធ្វើនៅក្រុងកំពង់ផែវ្ល៉ាឌីវ៉ូស្តុកនាភាគខាងកើតរុស្ស៊ី ។
នោះនឹងជាការជួបគ្នាកំពូលលើកដំបូងរវាងមេដឹកនាំទាំង២ ចាប់តាំងពីលោកគីមជុងអីុលបិតាលោកគីមជុងអ៊ុន មកជួបជាមួយលោកឌីមីទ្រីម៉េដវេដេវកាលពី៨ឆ្នាំមុនមក។ រុស្ស៊ីថែរក្សាទំនាក់ទំនងមិត្តភាពជាមួយក្រុងព្យុងយ៉ាង ហើយផ្ដល់ជំនួយស្បៀងមួយចំនួន។ លោកពូទីនចាប់តាំងពីយូរមកហើយ បានសម្ដែងពីចេតនាជួបជាមួយលោកគីមជុងអ៊ុន។
ការជួបគ្នារបស់មេដឹកនាំទាំង២កើតមាន មិនដល់២ខែផងក្រោយការជួបគ្នាកំពូលលើកទី២ រវាងលោកគីមជុងអ៊ុននិងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនៅក្រុងហាណូយប្រទេសវៀតណាម ដែលបានបញ្ចប់ដោយពុំសម្រេចបាន កិច្ចព្រមព្រៀងមួយស្ដីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងឡើយ។ នៅក្រុងហាណូយកូរ៉េខាងជើងស្វែងរកឲ្យទទួលបាន ការសម្រាលទណ្ឌកម្មអន្តរជាតិភ្លាមៗ ប៉ុន្តែការចរចាត្រូវបរាជ័យមកពីពុំអាចសម្រេចបានកិច្ចព្រមព្រៀងមួយ។
ការស្ទះនោះប្រហែលជាបណ្ដាលមកពីសម្បទានតិចតួចពេកដែលក្រុងព្យុងយ៉ាងត្រៀមធ្វើ។ បរាជ័យនោះនាំឲ្យមានការសង្ស័យលើច្រកចេញខាងការទូតដែលបានជម្រុញ១ឆ្នាំមកហើយ។ ម្យ៉ាងទៀតក្រុងព្យុងយ៉ាងទើបនឹងផ្លោងពាក្យពេចន៍ខ្លាំងៗដាក់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMIKE POMPEO។ កូរ៉េខាងជើងស្នើចាកចេញពីការចរចាស្ដីពីនុយក្លេអ៊ែរ បន្ទាប់ពីការសាកល្បងអាវុធតាក់ទិកថ្មីមួយជាមួយក្បាលគ្រាប់ដ៏ខ្លាំង។
លោកគីមជុងអ៊ុនធ្លាប់ជួបជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីង៤លើករួចមកហើយអំឡុងពេលតែ១ឆ្នាំ ។ រុស្ស៊ីបានស្នើរួចហើយឲ្យលុបចោលទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ចំណែកសហរដ្ឋអាមេរិកវិញចោទរុស្ស៊ីថា ជួយក្រុងព្យុងយ៉ាងដោយរំលោភបំពានការដាក់ទណ្ឌកម្ម តែក្រុងមូស្គូបានបដិសេធ៕
ចែករំលែកព័តមាននេះ