ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ព​ន្ធបាត់​ខ្លួន​ច្រើន​ថ្ងៃ ប្តី​កាន់​រូបថត​ដើរ​សួរ​គេឯង

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ពិការ​ដោយ​ស្វិត​ជើង​ម្ខាង​រស់នៅ​ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​ម្នាក់ បាន​កាន់​រូបថត​ជា​ច្រើន​សន្លឹក​សួរ​គេឯង ដើម្បី​ស្វែង​រក​ប្រ​ព​ន្ធ ក្រោយ​ពី​ស្ត្រី​ជា​ប្រ​ព​ន្ធបាន​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹង​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​​ហើយ​នោះ​។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​ពិការ​ដោយ​ស្វិតជើង​ម្ខាង​ខាងលើ​នេះ​ឈ្មោះ តាំង គឹ​ម​ស្រ៊ា​ង…

ខេត្តក្រចេះ ៖ បុរស​ពិការ​ដោយ​ស្វិត​ជើង​ម្ខាង​រស់នៅ​ក្នុង​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​ម្នាក់ បាន​កាន់​រូបថត​ជា​ច្រើន​សន្លឹក​សួរ​គេឯង ដើម្បី​ស្វែង​រក​ប្រ​ព​ន្ធ ក្រោយ​ពី​ស្ត្រី​ជា​ប្រ​ព​ន្ធបាន​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹង​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​​ហើយ​នោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​ពិការ​ដោយ​ស្វិតជើង​ម្ខាង​ខាងលើ​នេះ​ឈ្មោះ តាំង គឹ​ម​ស្រ៊ា​ង ហៅ​ញ៉េ​ប អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មេ​សា នេះ​ថា ប្រ​ព​ន្ធ​របស់​គាត់​ឈ្មោះ សួន សុ​ភ័​ណ្ឌ អាយុ​៣៨​ឆ្នាំ បាន​ចេញ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ (​ថ្ងៃ​ទី​១៧ មេ​សា​) មក​ម្ល៉េះ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​នៅឡើយ​ទេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ការ​បាត់​ខ្លួន​របស់​ប្រ​ព​ន្ធ​​នេះ គឺ​គាត់​សង្ស័យ​ថា​ជា​អំពើ​ផិតក្បត់ ដោយ​ប្រ​ព​ន្ធ​របស់​គាត់​អាច​នឹង​រត់​តាម​មនុស្ស​ប្រុស​ម្នាក់​នៅ​ក្នុងភូមិ ។

តាម​ប្រភព​ដដែល​បាន​រៀបរាប់​ថា គ្រួសារ​របស់​គាត់​មានកូន​ចំនួន​៦​នាក់ (ក្នុង​នោះ​ស្រី​ចំនួន​៣​នាក់) កំពុង​តែ​ទន្ទឹងរង់ចាំ​មើលផ្លូវ​ម្តាយ​​ពួក​គេ​ ក្រោយ​បាត់​ពី​ផ្ទះ​គ្មាន​ដំណឹង​អស់​រយៈពេល​ជិត​១០​ថ្ងៃ​មក​ហើយ​នោះ​។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​និយាយ​ថា ទោះបីជា​រូប​គាត់​ពិការ​ដោយ​ស្វិតជើង​ម្ខាង តែ​គាត់​ខិតខំ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹម​ប្រ​ព​ន្ឋ​កូន​។ គាត់​ស្រឡាញ់​ប្រ​ព​ន្ធ​និង​កូន មិន​ដែល​មាន​ទំនាស់​ទាស់ទែង​គ្នា​ធ្ងន់ធ្ងរ​នោះ​ទេ​។ ដោយសារ​តែ​ភាព​ស្រឡាញ់​ថ្នាក់ថ្នម ទើប​ប្រ​ព​ន្ឋ​របស់​គាត់​នៅផ្ទះ​មិន​ធ្វើ​អ្វី​ធ្ងន់ធ្ងរ​ក្រៅពី​តុបតែង​ខ្លួន​និង​មើលថែ​កូន​ៗ​ឡើយ​។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​មណ្ឌល​គី​រី​មួយ​រយៈ ទើប​មិនដឹង​ថា​ប្រ​ព​ន្ធ​លួច​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ឈ្មោល​ក្នុងភូមិ​។ តែ​រឿង​នេះ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​លួច​ប្រាប់​គាត់​ដែរ តែ​គាត់​ហាក់​មិន​ជឿ​នោះ​ទេ​។ នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ គាត់​និង​ប្រ​ព​ន្ធ​បាន​កើត​មាន​ទំនាស់​តិចតួច​នឹង​គ្នា នៅ​ពេល​ដែល​ស្ត្រី​ជា​ប្រ​ព​ន្ធ​បាន​ដើរ​ផឹកស៊ី​ក្នុងភូមិ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ដោយ​ផឹក​ដេក​ផ្លូវ​មិន​ចូល​ផ្ទះ​។ ក្រោយ​មាន​ទំនាស់​គ្នា​បាន​មួយ​ថ្ងៃ ក៏​ត្រូវរ៉ូវ​គ្នា​វិញ​។ តែ​ក្រោយមក​មួយ​ថ្ងៃ ប្រ​ព​ន្ធរបស់​គាត់​មាន​គំរោង​ផែនការ​ច្បាស់ និង​បាន​ចាក​ចេញពីផ្ទះ​ទៅ​បាត់ ធ្វើ​ឱ្យ​គាត់​និង​កូន​ៗ​ដែល​មិនដឹង​រឿង​អ្វី​នោះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​និយាយ​ថា គាត់​និង​កូន​ៗ​បាន​សម្រេចចិត្ត​កាន់​រូបថត​របស់​ប្រ​ព​ន្ធ​ជា​ច្រើន​សន្លឹក​ឆ្លង​ទូកដរ​មក​ខេត្ត ដើម្បី​សួរ​គេឯង​ស្វែងរក​ប្រ​ព​ន្ធ​។ គាត់​ចង់​ឲ្យ​ប្រ​ព​ន្ធ​របស់​គាត់​វិល​ត្រឡប់​មក​ផ្ទះ និង​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ធ្វើការ​លែងលះ​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ