ការប្រើប្រាស់ ថែបប្លេត និងស្មាតហ្វូនក្នុងចំណោមកុមារដែលមានអាយុក្រោម១ឆ្នាំបានក្លាយជាបញ្ហាដ៏ធំមួយក្នុងជំនាន់ថ្មីនេះ ។ ការសម្លឹងស្គ្រីនជាច្រើនម៉ោងអាចបង្កការប៉ះពាល់ដល់ការលូតលាស់ផ្នែកផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ។
វេជ្ជបណ្ឌិតផ្លូវចិត្តបានឲ្យដឹងថា បញ្ហាក្នុងការគិត ធ្វើចលនា និងសាច់ដុំមួយចំនួនត្រូវបានកើតមានឡើងជាពិសេសក្នុងចំណោមកុមារក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ។ បញ្ហាមួយចំនួនដែលវេជ្ជបណ្ឌិតបានលើកឡើងរួមមានបញ្ហាផ្នែកអាកប្បកិរិយា ជំនាញសង្គម ការសរសេរ និងការមើលជាដើម។
ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដោយកុមារមានការកើនឡើងជារៀងរាល់ថ្ងៃ។ ក្នុងឆ្នាំ ២០១៣ កុមារអាយុក្រោម ២ឆ្នាំប្រមាណ២៨% និងកុមារអាយុរវាង២ទៅ៤ឆ្នាំប្រមាណ ៨០% ប្រើប្រាស់ឧបករណ៍ទំនាងនេះយ៉ាងសកម្ម ។ បច្ចុប្បន្ននេះអត្រានេះបានកើនឡើងដល់ ៩៧% ហើយអាយុនៃការចាប់ផ្តើមប្រើប្រាស់បានធ្លាក់ចុះមកស្មើក្រោម ១ឆ្នាំថែមទៀតផង។
យោងទៅតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះបានឲ្យដឹងដែរថា កំណើននៃពេលវេលាដែលចំណាយនៅពីមុខស្គ្រីនប៉ះពាល់ទាំងសកម្មភាព និងការទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ។ ដោយហេតុដូចនេះ អ្នកស្រាវជ្រាវប្រទះឃើញកុមារដែលមានបញ្ហាជាច្រើនដូចជាបញ្ហាជំនាញសង្គម ការប្រាស្រ័យទាក់ទង និងសមត្ថភាពក្នុងការលេងកីឡាជាដើម ។
អ្នកស្រាវជ្រាវមិនគាំទ្រឲ្យកុមារក្រោមអាយុ៣ឆ្នាំប្រើទូរស័ព្ទដៃឬថាប្លេតទេ ហើយពួកគេផ្តល់យោបាល់ឲ្យកុមារដែលមានអាយុលើសពី៣ឆ្នាំប្រើឧបករណ៍ទាំងនេះច្រើនបំផុតត្រឹម ១ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ។ កុមារក៏គួរតែបញ្ឈប់រាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូណិចយ៉ាងតិចមួយម៉ោងមុនពេលចូលដំណេកដែរ ។
វាពិតជាសំខាន់ណាស់សម្រាប់កុមារក្នុងការទទួលបានការសម្រាកគ្រប់គ្រាន់ ។ ផ្ទុយមកវិញ ការចំណាយពេលវេលាធ្វើសកម្មភាពដែលសមរម្យសម្រាប់កុមារអាចពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងឪពុកម្តាយ និងបរិស្ថានជុំវិញខ្លួនជាដើម ៕
ចែករំលែកព័តមាននេះ