ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មុន​វិស័យ​ធានា​រ៉ាប់រង រក​ចំណូល​បាន​ជិត​២០០ លាន​ដុល្លារ តែ​នៅ​មាន កម្រិត​ទាប​ធៀប​នឹង ប្រទេស​ក្នុង​តំបន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ធានា​រ៉ាប់រង ដែល​ជា​វិស័យ​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា រកបាន​ចំណូល​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ ខណៈ​ពលរដ្ឋ​កាន់តែ​យល់​ច្បាស់​បន្តិច​ម្ដង​ៗ​ពី​សេវាកម្ម​ធានា​រ៉ាប់រង​ជា​ពិសេស​ទៅ​លើ​ទ្រព្យសម្បតិ្ត​និង​អាយុជីវិត ។ លោក…

រាជធានី​ភ្នំពេញ ៖ វិស័យ​ធានា​រ៉ាប់រង ដែល​ជា​វិស័យ​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា រកបាន​ចំណូល​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ២០១៨ កន្លង​ទៅ ខណៈ​ពលរដ្ឋ​កាន់តែ​យល់​ច្បាស់​បន្តិច​ម្ដង​ៗ​ពី​សេវាកម្ម​ធានា​រ៉ាប់រង​ជា​ពិសេស​ទៅ​លើ​ទ្រព្យសម្បតិ្ត​និង​អាយុជីវិត ។

លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ បាន​មាន​ប្រសាសន៍​ថា សម្រាប់​ប្រទេស​កម្ពុជា វិស័យ​ធានា​រ៉ាប់រង​ធ្លាប់​មាន​ប្រវត្តិ​យូរ​ដែរ​មក​ហើយ តែ​ត្រូវ​បាន​បាត់​ទៅ​វិញ នៅ​សម័យ​សង្គ្រាម និង​ទើបតែ​កកើត​ឡើង​វិញ នៅ​ក្រោយ​សម័យ​សង្គ្រាម ដូច្នេះ​ហើយ​ទើប​វិស័យ​នេះ​ហាក់​នៅ​ក្មេងខ្ចី ដែល​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា មិន​ទាន់​យល់​ច្បាស់​ពី​សេវាកម្ម​នេះ ។ លោក​បន្ថែម​ទៀត​ថា « វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ទើបតែ​មាន​ប្រវត្តិ​ខ្លី តែ​វិស័យ​នេះ​គេ​មើលឃើញ​ថា​មានការ​រីក​ចម្រើន ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ វិស័យ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សម្រេច​បាន​កំណើន​ប្រមាណ​១៥​ទៅ​២០​ភាគរយ តែ​មាន​ឆ្នាំ​ខ្លះ​បាន​ឡើង​ដល់ ៣០​ភាគរយ​ឯណោះ » ។

លោក​បន្ត​ថា​ក្នុង​ឆ្នាំ ២០១៨ ទាំងមូល​វិស័យ​ធានា​រ៉ាប់រង​រកបាន​ចំណូល​ប្រមាណ​១៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​អាច​និយាយ​ថា​ប្រហាក់ប្រហែល​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំនួន​នេះ​បើ​យើង​គិត​មក​លើ​តែ​ប្រទេស​កម្ពុជា យើង​គិត​ថា​វា​មាន​ទំហំ​ធំ តែបើ​ធៀប​នឹង​ប្រទេស​ជិតខាង ឬ ប្រទេស​ក្នុង​តំបន់​អាស៊ាន ទំហំ​ទឹកប្រាក់​ប៉ុណ្ណេះ នៅ​មាន​ទំហំ​តូច​នៅឡើយ ។ ជាក់ស្ដែង​នៅ​ប្រទេស​វៀតណាម វិស័យ​ធានា​រ៉ាប់រង​គេ អាច​រកបាន​ចំណូល​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​នៅ​ប្រទេស​ថៃ​វិញ វិស័យ​នេះ​រក​ចំណូល​បាន​ដល់​ទៅ​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​បើ​នៅ​ប្រទេស​សឹ​ង្ហ​បុរី​វិញ​មាន​ទំហំ​ដល់​ជាង​៨​ពាន់​លាន​ដុល្លារ ម៉ា​ឡេ​ស៊ី ប្រមាណ​១៧ ឬ​១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។លោក​បន្ត​ថា «​ទោះបីជា​កម្ពុជា​រក​ចំណូល​បាន​ត្រឹមតែ ២០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង វិស័យ​ធានា​រ៉ាប់រង​នេះ​ក៏​ដោយ តែ​កម្ពុជា បាន​ងើប​ផុត​ពី​ប្រទេស​បាត​តារាង ក្នុង​វិស័យ​ធានា​រ៉ាប់រង​មក​ជា​ប្រទេស​លំដាប់​ទី​៦ ដោយ​កម្ពុជា​នៅ​លើ​ប្រទេស​ឡាវ ព្រុយ​ណេ មី​យ៉ា​ន់​ម៉ា​ផង​ដែរ » ។

លោក​បន្ត​ទៀត​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បុព្វលាភ​រ៉ាប់រង​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ដោយ​ដំបូង​ឡើង​អតិថិជន​ដែល​ប្រើ​សេវា​ធានា​រ៉ាប់រង​ជា​អតិថិជន​លក្ខណៈ ក្រុមហ៊ុន រោងចក្រ និង​អង្គការ​ជាដើម ហើយ ភាគច្រើន​ជា​ជនបរទេស ។ ប៉ុន្តែ​ពេល​នេះ​វិស័យ​ធានា​រ៉ាប់រង ចាប់ផ្ដើម​មាន​អតិថិជន​ជា​លក្ខណៈ​បុគ្គល ហើយ​ពលរដ្ឋ ក្នុងស្រុក​ក៏​បាន​យល់​ដឹង និង​ទិញ​សេវា​ធានា​រ៉ាប់រង​ក៏​ច្រើន​ដែរ ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ វិស័យ​ធានា​រ៉ាប់រង​ក៏​មានការ​ប្រកួតប្រជែង​ដូច​គ្នា​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ដែរ ដូច​ជា​ការ​ប្រកួត​ទៅ​លើ​សេវាកម្ម និង​តម្លៃ​ដែល​អតិថិជន​អាច​ទទួល​បាន និង​ការ​ប្រកួតប្រជែង​ទៅ​លើ​សំណង​ជាដើម ។ លោក​ថា​៖ ធានា​រ៉ាប់​រ៉​ង​គឺជា​ការ​ទិញ​កិច្ចសន្យា​និង​មាន​ក្រដាស ហើយ​បើសិនជា​ក្នុងអំឡុងពេល​កិច្ចសន្យា​នោះ ភាគី​អ្នកទិញ​មិន​មាន​អ្វី​កើតឡើង កិច្ចសន្យា​នោះ គ្រាន់តែ​ជា​ក្រដាស​ធម្មតា​ប៉ុណ្ណោះ មិន​មាន​តម្លៃ​អ្វី​ឡើយ ហើយ​បើសិនជា​អំឡុង​ពេល​កិច្ចសន្យា​មាន​សុពលភាព តើ​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​នោះ យក​មក​អនុវត្តន៍​បាន​សម​ស្រប​ដែល​ឬ​អត់ នេះ​ក៏​ជា​ការ​ប្រកួតប្រជែង​ធំ​មួយ » ។

លោក​បញ្ជាក់​ថា​សម្រាប់​បញ្ហា​ប្រឈម របស់​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា បច្ចុប្បន្ន​នេះ គឺ​កត្តា​ជីវភាព​របស់​ពលរដ្ឋ និង​ប្រព័ន្ធ​ច្បាប់ ។ លោក​ថា​៖« ពលរដ្ឋ​អាច​ទិញ​ធានា​រ៉ាប់រង​សម្រាប់​ប្រើប្រាស់​លុះត្រាតែ​ពួក​គាត់​មាន​ទ្រព្យសម្បតិ្ត​ច្រើន​និង​ធំ​សម្រាប់​ពួក​គាត់ តែ​បើសិនជា​ពួក​គាត់​មិន​ទាន់​មានទ្រព្យ តើ​ពួក​គាត់​ទិញ​ធានា​រ៉ាប់រង​សម្រាប់​ធានា​អ្វី ។ ម្យ៉ាងទៀត​ប្រព័ន្ធ​ច្បាប់​ក៏​ជា​កត្តា​សំខាន់​មួយ​សម្រាប់​ជំរុញ​អោយ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា មាន​កំណើន​ឬ​អត់​ដែរ ។ ជាក់ស្ដែង​នៅ​ពេល​ដែល​មនុស្ស​មាន​បញ្ហា​វិវាទ​អ្វីមួយ ជំ​ហ៊ាន​ដំបូង​ពួក​គេ​គឺ​ត្រូវរ​ត់រក​ច្បាប់​អោយ​ជួយ ដូច្នេះ​ហើយ​ច្បាប់​ត្រូវ​តែ​សុ​ក្រឹត្យ និង​មិន​លម្អៀង ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​អ្វីមួយ​នោះ » ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​លើក​ឡើង​ថា វិស័យ​ធានា​រ៉ាប់រង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​សរសរ​ស្ដម្ភ​នៃ​វិស័យ​ហិរញ្ញវត្ថុ ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៦-២០២៥ ដែល​ក្នុង​នោះ សកម្មភាព​អាទិភាព​ចម្បង​ៗ​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់ ដូច​ជា​ការ​លើកកម្ពស់​បរិស្ថាន បទបញ្ញត្តិ កាន់តែ​ប្រសើរ ការ​ពង្រឹង​យន្តការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទីផ្សារ​ឱ្យ​កាន់តែ​មាន ស្តង់ដារ​ខ្ពស់​ស្រប​តាម​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ